ជាតិ
សង្គមជាតិ
សិល្បករ៥រូប រៀបចំព្រឹត្តិការណ៍សហគមន៍សិល្បៈ ដើម្បីឱ្យយុវជនស្វែងយល់ពីការងារសិល្បៈនៅកម្ពុជា
11, Mar 2023 , 9:19 am        
រូបភាព
សិល្បករទាំង៥រូប ដែលរៀបចំព្រឹត្តិការណ៍សហគមន៍សិល្បៈ «តោះ»។
សិល្បករទាំង៥រូប ដែលរៀបចំព្រឹត្តិការណ៍សហគមន៍សិល្បៈ «តោះ»។
ភ្នំពេញ៖ សិល្បករ៥រូប ដែលមានជំនាញសិល្បៈទីទៃពីគ្នា នឹងរៀបចំព្រឹត្តិការណ៍សហគមន៍សិល្បៈ «តោះ» ដែលនឹងធ្វើឡើងនៅថ្ងៃទី១១មីនានេះ។ ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បីបង្ហាញអំពីការងារ និងអាជីពសិល្បៈរបស់សិល្បករទៅកាន់យុវជន ជាពិសេសសិស្សវិទ្យាល័យ។



ព្រឹត្តិការណ៍សហគមន៍ក្រោមទម្រង់ជាពិព័រណ៍ការងារសិល្បៈនេះ ត្រូវបានរៀបចំដោយសិល្បករ ទូតសុឆន្ទៈយុវជនច្នៃប្រឌិត៥រូប ដែលមានបទពិសោធន៍ក្នុងវិស័យសិល្បៈនេះយ៉ាងតិច៥ឆ្នាំ។ សិល្បករទាំងនោះរួមមាន លោក សេម រ៉កឃើ ជាអ្នកចម្រៀង និពន្ធចម្រៀង និងអ្នកនិយាយជាសាធារណៈ, លោក ប៉ុក សំបូរ អ្នកដឹកនាំផ្នែកតុបតែងឆាក ក្នុងវិស័យភាពយន្ត, អ្នកស្រី នាក់ សុផល អ្នកថតរូប, លោក នរោត្ដម រ៉េតវិរៈបុត្រ វិចិត្រករផ្នែកបុរាណនិងសម័យ និងកញ្ញា អែម បញ្ញាទេព អ្នកនិពន្ធ។ 

លោក ប៉ុក សំបូរ តំណាងអ្នករៀបចំព្រឹត្តិការណ៍សហគមន៍សិល្បៈ «តោះ»។ 

លោក ប៉ុក សំបូរ តំណាងអ្នករៀបចំ លើកឡើងថា ព្រឹត្តិការណ៍នេះបង្កើតឡើង គឺដើម្បីបញ្ជ្រាបការយល់ដឹង និងចែករំលែកអំពីសិល្បៈ ដែលពួកគេកំពុងធ្វើទៅកាន់យុវជនដែលជាសិស្សវិទ្យាល័យ។ លោក ប៉ុក សំបូរ ពន្យល់បន្ថែមថា៖«គោលបំណងចម្បង គឺយើងចង់ inspiration [ការបំផុសគំនិត] ឱ្យពួកគាត់(សិស្សវិទ្យាល័យ)ជឿជាក់កាន់តែខ្លាំង និងមានអំណះអំណាងច្បាស់លាស់ថា ការងារសិល្បៈក៏ជាការងារមួយ ដែលមានមុខមាត់ និងប្រាក់កម្រៃ ដូចការងារដទៃដែរ»។ 
 
កម្មវិធីដែលប្រព្រឹត្តទៅនៅសាលពហុបំណង(Kampus) រាជធានីភ្នំពេញនេះ គឺមានការរៀបចំសកម្មភាពដូចជា ការសម្ដែងសិល្បៈ ការចែករំលែកបទពិសោធតែងនិពន្ធ ការថតរូប ការគូរគំនូរ ការបង្ហាញពីដំណើរការនៃការតុបតែងឆាក ការតាំងបង្ហាញស្នាដៃសិល្បៈ និងកិច្ចពិភាក្សាពីសិល្បៈ។ 
 
លោក ប៉ុក សំបូរ រំពឹងថាបន្ទាប់ពីបច្ចុប្បន្នព្រឹត្តិការណ៍សហគមន៍សិល្បៈនេះ គឺលោកក៏ដូចជាសិល្បករឯទៀត ចង់ឃើញយុវជនដែលជាអ្នកបន្តវេនសិល្បៈជំនាន់ក្រោយ កាន់តែមានចំនួនកើនឡើង និងចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជ្រាបសិល្បៈ ទៅក្នុងការអបរំតាំងពីថ្នាក់បឋមសិក្សា។ លោកមានគំនិតសុទិដ្ឋិនិយមថា សិល្បៈ ការជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។ 
 
គួរជម្រាបផងដែរថា ទូតសុឆន្ទៈយុវជនច្នៃប្រឌិតនេះ គឺជាយុវជនមួយក្រុម នៃអង្គការ The Sound Initiatives (TSI) ដែលបានបង្កើតឡើងដើម្បីកសាងភាពជាអ្នកដឹកនាំ និងលើកកម្ពស់កិច្ចសន្ទនា រវាងយុវជន និងតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលអ្នកធ្វើការក្នុងវិស័យឧស្សាហកម្មកែច្នៃកំពុងជួបប្រទះ៕ 
 
 
 
 
 

Tag:
 ThmeyThmey
  សិល្បៈ
  ព្រឹត្តិការណ៍សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com