អន្តរជាតិ
លោក លី ឈាំង ជានាយករដ្ឋមន្រ្តីចិនថ្មី ជំនួសលោក លី ខឹឈាំង​
11, Mar 2023 , 12:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិនថ្មីលោក លី ឈាំង (ស្ដាំ) ចាប់ដៃលោក លី ខឹឈាំង ដែលចូលនិវត្តន៍។ រូបថត AFP
នាយករដ្ឋមន្រ្តីចិនថ្មីលោក លី ឈាំង (ស្ដាំ) ចាប់ដៃលោក លី ខឹឈាំង ដែលចូលនិវត្តន៍។ រូបថត AFP
ដូចការរំពឹងទុក លោក លី ឈាំង មេដឹកនាំលំដាប់ទី២ ក្នុងជួរបក្សកុម្មុយនីស្តចិន ក្លាយជានាយករដ្ឋមន្រ្តីចិនថ្មីហើយ ដោយជំនួសលោក លី ខឹឈាំង ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីអង្គុយកៅអីនាយករដ្ឋមន្ត្រី២អាណត្តិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ក្នុងតំណែងកំពូលនេះ លោក លី ឈាំង ត្រូវចាត់ចែងកិច្ចការសេដ្ឋកិច្ចរបស់ចិន ហើយជំរុញកំណើនឡើងវិញក្រោយជួបបញ្ហាជាច្រើនដោយសារជំងឺកូវីដ-១៩។

 
លោក ស៊ី ជិនភីង នៅថ្ងៃទី១១ ខែមីនា បានចេញក្រឹត្យប្រធានាធិបតីតែងតាំងលោក លី ឈាំង ជានាយករដ្ឋមន្រ្តី បន្ទាប់ពីទទួលបានការយល់ព្រមពីសមាជិកសភាប្រជាជនចិនក្នុងកិច្ចប្រជុំនៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ លោក លី ឈាំង វ័យ៦៣ឆ្នាំ ជំនួសលោក លី ខឹឈាំង ដែលដល់អាណត្តិ។ 
 
លោក លី ឈាំង ដែលជាអតីតលេខាបក្សកុម្មុយនីស្តចិនក្រុងសៀងហៃ ក្លាយជាសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិននាសមាជិកបក្សខែតុលា ឆ្នាំ២០២២ ហើយជាមនុស្សលំដាប់ទី២ បន្ទាប់ពីលោក ស៊ី ទៀតផង។ លោក លី ក៏ត្រូវមើលឃើញថា ជាមនុស្សក្រោមបង្គាប់លោក ស៊ី តាំងពីពេលធ្វើការជាមួយគ្នានៅខេត្តចឺជាំង ដែលពេលនោះ លោក ស៊ី ជាលេខាបក្ស ហើយលោក លី ជានាយកខុទ្ទកាល័យ។ 
 
អ្វីដែលគួរកត់សម្គាល់នោះ លោក លី ឈាំង ក្លាយជានាយករដ្ឋមន្រ្តីពេលនេះទាំងមិនដែលកាន់តំណែងឧបនាយករដ្ឋមន្រ្តី ឬតំណែងធំៗក្នុងជួររដ្ឋាភិបាលឡើយ។ នាយករដ្ឋមន្រ្តីមុនមានលោក លី ខឹឈាំង លោក វេន ចាប៉ាវ និងលោក ជូ រុងឈី ជាដើមសុទ្ធតែមានបទពិសោធជាឧបនាយករដ្ឋមន្រ្តី មុនឈានដល់តំណែងនាយករដ្ឋមន្រ្តី។
 
យ៉ាងណាមិញ ការដឹកនាំទីក្រុងសៀងហៃដែលជាប៉ូលសេដ្ឋកិច្ចដ៏ធំ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាកត្តាអំណោយផលសម្រាប់លោក លី ដែលអាចប្រើប្រាស់បានក្នុងការដឹកនាំសេដ្ឋកិច្ចប្រទេសលំដាប់ទី២ លើលោក។​ ជាមនុស្សជំនិតរបស់លោក ស៊ី ផង លោក លី ឈាំង ក៏ត្រូវមើលឃើញថា អាចមានអំណាចច្រើនលោក លី ខឹឈាំង ក្នុងចាត់ចែងការងាររបស់រដ្ឋាភិបាលផងដែរ។
 
ក្រៅពីតំណែងនាយករដ្ឋមន្រ្តី សភាចិនក៏បោះឆ្នោតជ្រើសរើសតំណែងធំៗរបស់ស្ថាប័នរដ្ឋជាច្រើន។ លោក ចាង យ៉ូវស្យា ​និងលោក ហឺ វៃតុង ជាប់ឆ្នោតជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមដែលមានលោក ស៊ី ជាប្រធាន។ លោក យីង យ៉ុង​ ជាអគ្គរដ្ឋអាជ្ញា ឯលោក ចាង ជុន ជាប្រធានតុលាការកំពូល៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com