អន្តរជាតិ
ក្រោមការផ្ចុងផ្ដើមរបស់ចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់សម្រេចស្ដារទំនាក់ទំនងឡើងវិញ
11, Mar 2023 , 10:30 am        
រូបភាព
អ្នកការទូតចិន វ៉ាង យី (កណ្ដាល) ថតរូបជាមួយលោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ (ឆ្វេង) និងលោក Musaad bin Mohammed Al-Aiban ដែលជាទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត (ឆ្វេង)។ រូបថត Xinhua
អ្នកការទូតចិន វ៉ាង យី (កណ្ដាល) ថតរូបជាមួយលោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ (ឆ្វេង) និងលោក Musaad bin Mohammed Al-Aiban ដែលជាទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត (ឆ្វេង)។ រូបថត Xinhua
អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលជាគូប្រជែងដ៏ធំនៅមជ្ឈិមបូព៌ា សម្រេចស្ដារទំនាក់ទំនងការទូតឡើងវិញហើយក្រោមការសម្របសម្រួលរបស់ចិន។ ការសម្រេចចិត្តនេះ ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ខណៈដែលមហាអំណាចតំបន់ទាំង២ មើលមុខគ្នាមិនត្រូវជាច្រើនឆ្នាំហើយនោះ ហើយវារឹតតែគួរឱ្យភ្ញាក់ផ្អើលថែមទៀតដែលចិនទៅវិញជាអ្នកទាញប្រទេសទាំង២ ឱ្យចាប់ដៃគ្នាឡើងវិញ។

ពីទីក្រុងប៉េកាំង ចិន អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានចេញសេចក្ដីប្រកាសរួមដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅថ្ងៃទី១០ ខែមីនា។ ដោយមានចិនសម្របសម្រួល និងផ្ដល់ទីតាំងចរចា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានឈានដល់ការឯកភាពគ្នាភ្ជាប់ទំនាក់ទំនងឡើងវិញអំឡុងពេល២ខែ ហើយរដ្ឋមន្រ្តីការបរទេសទាំង២ នឹងជួបគ្នាដើម្បីជជែកពីការបញ្ជូនតំណាងប្រចាំប្រទេសទៅវិញទៅមក។
ក្នុងការចរចានៅប៉េកាំងពីថ្ងៃទី៦ ដល់ទី១០ ខែមីនា អ៊ីរ៉ង់ដឹកនាំដោយលោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ឯអារ៉ាប៊ីសាអូឌីតដឹកនាំដោយលោក Musaad bin Mohammed Al-Aiban ដែលជាទីប្រឹក្សាសន្តិសុខជាតិ។
 
បើតាមសេចក្ដីប្រកាសរួម មហាអំណាចតំបន់មជ្ឈិមបូព៌ាទាំង២ ដែលប្រកាសនិកាយខុសគ្នា បានជជែកលើចំណុចខ្វែងគំនិតគ្នា និងឯកភាពគ្នាអនុវត្តតាមច្បាប់អន្តរជាតិដែលមានស្រាប់។ ប្រទេសទាំង២ ក៏អរគុណអ៊ីរ៉ង់ និងអូម៉ង់ដែលផ្ដល់ទីតាំងសម្រាប់ការចរចាកន្លងមក ក៏ដូចជាចិនដែលសម្របសម្រួលដល់ការចរចាចុងក្រោយនេះ។
 
នៅចុងបញ្ចប់នៃកិច្ចប្រជុំ អ្នកការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី ក៏ទៅជួបតំណាងអារ៉ាប៊ីសាអូឌីត ហើយបញ្ជាក់ពីការគាំទ្ររបស់ចិនចំពោះប្រទេសទាំង២។ បើតាមលោក វ៉ាង ការជំរុញទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងនាំដល់សន្តិភាព និងស្ថិរភាពតំបន់ ហើយវាក៏ជាឧទាហរណ៍ដែលប្រទេសមានជំហរខុសគ្នា អាចដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា។
 
«ជាមិត្តទុកចិត្តបានរបស់ប្រទេសទាំង២ ចិននឹងបន្តដើរតួនាទីប្រកបដោយស្ថាបនា។» លោក វ៉ាង ដែលជាសមាជិកការិយាល័យគណៈមជ្ឈិមបក្សកុម្មុយនីស្តចិនបញ្ជាក់បែបនេះ។
 
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ផ្ដាច់ទំនាក់ទំនងការទូតនៅឆ្នាំ២០១៦ បន្ទាប់ទីក្រុងរីយ៉ាដប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីត ដែលធ្វើឱ្យមានបាតុកម្មវាយប្រហារស្ថានទូតអារ៉ាប៊ីសាអូឌីតនៅទីក្រុងតេហេរ៉ង់។ ប្រទេសទាំង២ ក៏គាំទ្រភាគីជម្លោះផ្សេងគ្នាក្នុងជម្លោះក្នុងតំបន់ដូចជានៅយេម៉ែនជាដើម៕
 

Tag:
 ចិន
  អ៊ីរ៉ង់
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com