កីឡាអន្តរជាតិ
អន្តរជាតិ
សភាលីទុយអានី អំពាវនាវឱ្យមានការហាមឃាត់ប្រទេសរុស្ស៊ី និងបេឡារុស លើការប្រកួតអូឡាំពិក
11, Mar 2023 , 6:29 pm        
រូបភាព
សភាលីទុយអានី ថ្ងៃទី១០ ខែមីនា បានអំពាវនាវទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងស្ថាប័នកីឡាធំៗលើពិភពលោកឱ្យបន្តហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុសពីការប្រកួតកីឡាអន្តរជាតិនានា រហូតសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបញ្ចប់សិន។

សភាលីទុយអានីបានបង្ហាញចលនាប្រឆាំងរបស់ខ្លួន ដោយបាននិយាយថា ប្រសិនបើជ័យជម្នះណាមួយដោយអត្តពលិករុស្ស៊ី និងបេឡារុសទទួលបាននៅកីឡាអូឡាំពិក និងនៅព្រឹត្តិការណ៍កីឡាផ្សេងទៀត ប្រៀបបានជាការគេងចំណេញលើការឃោសនាពីសំណាក់រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុង Minsk។
 
ដើមឆ្នាំ ២០២៣ អ៊ុយក្រែនក៏បានអំពាវនាវឱ្យមានការហាមឃាត់លើអត្តពលិកពីរុស្ស៊ី និងបេឡារុសពីការប្រកួតព្រឹត្តិការណ៍ Paris 2024 បន្ទាប់ពី IOC កាលពីខែមករា បានបើកភ្លើងខៀវអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុសវិលចូលរួមប្រកួតក្រោមរូបភាពទង់ជាតិអូឡាំពិក និងទង់អត្តពលិក។
 
កាលខែកុម្ភៈ ប្រទេសប្រមាណ ៣០រួមមានទាំងអាម៉េរិក អង់គ្លេស និងបារាំង បង្ហាញការគាំទ្រចំពោះការហាមឃាត់នោះ ដែលរុស្ស៊ីបានឆ្លើយតបវិញថា ការហាមឃាត់នេះ ជារឿងមិនអាចទទួលយកបាន។
 
ដោយឡែកកាលពីសប្តាហ៍មុន គណៈកម្មាធិការអូឡាំពិកអាហ្រ្វិក បានអនុម័តសេចក្តីសម្រេចមួយ ដែលគាំទ្រការចូលរួមប្រកួតពីសំណាក់អត្តពលិករុស្ស៊ី និងបេឡារុសក្រោមរូបភាពទង់ជាតិអូឡាំពិក និងទង់អត្តពលិកអន្តរជាតិ៕
 

Tag:
 Olympic 2024
© រក្សាសិទ្ធិដោយ thmeythmey.com