ជាតិ
បទល្មើស និងការនេសាទខុសច្បាប់នៅតំបន់ការពារផ្សោតថយចុះ ក្រោយរឹតបន្តឹងច្បាប់
12, Mar 2023 , 9:29 am        
រូបភាព
សកម្មភាពល្បាតសកម្ម ធ្វើឱ្យបទល្មើស និងការនេសាទខុសច្បាប់ថយខ្លាំងនៅតំបន់ផ្សោត
សកម្មភាពល្បាតសកម្ម ធ្វើឱ្យបទល្មើស និងការនេសាទខុសច្បាប់ថយខ្លាំងនៅតំបន់ផ្សោត
ដោយ:
ភ្នំពេញ៖ បទល្មើសកាន់តែមានតិចទៅៗ ក្រោយរដ្ឋាភិបាលកំណត់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលអាជ្ញាធរ បានបង្កើនការយាមល្បាត ។ ស្របគ្នានេះ  លោក សេង ទៀក ថា ចំណាត់ការ និងការប្រឹងប្រែងថែរក្សា និងការពារធនធានធម្មជាតិដោយម៉ត់ចត់បែបនេះ នឹងអាចរក្សា និងបង្កើនសត្វផ្សោត ត្រីមេពូជ នៅក្នុងតំបន់ឱ្យកាន់ប្រសើរ។

លោក សេង ទៀក ប្រធានអង្គការWWFប្រចាំនៅកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25 ថា តំបន់ការពារសត្វផ្សោត និងត្រីមេពូជនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងកាន់តែមានសុវត្តិភាព បន្ទាប់ពីមានការការពារ និងគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ។ 
 
ប្រធានអង្គការWWFប្រចាំនៅកម្ពុជា   បន្ថែមថា ចាប់ពីដើមឆ្នាំ២០២៣មកដំណើរការនៃការអភិរក្សសត្វផ្សោត និងត្រីមេពូជ នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងមានភាពភាពប្រសើរខ្លាំងដោយគ្មានសត្វផ្សោតស្លាប់ឡើយ។ ទន្ទឹមនេះ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ កូនផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញហែលជាមួយហ្វូង នៅកន្លែងអភិរក្សអន្លង់កាំពី ។
 

កូនផ្សោតដំបូងក្នុងឆ្នាំ២០២៣ ត្រូវបានប្រទះនៅស្រុកចិត្របុរីខេត្តក្រចេះ.រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោកបានបន្ថែមថា ការប្រឹងប្រែងល្បាតទាំងយប់ទាំងថ្ងៃ បូករួមជាមួយការរឹតបន្តឹងច្បាប់សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិកម្រៗនៅក្នុងទឹក ជាសញ្ញានាំទៅរកភាពវិជ្ជមានសម្រាប់ការរស់នៅ និងបង្កកំណើត របស់សត្វផ្សោត និងត្រីមេពូជ ។
« ពេលនេះក្រុមការងារក្នុងអង្គការបូករួមជាមួយអាជ្ញាធរ រួមកម្លាំងល្បាតសកម្ម២៤ម៉ោងលើ២៤ម៉ោង នៅក្នុងតំបន់ការពារផ្សាត និងត្រីមេពូជ រួមទាំងការផ្សព្វផ្សាយ និងពន្យល់បន្ថែមសម្រាប់ពលរដ្ឋនៅតំបន់នោះ។ បើកាលណា តំបន់សត្វរស់នៅមានសុវត្តិភាព នោះហានិភ័យនៃការគំរាមកំហែងជីវិតក៏ត្រូវបានកាត់បន្ថយដែរ»។ នេះជាការលើកឡើងរបស់ លោក សេង ទៀក ។
ប្រធានអង្គការខាងលើបានលើកឡើងថា ក្រៅពីការងារការពារអភិរក្សសត្វ  ក្រុមការងារ និងមន្ត្រីជំនាញត្រូវគិតលើការបណ្ដុះបណ្ដាលជំនាញ និងផ្តល់មុខរបរឱ្យពលរដ្ឋនៅតំបន់នោះ ក្រោយពួកគេ បានបោះបង់របរនេសាទ។ លោកថា ធ្វើបែបនេះដើម្បីឱ្យពលរដ្ឋមានជីវភាពសមរម្យ និងមិនគិតត្រឡប់ទៅរករបរចាស់ ហើយក៏ជាសកម្មភាពជំរុញឱ្យពលរដ្ឋពេញចិត្តក្នុងការចូលរួមការងារការពារ និងថែរក្សាធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ 
  

លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំនៅកម្ពុជា។ រូបភាព៖ លោក សេង ទៀក

លោក សេង ទៀក បន្ថែមដូច្នេះ៖«  សម្បត្តិក្នុងទឹកដូចជាផ្សោត និងត្រីមេពូជនៅក្នុងប្រទេសកម្ពុជា  ពលរដ្ឋគួរសាទរ និងឱ្យតម្លៃ ព្រោះសត្វផ្សោតជារតនៈសម្បត្តិដែលពិភពលោកគ្មាន។ មួយវិញទៀត ផ្សោតអាចជាផ្នែកមួយអាចជួយទាក់ទាញទេសចរណ៍មកពីប្រទេសឆ្ងាយជិតមកទស្សនា និងនាំចំណូលដល់សហគមន៍ រួមជាមួយប្រទេសកម្ពុជាផងដែរ»។ 
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ៕
 
 
 
 

Tag:
 ផ្សោត
  ការការពារ
© រក្សាសិទ្ធិដោយ thmeythmey.com