សេដ្ឋកិច្ច
អន្តរជាតិ
ការប្រើប្រាស់ឌីជីថលជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន
13, Mar 2023 , 8:30 am        
រូបភាព
រូបភាពពី The ASEAN Post ។
រូបភាពពី The ASEAN Post ។
ចំនួនអ្នកប្រើប្រាស់ឌីជីថលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់អាស៊ាន ដែលត្រូវបានរំពឹងថានឹងកើនឡើង ៤,៧ភាគរយនៅឆ្នាំ ២០២៣។

 
ក្រុមហ៊ុនប្រឹក្សាយោបល់ YCP Solidiance បានបញ្ចេញរបាយការណ៍មួយដោយបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកប្រើប្រាស់ឌីជីថល ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់អាស៊ានកើនឡើង ៤,៧ភាគរយនៅឆ្នាំនេះ។
 
អាស៊ានកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាទីផ្សារធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០៣០ ជាមួយនឹងលំហូរនៃទុនវិនិយោគ និងធុរកិច្ចដែលបានអត្ថប្រយោជន៍ដល់ឧស្សាហកម្មមួយចំនួន រួមទាំងសេដ្ឋកិច្ចឌីជីថលផងដែរ។ នេះបើតាមរបាយការណ៍របស់ YCP Solidiance។ 
 
ជាមួយនឹងអត្រាកំណើនក្នុងចំណោមប្រទេសលឿនបំផុតក្នុងពិភពលោក សេដ្ឋកិច្ចឌីជីថលក្នុងតំបន់ត្រូវបានគេរំពឹងថានឹងកើនលើស៣០០ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និងប្រមាណ១ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។ នេះបើតាមតួលេខបង្ហាញនៅលើរបាយការណ៍របស់ YCP Solidiance ។
 
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះត្រូវបានគេព្យាករថានឹងលើសពីអត្រាកំណើនសេដ្ឋកិច្ចពិភពលោក ២,៧ភាគរយ។ ទិន្នន័យពី ADB ក្នុងឆ្នាំ២០២២ បង្ហាញថាសេដ្ឋកិច្ចឌីជីថលមានចំនួន ៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ីអាគ្នេយ៍។
 
បន្ថែមពីនេះ កម្លាំងជំរុញសម្រាប់ការប្រើប្រាស់ឌីជីថលជាប្រជាជនជំនាន់ Millennials និង Generation Z ដែលមានចំនួន៧៥ភាគរយនៃអ្នកប្រើប្រាស់នៅក្នុងតំបន់។
 
លើសពីនេះ ការផ្លាស់ប្តូរឌីជីថលនៃហិរញ្ញវត្ថុ និងការលេចឡើងនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ ថុក៏ជាកត្តាមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ចតាមអ៊ីនធឺណិតនៅក្នុងតំបន់ និងជួយសម្រួលដល់វិនិយោគិនថ្មីៗពីប្រភពខាងក្នុង និងខាងក្រៅប្លុកដែរ។
 
របាយការណ៍របស់ YCP Solidiance បានបង្ហាញទៀតថា តាមរយៈបច្ចេកវិទ្យាឌីជីថល និងអ៊ិនធឺណិត សេដ្ឋកិច្ចឌីជីថលបានផ្តល់ឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនឯករាជ្យនូវវិធីថ្មីៗដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ពង្រីកទីផ្សារ ក៏ដូចជាការបង្កើនប្រាក់ចំណូលរបស់ពួកគេ។
 
ពាក់កណ្តាលនៃអ្នកចូលរួមក្នុងការស្ទង់មតិរបស់ YCP Solidiance បានបង្ហាញថា ពួកគេនឹងវិនិយោគពី ៥ភាគរយទៅ១០ភាគរយនៃប្រាក់ចំណេញប្រតិបត្តិការ ដើម្បីកែលម្អយុទ្ធសាស្រ្តឌីជីថលក្នុងក្រុមហ៊ុនរបស់ខ្លួន។  YCP Solidiance បានលើកទឹកចិត្តដល់វិនិយោគិនដែលមានសក្តានុពល និងអ្នកចូលរួមទីផ្សារពិចារណាពីតួនាទីនៃកិច្ចសហប្រតិបត្តិការលើវិស័យសាធារណៈ និងឯកជនព្រោះវានឹងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន៕

Tag:
 ឌីជីថល
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com