ជាតិ
ធ្លាប់​បាក់ទឹកចិត្ត! យុវតីជនជាតិដើមភាគតិច លេក ការី ចង់​រៀន​ជំនាញចិត្តវិទ្យា ដើម្បីជួយអ្នកជុំវិញខ្លួន
11, Mar 2023 , 7:59 pm        
រូបភាព
យុវតី លេក ការី៖ នឹងរៀនជំនាញចិត្តវិទ្យាដើម្បីជួយអ្នកជុំវិញខ្លួន។
យុវតី លេក ការី៖ នឹងរៀនជំនាញចិត្តវិទ្យាដើម្បីជួយអ្នកជុំវិញខ្លួន។
ដោយ:
ភ្នំពេញ៖ យុវតី លេក ការី ជាជនជាតិដើមភាគតិចព្រៅ មានបំណងរៀនជំនាញចិត្តវិទ្យា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅក្នុងខេត្តរតនគិរី។ ការី គិតថាជំនាញនេះ ត្រូវចំណង់ចំណូលចិត្ត និងជំនាញរបស់នាង ពិសេសអាចជួយដល់យុវតី និងមនុស្សជាច្រើនឱ្យចាកចេញពីភាពមន្ទិលអតីតកាល។

មាន​វ័យ​១៩ឆ្នាំ លេក ការី ជាក្មេងស្រីជនជាតិដើមភាគតិចព្រៅ រស់នៅក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ យុវតី​ជន​ជាតិ​ដើម​ភាគតិច​រូបនេះ​ បាន​ប្រឹងហែលឆ្លងស្ថានភាពបាក់ទឹកចិត្តដែល​បណ្ដាលមកពីគ្រួសារ និងការដាក់បន្ទុករបស់សង្គម រហូតក្លាយមានសមត្ថភាព អាចពង្រឹងស្មារតី ស្វែងយល់ចំណេះដឹងថ្មីៗ និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម។
 
បច្ចុប្បន្ន ការី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមួយកន្លែងនៅក្នុងទីរួមខេត្តរតនគិរី។ ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ការី មាន​ជ្រើសរើស​ជំនាញ១ ក្នុង​ចំណោមជំនាញ​ ៣ ដែល​នាងដៅ​ទុក​រួមមាន ព័ត៌មានវិទ្យា, ទំនាក់ទំនងអន្តរជាតិ និងចិត្តវិទ្យា។​
  
រូបភាព៖ លេក ការី .

យុវតីរូបនេះ អះអាងដូច្នេះ៖ «ខ្ញុំព្យាយាមស្វែងរកខ្លួនឯង ថាចូលចិត្តអ្វី​ ស្រឡាញ់អ្វី មានជំនាញអ្វីដែលអាចធ្វើបានដើម្បីត្រៀម នៅពេលបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២៣។ ពេលនេះ មុខវិជ្ជាមួយដែលជ្រើសក្នុងចំណោមបីគឺ ចិត្តវិទ្យាជាជម្រើសទីមួយសម្រាប់ខ្ញុំ»។
 
ការ​ជ្រើ​សរើស​មុខវិជ្ជាចិត្ត​វិទ្យានេះ មិនមែន​ជារឿង​ចៃដន្យនោះទេ ព្រោះ​ជា​អ្វី​ដែល​នាង​ធ្លាប់ឆ្លងកាត់នូវ​ស្ថានភាពបាក់ទឹកចិត្ត ​និងការរើ​សអើងពីអ្នកនៅជុំវិញ។ ទន្ទឹមនឹង​នេះ នា​ពេល​បច្ចុប្បន្ន យុវតីវ័យ​ក្មេងរូបនេះ មានឱកាសចូលរួមការងារស្ម័គ្រចិត្ត ជួយលើកទឹកចិត្ត តាមរយៈការងារសហគមន៍ និងបណ្ដាញសង្គមជាដើម។ លើសពីនេះ ការី ក៏កំពុងស្ម័គ្រចិត្តលើគម្រោងទប់ស្កាត់ការរៀបការវ័យក្មេង និងការងារសង្គមមួយចំនួនផងដែរ។
  
រូបភាព៖ លេក ការី .

ទម្រាំ​អាច​ស្វែងរក​ខ្លួន​ឯងឃើញ ការី ត្រូវស្ថិតក្រោមគំនាប និងសម្ពោធទាំងនៅសាលា និងក្នុងគ្រួសារអស់រយៈយ៉ាងយូរ។ យុវតីមាឌល្អិតរូបនេះ រម្លឹកបែបនេះ៖ «ខ្ញុំជាកូនស្រីច្បងរស់ក្នុងគ្រួសារនៅជនបទក្នុងខេត្តរតនគិរី។ ឪពុកម្ដាយខ្ញុំមិនចង់ឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ឡើយ។ គាត់គិតថា កូនស្រីមិនគួររៀនច្រើន មិនគួរដើរឆ្ងាយ និងត្រូវតែស្ដាប់បង្គាប់។ គាត់​ធ្លាប់​ឱ្យខ្ញុំឈប់រៀនដើម្បីរៀបការ។ ប៉ុន្ដែខ្ញុំមិនព្រម និងជម្នះ ដើម្បីបានរៀនបន្តរហូតមកបច្ចុប្បន្ន»។
 
បើតាម​យុវតី លេក ការី មានមនុស្សនៅជុំវិញខ្លួននាងមួយចំនួន ក៏បានជួបស្ថានភាពប្រហាក់ប្រហែលនេះដែរ ពេលខ្លះពួកគេពិបាករកអ្នកពិភាក្សា និងរកដំណោះស្រាយរកផ្លូវចេញ។ នាងបន្តថា ប្រសិន​បើ​នាង​​មានជំនាញចិត្តវិទ្យា នាង​នឹង​អាចជួយបានមួយកម្រិតផងដែរ​។
 
ការប្រឹងប្រែងជម្នះការគិតបែបបុរាណរបស់គ្រួសារនាងកន្លងមក បានធ្វើឱ្យយុវតីរូបនេះ មាន​ភាពឯករាជ្យ​លើ​ខ្លួនឯង និង​ចេះពិចារណាក្នុងការសម្រេចចិត្ត មិនថាជាការអប់រំ ឬការចាប់យកឱកាសឡើយ។ ការី​បាន​ចាប់ផ្ដើមធ្វើឱ្យគ្រួសារ និងពលរដ្ឋសហគមន៍មួយចំនួន យល់ និងឱ្យតម្លៃលើការប្រឹងប្រែងសម្រេចក្តីស្រមៃ ដោយ​ចាកចេញពីលំនាំចាស់។ ​
 
«​បច្ចុប្បន្ន ដោយសារខ្ញុំត្រូវបានគេស្គាល់ និងឱ្យតម្លៃច្រើនតាមរយៈការផ្សព្វផ្សាយ ដូច្នេះម្ដាយឪពុកក៏មិនសូវរឹតបន្តឹងដូចមុនដែរ។ ពលរដ្ឋក្នុងសហគមន៍មួយចំនួនបានយកខ្ញុំធ្វើជាគំរូរផងដែរ។ ប៉ុន្ដែទន្ទឹមនេះ ក៏នៅមានអ្នកមួយចំនួននៅតែរើសអើង និងមិនឱ្យតម្លៃខ្ញុំដដែល។ ពួកគាត់ពោលដាក់ខ្ញុំថា ប្រឹងដើរច្រើន ប្រយ័ត្នមានកូនគ្មានប្តី ឬធ្វើការងារស្ម័គ្រចិត្តនេះមិនសល់អ្វីទេ បានត្រឹមដើរ តែគ្មានប្រយោជន៍»។ កញ្ញា លេក ការី ថ្លែងបែបនេះ។
 
យុវតី ការី លើក​ឡើងថា​ មូលហេតុខ្លះពិតជាមិនអាចតម្រូវចិត្ត ឬទៅពន្យល់ឱ្យមនុស្សគ្រប់គ្នាយល់នោះ​ទេ។ ប៉ុន្តែ​អ្វីដែលអាចកែប្រែឱ្យប្រសើរជាងមុន មានតែមួយគត់ គឺនាងត្រូវប្រឹងប្រែងបន្ថែម ដើម្បីសម្រេចលទ្ធផលយកទៅបង្ហាញសាធារណជនទាំងនោះឱ្យបានឃើញផ្ទាល់នឹងភ្នែក។
 
សូមបញ្ជាក់ថា ក្នុង​អំឡុងពេល​រៀនថ្នាក់ទី១២ យុវតី លេក ការី កំពុងធ្វើការងារស្ម័គ្រចិត្តជាមួយអង្គការចំនួនបីរួមមាន អង្គការភ្លែនអន្តរជាតិកម្ពុជា, អង្គការជួយសង្គ្រោះជនងាយរងគ្រោះហៅកាត់ថាSVC និង អង្គការ UNICEF៕
 

Tag:
 ជនជាតិដើមភាគតិច
  លេក ការី
  ចិត្តវិទ្យា
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com