កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe, Haaland, Rashford…ស្ថិតក្នុងចំណោមកីឡាអាយុក្រោម២៨ឆ្នាំល្អបំផុតទាំង៥លើលោក
11, Mar 2023 , 8:29 pm        
រូបភាព
កីឡាបាល់ទាត់អាជីពជាធម្មតាត្រូវឆ្លងកាត់វ័យអភិវឌ្ឍដ៏សំខាន់បំផុតអំឡុងអាយុត្រឹម ២០ឆ្នាំ ទៅ២៥ឆ្នាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ វ័យនេះ សំខាន់សម្រាប់កីឡាករអភិវឌ្ឈន៍ និងពង្រឹងបច្ចេកទេសជំនាញរបស់ពួកគេនៅលើទីលាន។

ការកសាងកម្លាំងជារឿងសំខាន់ខ្លាំងបំផុត​​ រួមទាំងការស៊ូទ្រាំនានា ដើម្បីកីឡាករទាំងនោះអាចសម្រេចបាននូវក្តីស្រមៃរបស់ពួកគេនៅក្នុងបាល់ទាត់កម្រិតខ្ពស់។ ជំនួយបន្ថែមពីការពង្រឹងសមត្ថភាពដោយខ្លួនឯង កីឡាករក៏ទទួលបានការបង្វឹកណែនាំពីសំណាក់គ្រូបង្វឹក នៅក្នុងការហ្វឹកហាត់តាមក្លិប ខណៈកីឡាករទាំងនោះត្រូវត្រួសត្រាយផ្លូវប្រកួតប្រជែងនៅកម្រិតពិភពលោកបន្តបន្ទាប់។
 
ខណៈដែលជិតផុតវ័យ ២០ឆ្នាំ កីឡាករបាល់ទាត់ជាច្រើនបានអភិវឌ្ឍពង្រឹងសមត្ថភាពពួកគេ​​ក្លាយជាកីឡាករកម្រិតកំពូលលំដាប់ពិភពលោក ហើយក៏បានក្លាយជាកម្លាំងដ៏សំខាន់តាមក្រុមពួកគេនីមួយៗ និងបន្តជួយក្រុមពួកគេយកឈ្នះក្នុងការប្រកួត ក៏ដូចជាភាពជោគជ័យក្នុងអាជីពជាកីឡាកររបស់ពួកគេ។
 
ខាងក្រោមនេះ គេហទំព័រ Sportskeeda បានចាត់តាំងកីឡាករបាល់ទាត់អាយុក្រោម២៨ឆ្នាំចំនួន ៥រូប ដែលល្អបំផុតលើលោកនាពេលបច្ចុប្បន្នេនះ៖
 
១. Kylian Mbappe វ័យ ២៤ឆ្នាំ
Mbappe សឹងតែក្លាយជាកីឡាករតែម្នាក់ដែលបានជួយក្រុមជម្រើសជាតិបារាំងជោគជ័យក្នុងព្រឹត្តិការណ៍ FIFA World Cup ២លើកជាប់គ្នាទៅហើយកាលពីឆ្នាំ​ ២០២២ កន្លងទៅ។ ទោះជារកបាន ៣គ្រាប់នៅការប្រកួតផ្តាច់ព្រ័ត្រទល់អាហ្សង់ទីន ប៉ុន្តែគ្រោងការរបស់គេដើម្បីឈ្នះពាន ២លើកជាប់គ្នាបានបរាជ័យ ប៉ុន្តែ Mbappe ​នៅតែជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេឈ្នះរង្វាន់ The Golden Ball។
 


បច្ចុប្បន្ន Mbappe កំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យបំផុតមួយសម្រាប់ Paris Saint Germain បើទោះក្រុមយក្សបារាំងធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមក្តី។ កីឡាករបារាំងរូបនេះមិនថមថយក្នុងការស្វែងរកគ្រាប់បាល់ឡើយ ខណៈរូបគេក៏ជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេនៅ Ligue 1។ ជាមួយគ្រាប់បាល់ចុងក្រោយប៉ះ Nantes បានជួយឱ្យ Mbappe ក្លាយជាកីឡាករប្រចាំក្លិប PSG ដែលរកគ្រាប់បាល់ច្រើនជាងគេដល់ទៅ ២០១គ្រាប់។ 
 
២. Erling Haaland វ័យ ២២ឆ្នាំ
Haaland បច្ចុប្បន្នជាកីឡាករម៉ាស៊ីនរកគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុម Manchester City និងពីមួយឆ្នាំទៅមួយឆ្នាំ Haaland បង្ហាញសមត្ថភាពដ៏ខ្លាំងនេះចាប់តាំងពីក្រុមនៅទឹកដីអូទ្រីសមកម្ល៉េះ។ រដូវកាល ២០២២-២៣​ Haaland ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុង Premier League វ៉ាដាច់កីឡាករស្បែកជើងមាសរដូវកាលចាស់ដែលរកបាន ២៣គ្រាប់ ប៉ុន្តែកីឡាករវ័យ ២២ឆ្នាំរកបានចំនួន ២៧គ្រាប់រួចហើយ។
 
កាលពីពេលមកចូលរួម Man City ដំបូង Haaland ហាក់រងការរិះគន់មួយចំនួនទាក់ទងនឹងការសម្របខ្លួននៅទឹកដីអង់គ្លេស ផ្ទុយស្រឡៈ កីឡាករវ័យក្មេងរូបនេះក៏បានឆ្លើយតបដោយការបង្ហាញថាខ្លួនជាម៉ាស៊ីនស៊ុតរកគ្រាប់បាល់ដ៏ល្អបំផុតនៅទឹកដីអង់គ្លេសនាពេលនេះ។
  


៣. Victor Osimhem វ័យ ២៤ឆ្នាំ
Victor តាមពិតទៅរូបគេទើបតែប្រកាសការមកដល់របស់គេរដូវកាលនេះតែប៉ុណ្ណោះ កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ កំពុងស្ថិតក្នុងទម្រង់លេងមួយដ៏ខ្លាំងនិងជាកម្លាំងសំខាន់បំផុតសម្រាប់ក្រុម SSC Napoli ទាំងនៅការប្រជែងក្នុងលីគ និង Champions League។ 
 
កីឡាករវ័យ ២៤ឆ្នាំ កំពុងក្លាយជាគោលដៅសម្លឹងឃើញពីសំណាក់ក្លិបធំៗប្រចាំតំបន់អឺរ៉ុប ហើយរដូវកាលនេះជាមួយ Napoli ក្រុមកំពូលតារាង Serie A រូបគេរកបានចំនួន ២១គ្រាប់ហើយពីការបង្ហាញខ្លួន ២៦លើក។



៤. ​Khvicha Kvaratskhelia វ័យ ២២ឆ្នាំ
Khvicha បានជ្រាតខ្លួនចូលក្នុងនាមជាតារាបាល់ទាត់ក្នុងរដូវកាល ២០២២-២៣ នេះ ជាកីឡាករម្នាក់ដែលពោរពេញទៅដោយតិចនិចខ្ពស់ និងបច្ចេកទេសដ៏មានគុណភាព និងផ្តោតអារម្មណ៍ខ្លាំងលើការប្រកួត រូបគេបានជួយក្រុម SSC Napoli យ៉ាងខ្លាំងក្នុងការប្រជែងកម្រិតពិភពលោក។ 
 
បច្ចុប្បន្ន ​Napoli មាន ១៥ពិន្ទុដាច់នៅកំពូលតារាងធ្វើឱ្យក្រុមដទៃពិបាកក្នុងការតាម អរគុណដល់កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះដែលតែងរួមចំណែកបង្កើតឱកាសរកគ្រាប់បាល់ និងការស៊ុតរកគ្រាប់បាល់សម្រាប់ក្លិប។ 
  


៥. Marcus Rashford វ័យ ២៥ឆ្នាំ 
Rashford ដែលបាត់បង់នូវភាពខ្លាំងរបស់ខ្លួនរយៈពេលជាង ២រដូវកាល បានរកឃើញចំណុចពិសេសខ្លួនមកវិញអំឡុងព្រឹត្តិការណ៍ World Cup បន្ទាប់មកវិលមក Man Uniited វិញរូបគេក៏បានក្លាយជាកីឡាករដ៏សំខាន់មួយក្នុងក្រុមរបស់លោក Erik ten Hag។ 
 
ចាប់តាំងពី World Cup មក ការប្រកួតនានារបស់បិសាចក្រហម Rashford ដើរតួរយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់ និងជ័យជម្នះដល់ក្រុម។ កាលពីពេលថ្មីៗនេះ រូបគេបានជួយក្រុមឈ្នះពានរង្វាន់ EFL Cup ដែលជាពានរង្វាន់ដំបូងសម្រាប់ក្រុម ក្រោយខកខានជាង ៦ឆ្នាំរួចមក។ រដូវកាលនេះបង្ហាញខ្លួន ៤០ប្រកួតគ្រប់កម្មវិធីប្រកួត Rashford រកបាន ២៥គ្រាប់ហើយឱ្យ Man Utd៕


 
 
 

Tag:
 កីឡាករបាល់ទាត់
  Top 5
© រក្សាសិទ្ធិដោយ thmeythmey.com