កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានក្រុម សួន ចាន់ណារ៉ូ នឹងចូលនិវត្តន៍ពីអាជីពបាល់ទះ ក្រោយចប់ស៊ីហ្គេម២០២៣
11, Mar 2023 , 10:04 am        
រូបភាព
កីឡាករបាល់ទះ សួន ចាន់ណារ៉ូ ក្នុងជំនួបបាល់ទះមិត្តភាពអន្តរជាតិជាមួយយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
កីឡាករបាល់ទះ សួន ចាន់ណារ៉ូ ក្នុងជំនួបបាល់ទះមិត្តភាពអន្តរជាតិជាមួយយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
ដោយ:
សួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា និងជាអ្នកទទួលបាល់ទីពីរ(អ្នកលើកបាល់) ប្រកាសចូលនិវត្តន៍ពីវិស័យកីឡាមួយនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើគកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ បញ្ចប់អាជីពត្រឹមវ័យ២៩ឆ្នាំ ណារ៉ូ ចង់ចំណាយពេលជាមួយគ្រួសារ ស្របពេលកម្លាំងក៏ថមថយ។


 
«ហ្នឹងហើយ! ខ្ញុំចប់ពីស៊ីហ្គេម២០២៣ ហ្នឹងទៅខ្ញុំចូលនិវត្តន៍ហើយ»។ កីឡាករ សួន ចាន់ណារ៉ូ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក ។ ការប្រកាសចូលនិវត្តន៍របស់ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជារូបនេះធ្វើឡើង បន្ទាប់ពីខ្លួនបានរួមរស់ជាង១២ ឆ្នាំជាមួយវិស័យបាល់ទះក្នុងសាលជាមួយក្រុមជម្រើសជាតិក្នុងតំណែងជាអ្នកទទួលបាល់ទី២ (អ្នកលើកបាល់)។
 

កីឡាករ សួន ចាន់ណារ៉ូ (អាវលេខ១៧) ក្នុងជំនួបមិត្តភាពជាមួយក្រុម Cambodia All Star។
 
មូលហេតុដែលណារ៉ូសម្រេចចូលនិវត្តន៍ ព្រោះចង់ទុកឱកាសឱ្យកីឡាករជំនាន់ក្រោយបានបង្ហាញសមត្ថភា និងជាប់រវល់បំពេញភារកិច្ចការងារជាមន្រ្តីរាជការ មួយវិញទៀតនោះ ណារ៉ូ ចង់ផ្តល់ពេលវេលាឱ្យបានច្រើនសម្រាប់គ្រួសារ។ មួយវិញទៀត កីឡាករវ័យ២៩ឆ្នាំរូបនេះ គិតថាខ្លួនថមថយកម្លាំង មិនមានភាពរហ័សរហួនដូចមុន។
 
ក្នុងវិស័យកីឡាបាល់ទះ សួន ចាន់ណារ៉ូ បានចាប់ផ្តើមពីឆ្នាំ២០១២ ដោយប្រកបអាជីពនៅក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ និងបន្តលេងឱ្យក្លិបបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង ដោយបច្ចុប្បន្នប្តូរឈ្មោះមកជាក្លិបបាល់ទះវិសាខា។ ចាន់ណារ៉ូ ជាប់ជម្រើសជាតិជាកម្ពុជាលើកដំបូង នៅឆ្នាំ២០១៥ និងបានចូលរួមប្រកួតកីឡាស៊ីហ្គេម ៣លើកផងដែរ។
 
លើកទី១ នៅឆ្នាំ២០១៧ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ធ្វើនៅប្រទេសម៉ាឡេស៊ី ដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលA។ នៅឆ្នាំ២០១៩ ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ណារ៉ូ ក៏បានចូលរួមជាមួយសមាជិកជម្រើសជាតិកម្ពុជាផងដែរ តែត្រូវធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល លុះដល់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម សួន ចាន់ណារ៉ូ បានរួមចំណែកយ៉ាងធំ ដោយក្រុមកម្ពុជា ទទួលបានមេដាយសំរឹទ្ធលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣-០ សិត(២៥–២៣, ២២–២៥, ២៥–២២,១៣–២៥,១៥–១៣)៕
 

ប្រធានក្រុមបាល់ទះ សួន ចាន់ណារ៉ូ ក្រោយពេលឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣១ ជាមួយមិត្តរួមក្រុម។ រូបពី សួន ចាន់ណារ៉ូ
 


Tag:
 កីឡាបាល់ទះ
 សួន ចាន់ណារ៉ូ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com