អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកព្រមាន កូរ៉េខាងជើង នឹងរងផលវិបាកខ្លាំងឡើង បើមិនប្តូរទង្វើបស់ខ្លួន
10, Mar 2023 , 12:07 pm        
រូបភាព
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក។ រូបភាព AFP
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក។ រូបភាព AFP
កូរ៉េខាងជើង នឹងបន្តប្រឈមផលវិបាកខ្លាំងឡើង រហូតទាល់តែមានការផ្លាស់ប្តូរកាយវិការរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែមីនា។ ការអះអាងរបស់លោក Ned Price ធ្វើឡើងក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ជាថ្មីទៅសមុទ្រលឿង។

 
កូរ៉េខាងជើង នៅថ្ងៃទី៩ ខែមីនា បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៅក្នុងសមុទ្រលឿន។ នេះជាការបាញ់មីស៊ីលប៉ាលីស្ទិកលើកទី៤ នៅក្នុងឆ្នាំ២០២៣ ខណៈពេលអាម៉េរិក និងកូរ៉េខាងត្បូង តែងធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់។ 
 
ក្រោយការបាញ់មីស៊ីលខាងលើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្តប្តេជ្ញាក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន។ លើសពីនេះ អាម៉េរិក ក៏បានព្រមានកូរ៉េខាងជើងផងដែរ ប្រសិនបើមិនផ្លាស់ប្តូរកាយវិការបង្ករឿងរបស់ខ្លួន។ 
 
«យើងនឹងស្វះស្វែងជាមួយដៃគូរបស់យើងនៅជុំវិញពិភពលោក...ដើម្បីធ្វើឱ្យប្រាកដចំពោះកូរ៉េខាងជើង ដែលផលវិបាក នឹងបន្តកើនឡើងទាល់តែប្រទេសមួយនេះ មានការផ្លាស់ប្តូរកាយវិការរបស់ខ្លួន»។ លោក Ned Price បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែមីនា ដោយបន្តថា ក្រុងវ៉ាស៊ីនតោន ចង់ឃើញក្រុងព្យុងយ៉ាងផ្លាស់ប្តូរកាយវិការរបស់ខ្លួនទៅរកកិច្ចចរចា និងការទូត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកជឿថា មានតែការចរចាប៉ុណ្ណោះ ដែលជួយឱ្យមានដំណើរការពិតប្រាកដ ដើម្បីឈានទៅរកការរំសាយកម្មវិធីនុយក្លេអ៊េររបស់កូរ៉េខាងជើង។ ក្នុងសន្និសីទដដែលនោះ លោក Price ក៏បានរិះគន់ក្រុងព្យុងយ៉ាង ដែលបានបាញ់មីស៊ីល ក្នុងពេលថ្មីៗនេះផង។ 
 
បើតាមលោក Price ការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងបង្កការគំរាមកំហែងដល់ប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។  យ៉ាងណាក៏ដោយ អាម៉េរិកនៅតែសន្យារក្សាកិច្ចចរចាជាមួយកូរ៉េខាងជើង។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានKCNA លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចុះត្រួតពិនិត្យកងកម្លាំងកាំភ្លើងធំ Hwasong ​រួមទាំងការត្រួតពិនិត្យលើការបាញ់មីស៊ីលហ្វឹកហាត់ ដើម្បីបំផ្លាញអាកាសយានដ្ឋានសត្រូវថែមទៀត៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com