ជាតិ
បទសម្ភាសន៍
សង្វាតរៀនឯអុីស្រាអែល យុវតី ចេក យូសាអ្នកបន្ទាយមានជ័យ មានឆន្ទៈចង់អភិវឌ្ឍន៍កសិកម្មខេត្តខ្លួន
12, Mar 2023 , 9:59 pm        
រូបភាព
កញ្ញា ចេក យូសា និស្សិតកសិ-ឧស្សាហកម្ម នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបភាពផ្ដល់ដោយ កញ្ញា យូសា។
កញ្ញា ចេក យូសា និស្សិតកសិ-ឧស្សាហកម្ម នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបភាពផ្ដល់ដោយ កញ្ញា យូសា។
​ភ្នំពេញ៖ យុវតី ចេក យូសា ជានិស្សិតឆ្នាំទី៣ជំនាញកសិ-ឧស្សាហកម្ម នៅសកលវិទ្យាល័យ​ មួយក្នុងប្រទេសកម្ពុជា និងជានិស្សិតកម្មសិក្សាការីដែលកំពុងហាត់ការនៅឯប្រទេសអ៊ីស្រាអែលផង។ ​យុវតីរូបនេះ ប្ដេជ្ញានឹងយកចំណេះដឹងដែលខ្លួនទទួលបាននៅអ៊ីស្រាអែល មក​ចូលរួមអភិវឌ្ឍន៍វិស័កសិកម្មនៅកម្ពុជានិងប្រទេសកំណើតខ្លួន ជាពិសេសផ្តោតលើការកែច្នៃផលិតផលកសិកម្ម។

យុវតី ចេក យូសា កម្មកំពុងបំពេញសិក្សា នៅក្នុងប្រទេសអ៊ីស្រាអែលពាក់ព័ន្ធនឹងការដាំដុះ និងបច្ចេកវិទ្យាកសិកម្ម។ កម្មសិក្សាការីរូបនេះ បានទទួលឱកាសហាត់ការងារនេះ ក្នុងខណៈពេលដែលនាងកំពុងសិក្សា​ជំនាញកសិ-ឧស្សាហកម្ម ឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ​តាមការបញ្ជាក់របស់ កញ្ញា ចេក យូសា ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ការសិក្សាជំនាញកសិ-ឧស្សាហកម្ម ​គឺផ្តោតទៅលើ​ការកែច្នៃផលិតផលកសិកម្ម ទៅជាផលិតផលពាក់កណ្ដាលសម្រេច ឬសម្រេច , ការដាំដុះ, ការរក្សាទុកផលិតផលកែច្នៃ និងពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារជាដើម។ 
 
យុវតី ចេក យូសា បានធំធាត់ ចម្រើនវ័យ​ នៅក្នុងភូមិជនបទមួយនាទឹកដីខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋជុំវិញជាអ្នកប្រកបរបរធ្វើស្រែ និងចម្ការ។ ទិដ្ឋភាពវាស្រែ ចម្ការ ​បានដក់ជាប់ក្នុងចិត្តរបស់នាង និងបានជំរុញឱ្យយុវតីរូបនេះ ស្រមៃថាខ្លួនចង់ក្លាយធនធានមួយ ជួយអភិវឌ្ឍន៍វិស័យកសិកម្ម នៅក្នុងភូមិស្រុកខ្លួនឱ្យកាន់តែរីកចម្រើន។ មូលហេតុនេះហើយទើប ចេក យូសា បានលួងលោមឪពុកម្តាយខ្លួន ឱ្យគាំទ្រនាង សិក្សាជំនាញកសិ-ឧស្សាហកម្ម ​ក្រោយនាងបានប្រឡងជាប់បាក់ឌុប។
 

 កញ្ញា ចេក យូសា ស្ថិតនៅកន្លែងដាំបន្លែមួយកន្លែង ក្នុងប្រទេសអ៊ីស្រាអែល។ រូបភាពផ្ដល់ដោយ កញ្ញា យូសា។
 
បើតាម យុវតី ចេក យូសា ទម្រាំ​ទទួលបានការយល់ព្រមពីក្រុមគ្រួសារ នាងបានពន្យល់ និងបញ្ចុះបញ្ចូលឪពុកម្តាយខ្លួនជាច្រើនលើក ដ្បិតថាគ្រួសារនាង មិនចង់ឱ្យរៀនជំនាញកសិកម្មនោះទេ ព្រោះពួកគាត់យល់ថាជំនាញនេះ មិនសូវស័ក្តិសមនឹងមនុស្សស្រី។ ម្យ៉ាងទៀត ឪពុកម្តាយ បារម្ភថាកូនស្រីអាចពិបាករកការងារធ្វើនៅក្រោយរៀនចប់ ឬអាចត្រឡប់មកធ្វើស្រែចម្ការវិញដូចខ្លួន។ ឪពុកម្តាយរបស់យុវតីរូបនេះ ចង់ឃើញនាង រៀនជំនាញពាក់ព័ន្ធនឹងវិស័យ​ធនាគារ ឬផ្នែកសិក្សាធិការ។ នេះបើតាមការបញ្ជាក់របស់ យុវតី ចេក យូសា ដែលបានបញ្ជាក់ជំហរបស់ខ្លួនថា នាងមិនព្រមឱ្យអត្តសញ្ញាណយេនឌ័រ មកកំណត់ជំនាញសិក្សា និងជម្រើសការងាររបស់នាងឡើយ។  កញ្ញា យូសា បន្តដូច្នេះ៖ ​«ទោះបីស្ត្រី​ ឬបុរសក៏ដោយ ក៏គាត់មានការសម្រេចចិត្ត ជ្រើសរើសរៀន ស្របតាមសមភាពយេនឌ័រ។ ជាស្ត្រីភេទ​ វាមិនមែនជាបញ្ហា រារាំងការសម្រេចចិត្តរបស់យើងទេ»។ 
 
ដោយសារតែ យូសា នៅរក្សាជំហរបស់ខ្លួនក្នុងការជ្រើសរើសជំនាញសិក្សាដែលខ្លួនស្រឡាញ់ ទើបឪពុកម្តាយនាង មិនអាចរារាំងបាន។ ​ដើម្បីបញ្ជាក់ថា កូនស្រីម្នាក់នេះ ពិតជាអាចពុះពារក្នុងជំនាញសិក្សាផ្នែកកសិកម្មនេះ  និងកុំឱ្យគ្រួសារកង្វល់ចិត្តខ្លាំងនោះ កញ្ញា ចេក យូសា បានខិតខំរៀនសូត្រ។ លើសពីនេះ ដើម្បីបង្ហាញលទ្ធផលអាណាព្យាបាលខ្លួន កញ្ញា យូសា​ ក៏ចង់បង្ហាញសមត្ថភាពកូនស្រី ឱ្យលើសពីពីរៀនតែក្នុងស្រុក ពោលគឺយុវតីរូបនេះ មានក្ដីស្រមៃចង់ទៅហាត់ការនៅឯប្រទេសអ៊ីស្រាអែល។ បំណងទៅហាត់ការនៅក្រៅប្រទេស ក៏ដោយសារចង់សំលៀងជំនាញខ្លួនឯងបន្ថែម និងបង្ហាញពីសមត្ថភាពទៅកាន់អាណាព្យាបាលខ្លួនផងដែរ។ ​យូសា អាចធ្វើបានពិតមែន។
 
ក្រេបយកចំណេះដឹងពីកម្មសិក្សានៅអ៊ីស្រាអែលដើម្បីមកបញ្ជ្រាបចំណេះដឹងនៅកម្ពុជា

រយៈពេលជាង ៤ខែហើយដែលយុវតី ចេក យូសា បានចុះកម្មសិក្សាលើជំនាញដាំដុះ និងបច្ចេកវិទ្យាកសិកម្ម នៅប្រទេសអ៊ីស្រាអែលដែលជាប្រទេសកសិកម្មឈានមុខមួយ ក្រោមកម្មវិធី Agrostudies សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម​។ នាងនឹងបញ្ចប់កម្មសិក្សានៅរយៈពេល ២ខែខាងមុខនេះ។
តាមរយៈការសិក្សា និងការហាត់ការងារ ​យុវតីរូបនេះអះអាងថានាងកាន់តែស្រឡាញ់​ជំនាញនេះ​កាន់ខ្លាំងឡើង​។ ទន្ទឹមនឹងនេះ ​កញ្ញា យូសា បានប្តេជ្ញាប្រឹងប្រែងក្រេបយកចំ​ណេះដឹងនៅក្នុងអំឡុងពេល​​ចុះកម្មសិក្សានេះ មកចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាវិញផងដែរ។ កញ្ញា ចេក យូសា​ បន្ថែមថា៖ «ខ្ញុំរំពឹងខ្ពស់មែនទែន! ខ្ញុំនឹងអាចយកចំណេះដឹងទាំងអស់ ទៅអនុវត្តក្នុងប្រទេសរបស់យើង ទោះមិនបានធំ ក៏បានតិចតួច ដែលធ្វើជាគម្រូ។​ ខ្ញុំនឹងចូលរួមអភិវឌ្ឍន៍លើវិស័យកសិកម្មនេះដែរ»។  
 
​ការទទួលបានឱកាស​ហាត់ការនៅប្រទេសអ៊ីស្រា​អែល មិនមែនកើតឡើងដោយចៃដន់នោះឡើយ​ ពោលគឺវាកើតឡើងដោយការខិតខំប្រឹងប្រែងដ៏ច្បាស់លាស់ របស់និស្សិតស្រីកសិកម្មរូបនេះ។ សម្រាប់កញ្ញា យូសា នាងមានគម្រោងនេះ និងបានត្រៀមខ្លួនតាំងពីខ្លួនឈានចូលរៀនមុខជំនាញនេះមកម្ល៉េះ។  កញ្ញាលើកឡើងថា៖«ខ្ញុំមានបំណង(ទៅអ៊ីស្រាអែល)តាំ​ងពីបានចូលសាលាមក និងព្យាយាមសើបសួរព័ត៌មានតាំងពីឆ្នាំទី១មក ហើយខ្ញុំបានត្រៀមខ្លួនសម្រាប់វាខ្លាំងមែនទែន។ ខ្ញុំក៏រំពឹងខ្ពស់ផងដែរ»។ 

កញ្ញា យូសា(អាវបៃតង) រួមនឹងអ្នកហាត់ការឯទៀត នៅប្រទេសអ៊ីស្ត្រាអែល។ រូបភាពផ្ដល់ដោយ កញ្ញា យូសា។

ឆ្លងកាត់បទពិសោធក្នុងការប្រឡងប្រជែង ដើម្បីទទួលបានឱកាស ទៅហាត់ការនៅអ៊ីស្រាអែល យុវតីរូបនេះថា ការដឹងព័ត៌មានអំពីដំណើរការប្រឡង និងសាកសួរពីបទពិសោធសិស្សច្បងជារឿងសំខាន់មួយទៀត បន្ទាប់ពីចំណេះដឹងទូទៅ និងចំណេះដឹងភាសាអង់គ្លេស។ ត្រូវមានចំណេះដឹងភាសាអង់គ្លេស ក៏ព្រោះការប្រឡងប្រជែង គឺប្រឡងភាសាអង់គ្លេស និងសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង់គ្លេស។ 
 
ការបានត្រៀមខ្លួនជាមុន ដើម្បីអាចត្រូវបានជ្រើសរើសទៅប្រទេសអ៊ីស្រាអែល បានធ្វើឱ្យកញ្ញាមានជំនឿចិត្តលើខ្លួនឯង និងទទួលបានឱកាសនេះ។ ធ្លាប់ឆ្លងកាត់បទពិសោធ ប្រកួតប្រជែងនឹងបេក្ខភាពរាប់រយនាក់ កញ្ញាយូសា ចែករំលែកថា ប្រសិនបើចង់បានឱកាសដូចកញ្ញា គឺត្រូវមានកម្រិតពិន្ទុខ្ពស់ ព្រោះពិន្ទុខ្ពស់មានអាទិភាព។ ចំណែកប្រវត្តិរូបសង្ខេប និង Motivation Letter គឺត្រូវសរសេរឡើងដោយមានភាពច្បាស់លាស់ និងហ្មត់ចត់។ 
 
កញ្ញាបន្ថែម ៖ «យើងមិនមែនចេះតែដាក់ៗនោះទេ គឺយើងត្រូវហ្មត់ចត់ច្បាស់លាស់ ព្រោះពីមួយដំណាក់កាល ទៅមួយដំណាក់កាល​ យើងត្រូវចាប់យកពិន្ទុ។ ដោយសារវាជាការប្រកួតប្រជែង ដូច្នេះអ្វីដែលយើងធ្វើមួយៗ ប្រាកដជាក់លាក់ថាត្រឹមត្រូវ ព្រោះយើងចេញគេតែមួយពិន្ទុ ក៏អត់បានមកដែរ ពិសេសស្រីៗ គឺគេរើសតិចមែនទែន»៕
 

កញ្ញា យូសា ស្ថិតក្នុងរោងដាំបន្លែ នៅឯប្រទេសអ៊ីស្រាអែល។ រូបភាពផ្ដល់ដោយ កញ្ញា យូសា។ 


កញ្ញា យូសា ជាមួយអ្នកហាត់ការឯទៀត នៅប្រទេសអ៊ីស្រាអែល។ រូបភាពផ្ដល់ដោយ កញ្ញា យូសា។ 
 
 

Tag:
 ThmeyThmey
  យុវជន
  កសិ-ឧស្សាហកម្ម
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com