ជាតិ
ពីនេះ ពីនោះ
សត្វកំពកត្រណម ប្រភេទដង្កូវរស់នៅតាមដើមឈើ តែយកកូនលាក់ក្នុងដី
11, Mar 2023 , 6:59 pm        
រូបភាព
កំពកត្រណម បកចេញពីដី
កំពកត្រណម បកចេញពីដី
ដោយ:
ភ្នំពេញ៖ កំពកត្រណម ជាសត្វដង្កូវមួយប្រភេទមានរូបរាងដូចដួង  ដែលរស់នៅតាមដើមឈើ នៅព្រៃភ្នំ។ ទោះទីជម្រកសត្វប្រភេទនេះនៅតាមដើមឈើ តែវាយកកូនដែលទើបពងរួចលាក់ក្នុងដីទៅវិញ។ កូនសត្វនេះ ត្រូវសំងំលាក់ខ្លូនក្នុងសំបករាងមូលដូចបាល់នៅក្នុងដី ចន្លោះពី៣-៥ ខែ ដើម្បីវិវត្តខ្លួនទៅជាសត្វពេញរូបរាង។

សត្វកំពកត្រណម សម្បូរមាននៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម ខេត្តកំពង់ស្ពឺ។ ពលរដ្ឋនៅទីនោះ បានយកកូនរបស់សត្វនេះ ទៅបំពងធ្វើជាអាហារសម្រាប់បរិភោគ។ លោក សឿង ឡាយ ប្រធានសហគមន៍ការពារសត្វព្រៃប្រាំបីមុម បានលើកឡើងថា សត្វកំពកត្រណម រស់នៅតាមព្រៃ និងស៊ីឈើជាអាហារ។ ប៉ុន្ដែពងកូនរបស់វា ត្រូវយកទៅលាក់ក្នុងដី ជម្រៅប្រហែល ៣សង់ទីម៉ែត្រ ពីផ្ទៃលើ។ 
  
លោក សឿង ឡាយ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុម​

« សត្វនេះមិនមែនចេះតែមានទេ។ មានអាចម៍ទន្សោង និងខ្ទីងនៅរដូវរស្សា ទើបខែប្រាំងដើររកមាន។ ពេលរកវា យើងយកចបជីកទៅ បើឃើញជីកប្រហែល៣សង់ទីម៉ែត្រដល់កន្លែងវាហើយ មានដុំមូលដូចជាកូនបាល់ ពេលយកមកបំបែកវាយកកូនខាងក្នុងទៅ។ ឯសំបកដីនោះយកធ្វើជាជីដាក់ដំណាំ»។ នេះជាការពន្យល់ របស់លោក សឿង ឡាយ។ 
 
ប្រធានសហមន៍ការពារសត្វព្រៃប្រាំបីមុមរូបនេះ បន្ថែមថា កំពកត្រណម មានតែអ្នកដើរព្រៃប៉ុណ្ណោះ ដែលស្គាល់។ ចំពោះដំណើរនៃការរកសត្វប្រភេទនេះ មានភាពលំបាក ព្រោះត្រូវរកតាមព្រៃ និងភ្នំ ពិសេសតំបន់ដែលមានទន្សោង។ 

កំពកត្រណម ដែលបកចេញពីដី

លោក សឿង  ឡាយ អះអាងដូច្នេះ៖   « បើចង់រកវាត្រូវដើរតាមព្រៃ ជួនមួយព្រឹករកបានពីឬបីសម្បុកប៉ុណ្ណោះ។ សម្បុកខ្លះមាន ខ្លះអត់ទៀត។ ក្រុមយើងចុះល្បាតតាមព្រៃឃើញចេះតែជីកៗទៅ បើឱ្យដើររកនោះប្រហែលគ្មានទំនេរទេ»៕ 
 
 
 
 

Tag:
 សត្វកំពកត្រណម
© រក្សាសិទ្ធិដោយ thmeythmey.com