ជាតិ
​ធ្លាប់ដើរ​លាងចាន​ឱ្យគេ! កញ្ញា អ៊ុក ​លក្ខណា សម្ភីសិក្សាដល់ថ្នាក់​អនុ​បណ្ឌិត នៅ​តិច​ណូ​
12, Mar 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ មាន​វ័យ ២៤ឆ្នាំ កញ្ញា អ៊ុក លក្ខណា កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិតនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ទម្រាំ​មាន​ឱកាស​បន្ត​ការសិក្សា​ដល់​ថ្នាក់​អនុ​បណ្ឌិត យុវតីរូបនេះ បាន​ហែលឆ្លង​ការ​លំបាក​ជាច្រើន ពោល​នាង​ត្រូវ​ចាក​ឆ្ងាយ​ពីផ្ទះ​ ​ដើររត់តុ និង​លាង​ចាននៅ​ភោជនីយដ្ឋានតាំងពីកុមារភាព​​។ លក្ខណា បាន​ឱ្យ​តម្លៃ​ចំណេះវិជ្ជា ដែល​អាច​កែ​ប្រែ​វាសនារបស់នាង។

មាន​ស្រុក​កំណើត​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កញ្ញា អ៊ុក លក្ខណា មាន​ឱកាស​មក​សិក្សា​ថ្នាក់​ឧត្តម​នៅ​រាជធានីភ្នំពេញ ក្រោយ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ ២០១៧។ យុវតីរូបនេះ មក​រស់នៅ​ទីក្រុង​ដ៏​ស៊ីវិល័យ​របស់​កម្ពុជា តែ​ម្នាក់​ឯង ដោយ​មិន​មាន​បង​ប្អូនសាច់ញាតិ​ឡើយ។ ជា​ក្មេង​តស៊ូ​លើ​ការ​សិក្សា​តាំង​ពី​កុមារភាព លក្ខណា មិន​ភ័យ​ខ្លាច​ និង​បាន​ជម្នះ​នូវ​ឧបសគ្គ​ជាច្រើន​ដែល​នាង​បាន​ឆ្លង​កាត់។
 
លក្ខណា បាន​រំឭក​រឿង​ពី​វ័យ​កុមារ​​យ៉ាង​ដូច្នេះ៖ ​«ខ្ញុំចេញពី​ផ្ទះ​ តាំង​ពី​រៀន​អនុ​វិទ្យាល័យ​ ដោយ​សារជីវភាព​ខ្វះខាត។ ខ្ញុំ​ក៏​សុំ​ឪពុកម្ដាយ​ចេញ​ពី​ផ្ទះ កាល​រៀន​​ថ្នាក់​ទី​៩ មករស់នៅ​ក្នុ​ងអង្គការ​មួយ។ មុន​មក​នៅ​អង្គការ​ខ្ញុំ​ ក៏​បាន​រស់នៅ​ភោជនីយដ្ឋានមួយ ដោយជួយ​លាង​ចាន និង​ដើររត់តុ នៅ​ពេលយប់ និង​ថ្ងៃសៅរ៍អាទិត្យ»។ 
  
ក្រុមគ្រួសារកញ្ញា អ៊ុក លក្ខណា

ចាកឆ្ងាយពីផ្ទះនៅស្រុកសង្កែ ដើម្បី​មក​រៀន​នៅ​វិទ្យាល័យ​នេតយ៉ង់ ក្នុង​ក្រុង​បាត់ដំបង បាន​ធ្វើ​ឱ្យ​ឪពុកម្ដាយ​របស់​លក្ខណា បារម្ភពី​ការរស់​នៅ​របស់​កូនផងដែរ។​​ ដើម្បី​ឱ្យ​ឪពុកម្ដាយ​មាន​ទំនុកចិត្ត លក្ខណា ក៏​បាន​ពន្យល់​ និង​នាំ​ឪពុកម្ដាយទៅ​មើល​ដល់​កន្លែង​ស្នាក់នៅ។ 
 
បន្ទាប់​ពី​ចប់​ថ្នាក់​វិទ្យាល័យ លក្ខណា មាន​គោលដៅ​បន្តសិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ក្ដី​ស្រមៃ បូក​ផ្សំ​នឹង​ការ​ប្រឹង​ប្រែង កញ្ញា អ៊ុក លក្ខណា ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​សិក្សានៅ​តិច​ណូ ដោយ​ឥតគិតថ្លៃ ទាំង​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​អនុបណ្ឌិតនៅ​ឆ្នាំ​២០២៣នេះ​។ ​
 
នៅ​ថ្នាក់​បរិញ្ញាបត្រ លក្ខណា បាន​ជ្រើសរើស​​ផ្នែក​ទូរគមនាគមន៍ និង​បណ្ដាញ និង​​ថ្នាក់​អនុ​បណ្ឌិត នាងជ្រើសរើស​ជំនាញ​អេឡិច​ត្រូ​និក។ «កាល​ពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ មាន​អារម្មណ៍ថា ចង់​រៀន​នៅ​តិចណូ។ ចិត្ត​គឺ​ចង់​រៀន​តែ​ម្ដង​ ធ្វើ​ម៉េច​ឱ្យ​ប្រឡងជាប់ និង​បាន​រៀន​នៅទីនោះ»។ នេះជា​ការ​លើក​ឡើង​របស់​ លក្ខណា។


កញ្ញា អ៊ុក លក្ខណា និងមិត្តរួមថ្នាក់
 
ក្នុង​​ពេល​សិក្សា​នៅ​ភ្នំពេញ យុវតី អ៊ុក លក្ខណា ​ត្រូវ​បាន​អង្គការ​មួយ​ផ្ដល់កន្លែង​ស្នាក់ និង​ឧបត្ថម្ភ​ដល់​នាងសម្រាប់​ចំណាយ​លើ​ការ​ហូបចុក​ផ្សេងៗ។ ការ​ផ្ដល់​ថវិកា​ និង​កន្លែង​ស្នាក់នៅនេះ បាន​ជួយ​សម្រួល​ដល់​ជីវភាពរបស់​នាងបានច្រើនផងដែរ។ លក្ខណា រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖«ខ្ញុំ​មក​នៅ​ភ្នំពេញ​ដំបូង ការ​ឧបត្ថម្ភប្រមាណ ២០-៣០ភាគរយបាន​មក​ពី​គ្រួសារ, ៥០ភាគរយ ពី​អង្គការ និង​ប៉ុន្មាន​ទៀត បាន​មកពី​ការបង្រៀន​ពាក់​កណ្ដាល​ម៉ោង និង​ការងារ​ដើរចែក​ខិត្តប័ណ្ណផ្សេងៗ»។​
 
មធ្យោបាយ​ធ្វើដំណើរ​របស់លក្ខណា ទៅ​សិក្សានាពេល​នោះ គឺ​កង់ ​ដែលជា​យានជំនិះមួយជួយ​នាង​ឱ្យ​បាន​រៀន​ចប់ថ្នាក់​បរិញ្ញាបត្រ​​នៅ​ភ្នំពេញ។ ចំពោះ​ការ​ជិះ​កង់ទៅ​រៀន​នេះ លក្ខណា និយាយបែបនេះ៖ «អារម្មណ៍​ផ្ទាល់ ខ្ញុំ​ពិត​ជា​មានមោទកភាព​ ចំពោះខ្លួន​ឯងណាស់។ បើ​ប្រៀប​នឹង​អ្នកដទៃ​ កូនគេ​អ្នក​មាន គឺ​ជារឿង​ធម្មតា​សម្រាប់គេ​។ ក៏​ប៉ុន្តែ​សម្រាប់ខ្ញុំ អ្នក​មាន​ជីវភាព​ខ្វះខាត​ ហើយ​លំបាក យើងអាចចេញ​ពី​ខេត្ត​ឆ្ងាយ​មក​បន្តការសិក្សា។ គឺ​មានមោទកភាព​ណាស់»​។​ 
  
កញ្ញា អ៊ុក លក្ខណា និងមិត្តរួមថ្នាក់ 

យុវតីម្នាក់នេះ តែងតែក្លាហាន​ និង​មាន​ជំនឿ​ចិត្ត​លើខ្លួនឯង ចំពោះ​ការ​សិក្សា។ ការ​សង្វាត​លើការ​សិក្សានេះ ក៏ព្រោះតែ លក្ខណា ចង់ឱ្យ​គ្រួសារ​ចាកឆ្ងាយ​ពី​ភាពក្រីក្រ ដែល​នាង​បាន​ឆ្លងកាត់។ អ្នកខេត្ត​បាត់ដំបងរូបនេះ បាន​មើល​ឃើញ​ពី​ភាព​លំបាក​របស់​ឪពុកម្ដាយ និង​មិន​ចង់​បន្ត​ភាព​លំបាក ដែលខ្វះចំណេះដឹង​បែបនេះឡើយ​។ ចំពោះ លក្ខណា គឺ​ចង់​មាន​អាជីពការងារ​មួយ​ដ៏​ល្អ និង​ច្បាស់លាស់​សម្រាប់​ទៅ​ថ្ងៃ​អនាគត ដែល​អាច​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់ជីវភាព​គ្រួសារ​។ 
 
ជា​កូនទី​៤ ក្នុង​ចំណោម​បង​ប្អូន ៥នាក់ កញ្ញា អ៊ុក លក្ខណា បាន​សិក្សា​ខ្ពស់ជាងគេ ខណៈ​ប្អូនស្រីពៅ កំពុង​សិក្សា​ឆ្នាំទី៣ ផ្នែក​អគ្គីសនី។ «ច្បាស់ណាស់ថា ការ​សិក្សា​ពិត​ជា​មាន​សារសំខាន់​ និង​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង។ កាលណាយើង មាន​ការ​អប់រំ​ខ្ពស់​ ការ​គិត​ល្អ ការ​គិត​វិជ្ជមាន​។ យើង​គង់តែ​មាន​មុខរបរ​ល្អ​មួយ​សម្រាប់​សង្គម និង​គ្រួសារ​ខ្លួនឯង​»។ នេះជា​ការ​អះអាង​របស់​ លក្ខណា ដោយបន្តថា ថ្ងៃមុខ នាង​នឹង​ ទៅធ្វើការនៅគ្រឹះស្ថានអប់រំមួយស្រុកកំណើតវិញ។​ 
  
កញ្ញា អ៊ុក លក្ខណា កំពុងធ្វើបទបង្ហាញ

ការ​ជម្នះឧបសគ្គ​ទាំងឡាយ កើតឡើង​ពី​ការ​យក​ឈ្នះ​ចិត្ត​ខ្លួនឯង និង​អ្នកដទៃ។ ​សម្រាប់ ​លក្ខណា លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្សជា​ស្រ្តី​ទាំងអស់ ឱ្យ​មាន​ភាព​ក្លាហាន និង​ប្រឹងប្រែង មិន​ត្រូវទោរទន់នឹង​ពាក្យ​សម្ដី​ដែលគេនិយាយមិនល្អ។ ជាមួយ​គ្នានេះ ត្រូវ​ស្វែងរក​ព័ត៌មាន​ពី​អាហារូបករណ៍​ផ្សេងៗ ដែល​ផ្ដល់​ឱកាស​ឱ្យ​សិក្សា​ឥតគិតថ្លៃ៕ 
 

Tag:
 បាត់ដំបង
  តិចណូ
© រក្សាសិទ្ធិដោយ thmeythmey.com