កីឡាអន្តរជាតិ
អន្តរជាតិ
រត់ជាន់គ្នាស្លាប់១៣៥នាក់ក្នុងកីឡដ្ឋាន៖ មន្ត្រីបាល់ទាត់ឥណ្ឌូណេស៊ី២រូប ត្រូវកាត់ទោសជាប់គុក១៨ខែ
10, Mar 2023 , 3:29 pm        
រូបភាព
តុលាការឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែមីនា កាត់ទោសមន្ត្រីរៀបចំការប្រកួតកីឡាបាល់ទាត់ចំនួន ២នាក់ឱ្យជាប់ពន្ធនាគារ១៨ខែ បន្ទាប់ពីរកឃើញថាមានការធ្វេសប្រហែសបណ្តាលឱ្យមានហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានរហូតបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុត១៣៥នាក់។



កាលពីខែតុលា ឆ្នាំ ២០២២​ នាការប្រកួតក្រុមរវាងក្រុម ​Arema FC និង Persebaya Sarabaya នៃលីគកីឡាបាល់ទាត់កំពូលឥណ្ឌូណេស៊ី បានបញ្ចប់ទៅក្នុងភាពវឹងវរជាមួយមនុស្សចំនួន ១៣៥នាក់បានស្លាប់ដោយការរត់ជាន់គ្នា។ 
 
ហេតុការណ៍រត់ជាន់គ្នានោះ បានកើតឡើងដោយមនុស្សជាច្រើនបានជាប់គាំងនៅច្រកទ្វារចេញចូលកីឡដ្ឋាន បន្ទាប់ពីព្យាយាមសម្រុករត់ចេញពីកីឡដ្ឋាន ក្រោយមន្ត្រីប៉ូលិសការពារសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូរអ្នកគាំទ្រ។
 
ជុំវិញហេតុការណ៍ដ៏អាក្រកង់នេះ មន្ត្រីរៀបចំការប្រកួតម្នាក់ឈ្មោះ Abdul Haris ត្រូវបានរកឃើញមានទោស ក្រោមបទចោទធ្វេសប្រហែស។
 
ចៅក្រមលោក Abu Achmad Shiddqi Hamsya បាននិយាយក្នុងតុលាការក្នុងទីក្រុង Surabaya ដូច្នេះថា៖«ដោយសារការធ្វេសប្រហែសរបស់ Haris បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើន។ លោក Haris ត្រូវដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ»។
 
ចៅក្រមដដែលនេះក៏ សម្រេចផ្តន្ទាទោសប្រធានផ្នែកសន្តិសុខលោក Suko Sutrisno ពីបទធ្វេសប្រហែសនេះដូចគ្នា ដោយដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ផងដែរ។
 
មន្ត្រីការប្រកួតទាំងពីរនេះ ធ្វើការងារសម្រាប់ក្រុម Arema FC ហើយក៏ត្រូវបានហាមឃាត់ការពាក់ព័ន្ធពីវិស័យបាល់ទាត់ពេញមួយជីវិតថែមទៀតពីសំណាក់សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី។
 
គួររំលឹកថា ក្រោយពីមានហេតុការណ៍ដ៏រន្ធត់នេះកើតឡើងបានជាង ១សប្តាហ៍ ការស៊ើបអង្កេតពីសំណាក់អង្គការសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានរកឃើញថាបញ្ហាចំបងនៃការរត់ជាន់គ្នានេះបណ្តាលមកពីក្រុមន្ត្រីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកសំដៅទៅកាន់ហ្វូងមនុស្សប្រហែលប្រមាណ ៤៥លើក។ ការប្រើប្រាស់កាំជ្រួចភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកទាំងនេះដើម្បីបង្រ្កាបលើហ្វូងមនុស្ស ខុសច្បាប់ដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានហាមឃាត់។
 
មិនត្រឹមតែប៉ុណ្ណោះអ្នកស៊ើបអង្កេតក៏បាននិយាយថាកីឡដ្ឋានបានផ្ទុកមនុស្សលើសចំនួនកំណត់។ ចំពោះការស្វែករកមនុស្សទទួលខុសត្រូវចំពោះហេតុការណ៍ មន្រ្តីប៉ូលិសចំនួន ៣នាក់ក៏រងការចោទប្រកាន់លើការធ្វេសប្រហែសដូចគ្នា ហើយករណីរបស់ពួកគេនឹងកាត់ក្តីនៅពេលបន្តបន្ទាប់ទៀត៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com