កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ខ្សែប្រយុទ្ធឆ្នើម ​PSG ទទួលការវះកាត់របួសសរសៃកជើងជោគជ័យ
11, Mar 2023 , 2:39 pm        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធក្រុម Paris Saint Germain ទទួលបានជោគជ័យក្នុងការវះកាត់របួសដាច់សរសៃកជើងខាងស្តាំរបស់គេហើយ។ នេះបើតាមការប្រកាសរបស់់ក្លិបស្ថិតនៅកំពូលតារាក្របខណ្ឌ Ligue 1 នាថ្ងៃទី១០ ខែមីនា។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១១គ្រាប់រដូវកាលនេះ មិនបានបង្ហាញខ្លួនលេងឱ្យក្រុមក្រោយពីការប្រកួត PSG យកឈ្នះ Lille លទ្ធផល ៤-៣ កាលពីខែកុម្ភៈកន្លងទៅ។ មកដល់ពេលនេះ Neymar ខកខានការប្រកួតក្រុម PSG ចំនួន ៣ប្រកួតរួចហើយ។
 
មុនទទួលការវះកាត់ កាលពីពេលថ្មីៗនេះ Neymar បានបង្ហោះសារលើបណ្តាញសង្គម Instagram ដោយបាននិយាយថារូបគេនឹងវិលត្រលប់មកវិញជាមួយភាពខ្លាំងជាងមុនទៅទៀត បន្ទាប់ពីជាពីរបួស។
 
បើតាមការប្រកាសរបស់ក្លិប PSG អំពីបញ្ហាការវះកាត់ Neymar ៖«​Neymar Jr ទទួលបានជោគជ័យក្នុងព្រឹកនេះនាមន្ទីពេទ្យ Aspetar Hospital ក្នុងទីក្រុងដូហារ។ ឥឡូវកីឡាករកំពុងតែអនុវត្តតាមវិធីនៃការសម្រាកព្យាបាល។»។
 
យ៉ាងណាមិញក្រុមម្ចាស់ការពារតំណែងជើងឯក PSG មិនទាន់បញ្ជាក់ពីការវិលត្រលប់ច្បាស់លាស់នៃខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះឡើយ ក្រោយពីការវះកាត់រួចមក។ កាលពីដើមសប្តាហ៍នេះ PSG បាននិយាយដែរថា កីឡាករវ័យ ៣១ឆ្នាំនឹងអាចត្រូវអវត្តមានដល់ចប់រដូវកាលតែម្តង។
 
Neymar ជួបបញ្ហារបួសកជើងខាងស្តាំទាំងលើកនេះ ជាលើកទី ២ សម្រាប់រូបគេ ។ PSG ធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុម ខណៈក្រុមគ្មានវត្តមាន Neymar Jr។
Neymar មិនបានបង្ហាញខ្លួនលេងក្នុងជំនួប PSG ចាញ់ Bayern Munich ២-០ ឡើយកាលពីថ្ងៃទី៨ ខែមីនា។
 
បច្ចុប្បន្ន PSG ជាក្រុមស្ថិតនៅកំពូលតារាងនៃ Ligue 1 របស់បារាំង ដោយមាន ៨ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ ២ Olympique de Marseille។ ការប្រកួតបន្ទាប់របស់ PSG នឹងត្រូវជួបក្រុម Brest ថ្ងៃទី១១ មីនា៕
 

Tag:
 Neymar Jr
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com