អន្តរជាតិ
អូស្ត្រាលី និងឥណ្ឌាឯកភាពគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិ
11, Mar 2023 , 9:29 pm        
រូបភាព
ពីក្រុងញូវដែលី នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស បានលើកឡើងថា អូស្ត្រាលី និងឥណ្ឌា​បានព្រមព្រៀងគ្នាក្នុងការពន្លឿនភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ និងដើម្បីបង្កើនទំនាក់ទំនងការ​ពារ​ជាតិទ្វេភាគី។

មេដឹកនាំអូស្ត្រាលី អាន់តូនី អាល់បានីស​ កំពុងធ្វើទស្សនកិច្ចនៅឥណ្ឌា ជាមួយគោលដៅបង្កើនល្បឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងយោធា។
 
កាល​ពី​ឆ្នាំ​មុន ឥណ្ឌា និងអូស្ត្រាលីបាន​ចុះ​ហត្ថលេខាដើម្បីចរចា​​​កិច្ច​ព្រម​ព្រៀង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម (ECTA) ដែល​ជា​កិច្ចព្រមព្រៀង​លើក​ដំបូង​របស់​ឥណ្ឌា​ជាមួយ​នឹង​ប្រទេស​អភិវឌ្ឍន៍​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ការចរចាលើកិច្ចព្រមព្រៀងជាប់គាំង។
 
«​យើង​ក៏​បាន​យល់ព្រម​លើ​ការ​បញ្ចប់​ជំហានដំបូង​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ដ៏​មាន​មហិច្ឆតា​របស់​យើង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​អាច​សម្រេច​បាន​នៅ​ឆ្នាំ​នេះ​»។ លោក អាល់បានីស បានប្រាប់អ្នកសារព័ត៌មានបែបនេះអំឡុងការ​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​​ឥណ្ឌា។ លោកបន្តថា កិច្ចព្រមព្រៀងផ្លាស់ប្តូរនេះនឹងជំរុ​ញឱ្យមាន​សក្ដានុពលពេញលេញនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី បង្កើតឱកាសការងារថ្មីៗ និងការលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនអូស្ត្រាលី និងឥណ្ឌា។
 
នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏អះអាងថា ប្រទេសទាំងពីរបានធ្វើឱ្យមានវឌ្ឍនភាពសំខាន់ និងមានមហិច្ឆតា​ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ ហើយក៏បានពិភាក្សាអំពីបញ្ហា​ប្រែប្រួលអាកាសធាតុដែរ។
 
ពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-អូស្ត្រាលីមានទំហំ២៧,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំហំពាណិជ្ជកម្មមានសក្តានុពលកើនឡើងដល់៥០ពាន់លានដុល្លារ​ក្នុង​រយៈ​ពេល៥ឆ្នាំ៕
 
 

Tag:
 ឥណ្ឌា
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com