ជាតិ
បទសម្ភាសន៍
កញ្ញា សាន ដាណិច ពីអ្នកចូលចិត្តទស្សនា ក្លាយជាសមិទ្ធករភាពយន្ត
13, Mar 2023 , 9:00 am        
រូបភាព
កញ្ញា សាន ដាណិច សមិទ្ធិករភាពយន្តខ្នាតខ្លី។ រូបភាពពីទំព័រហ្វេសប៊ុក ស៊ីណេហាប់។
កញ្ញា សាន ដាណិច សមិទ្ធិករភាពយន្តខ្នាតខ្លី។ រូបភាពពីទំព័រហ្វេសប៊ុក ស៊ីណេហាប់។
ភ្នំពេញ៖ កញ្ញា សាន ដាណិច គឺជាសមិទ្ធករភាពយន្ត និងអ្នកដឹកនាំភាពយន្តខ្នាតខ្លីមួយរូប មកពីខេត្តបាត់ដំបង។ ពីអ្នកចូលចិត្តទស្សនាខ្សែភាពយន្ត បានជំរុញនិស្សិតរចនាផ្នែកខាងក្នុង(Interior Design) សម្រេចបោះជំហាន ផលិតភាពយន្តខ្នាតខ្លីដំបូង ក្នុងឆ្នាំ២០១៨។ តាំងពីឈានចូល ក្នុងវិស័យភាពយន្តមក ស្នាដៃរបស់កញ្ញាបានទៅបញ្ចាំងមហោស្រពអន្តរជាតិ ច្រើនប្រទេស។

 
រឿងបែបប្រឌិត «១លានឆ្នាំ», «ថ្ងៃរះក្នុងចិត្ត» និងភាពយន្តឯកសារខ្នាតខ្លី «ឧទ្យានសមុទ្រ» ជាចំណងជើងខ្សែភាពយន្តខ្នាតខ្លី របស់កញ្ញា សាន ដាណិច ដែលត្រូវបានគេហៅកញ្ញាថា សមិទ្ធករភាពយន្តវ័យក្មេង និងអ្នកដឹកនាំភាពយន្តខ្នាតខ្លី។ 
 
មិនបានបញ្ចប់ការសិក្សាផ្នែកផលិតភាពយន្តឡើយ តែភាពយន្តខ្នាតខ្លីរបស់ ដាណិច តែងតែទទួលបានការគាំទ្រ។ មុនឈានចូលក្នុងវិស័យភាពយន្តនេះ ស្ត្រីវ័យ៣១ឆ្នាំរូបនេះ ធ្លាប់ជាក្មេងស្រីម្នាក់ដែលចូលចិត្តមើលភាពយន្ត។ ការណ៍នេះបានជំរុញឱ្យស្ត្រីរូបនេះ ឈានចូលក្នុងវិស័យភាពយន្ត ក្នុងឆ្នាំ២០១៥។ 
 
និស្សិតបញ្ចប់បរិញ្ញាប័ត្រជំនាញ រចនាផ្នែកខាងក្នុង (Interior Design) បានរៀបរាប់ថា៖ «ពីក្មេងខ្ញុំមិនដែលគិតថា ខ្លួនឯងនឹងក្លាយជាអ្នកផលិត អ្នកដឹកនាំរឿង អ្នកសរសេរអីទេ។ ខ្ញុំដឹងតែរឿងមួយទេ គឺខ្ញុំចូលចិត្តមើល ខ្ញុំចូលចិត្តមើលទូរទស្សន៍ ខ្ញុំចូលចិត្តមើលរឿង និងទិញស៊ីឌី មើលវីដេអូបទចម្រៀង»។ 
 
ជំនក់ចិត្តលើការទស្សនារឿង និងវីដេអូផ្សេងៗ ជារឿងមួយ។ រឿងមួយទៀត ដែលជំរុញ ដានិច ឱ្យខិតកាន់តែជិតក្នុងវិស័យភាពយន្តគឺអត្ថបទកាសែតមួយ ដែលនិយាយពីបុគ្គលមួយរូបត្រូវជាអ្នកជិតខាងរបស់នាង ដោយបុគ្គលនោះរៀនជំនាញពេទ្យ តែមកផលិតរឿងខ្លី។ 
 
រឿងមួយនេះហើយ បានធ្វើឱ្យអ្នកខេត្តបាត់ដំបង ចាបផ្ដើមចង់ដឹង ចង់ឮ ពីការផលិតភាពយន្ត។ កញ្ញា រំឭកថាខ្លួនបានទាក់ទងទៅបុគ្គលខាងលើនោះ ដើម្បីសាកសួរពីព័ត៌មានផ្សេងៗ ដើម្បីឱ្យខ្លួនអាចក្លាយជាអ្នកផលិតភាពយន្ត។ ក្រោយមកកញ្ញាបានស្វះស្វែង ចូលរួមកម្មវីធីសិក្ខាសាលាអំពីការថតកុនជាច្រើន និងការហ្វឹកហ្វឺនខ្លួនឯង ក្នុងនាមជាជំនួយការអ្នកផលិតរឿងផងដែរ។ 
 
«ការងារ ក្នុងវិស័យភាពយន្ត» ស្ដាប់មើលទៅដូចជាពីរោះណាស់ ប៉ុន្តែកញ្ញា ដាណិច ហៅខ្លួនឯងថាជា «កម្មករកុន»ទៅវិញ។ ហៅខ្លួនឯងដូច្នេះ ក៏ព្រោះតែការងារកញ្ញា នៅពេលនោះ មានតួនាទីត្រឹមជាអ្នកទិញម្ហូបអាហារឱ្យក្រុមការងារ កាន់អីវ៉ាន់ និងជំនួយការអ្នកថតប៉ុណ្ណោះ។ 
 
ការងារកំប៉ិកកំប៉ុកទាំងនេះ មិនបានធ្វើឱ្យដាណិច អន់ចិត្ត ឬចង់បោះបង់ក្ដីស្រមៃខ្លួនឡើយ។ កញ្ញាថា ការងារតិចតួចទាំងនោះ គឺជាការសន្សំបទពិសោធ ដើម្បីទទួលបានឱកាសការងារធំ។ 
 
កញ្ញារៀបរាប់ដូច្នេះ៖«យើងរៀនពីបទពិសោធតូចៗ។ ខ្ញុំគិតថានៅពេលយើងអត់ស្គាល់អ្វីមួយ គឺយើងរត់ទៅរកវា ដើម្បីរៀនពីវា ហើយដើម្បីរៀនបាន គឺត្រូវតែរៀនពីសូន្យទៅ»។ 
 
គំនិតវិជ្ជមាននេះហើយ ជាកម្លាំងចិត្តឱ្យកញ្ញា ដានិច បន្តការងាររបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ ការងារក្នុងវិស័យភាពយន្ត ជាក្ដីស្រមៃរបស់ ដាណិច។ តែការងារក្នុងវិស័យនេះ ត្រូវបានអាណាព្យាបាលកញ្ញាជំទាស់ មិនចង់ឱ្យកូនស្រីចូលប្រឡូកឡើយ។ ការជំទាស់នេះ ក៏ដោយសារអាណាព្យាបាលកញ្ញា បារម្ភពីសុវត្ថិភាពកញ្ញា ដែលជាស្ត្រី តែត្រូវឡើងចុះខេត្តជារឿយៗ។ 
 
លើសពីសុវត្ថិភាព អាណាព្យាបាលរបស់ ដាណិច ក៏បារម្ភខ្លាចក្រែងការងារនេះ មិនអាចជួយផ្គត់ផ្គង់ជីវភាពរបស់ដាណិចបាន ស្របពេលឧស្សាហកម្មភាពយន្តនៅកម្ពុជា មិនមែនជាឧស្សាហកម្មធំនោះ។  កញ្ញារៀបរាប់ពីសម្ដីរបស់អាណាព្យាបាលខ្លួនដូច្នេះ៖«ពេលខ្លះគាត់ថា កូនឯងធ្វើការងារសិល្បៈធ្វើអី វាមិនចម្រុងចម្រើន មិនដឹងថាសិល្បៈនេះឱ្យកូនឯងរស់អត់អីអត់»។ 
 
ប៉ុន្តែបច្ចុប្បន្នអាណាព្យាបាលរបស់សមិទ្ធកររូបនេះ ងាកមកគាំទ្រវិញ បន្ទាប់ពីកញ្ញាបានបញ្ចេញស្នាដៃជាបន្តបន្ទាប់ ហើយស្នាដៃទាំងនោះ បានចាក់នៅតាមមហោស្រព ក្រៅប្រទេស។
 
នៅក្នុងដំណើរលើវិស័យភាពយន្ត ជាពិសេសជាស្ត្រីទៀតនោះ កញ្ញាធ្លាប់មានបទពិសោធន៍ត្រូវបានក្រុមការងារជាបុរស បៀតបៀន ដោយពាក្យសម្ដី មកលើខ្លួន និងការមិនពេញចិត្តពីក្រុមការងារ ដោយសារគិតថា កញ្ញាក្មេង ដែលហាក់មិនផ្ដល់តម្លៃចំណេះដឹង និងបទពិសោធ និងហាក់មិនគោរពពីតួនាទីរបស់កញ្ញាឡើយ។ 
 
ដាណិច រំឭកដូច្នេះ៖«ពេលខ្ញុំចូលធ្វើការដំបូង ពេលយើងចូលធ្វើការមកឋានៈលើគាត់ យើងក្មេងហើយ យើងស្រីទៀត។ ដូច្នេះហើយគាត់បង្ហាញអកប្បកិរិយាមិនពេញចិត្ត គឺគាត់ធ្វើអ្វីមួយធ្វើឱ្យយើងពិបាកក្នុងការធ្វើការ។ ជួនកាលប្រើភាសាអសុរោះ ភាសាលែបខាយ។ ជួនកាលគាត់បន្ទាបយើងថា មនុស្សស្រីធ្វើការនៅតែ office បានហើយ»។ 
 
សម្រាប់ ដាណិច មិនយល់ស្របសោះឡើយ លើការបែងចែកការងារ អាស្រ័យលើយេនឌ័រនោះ។ ជាជាងតវ៉ា ឬបង្កវិវាទ ជាមួយមនុស្សមួយផ្នែកតូច ដែលប្រកាន់យេនឌ័រនោះ កញ្ញា នៅតែបន្តការងារបានធម្មតា ប៉ុន្តែកញ្ញាព្យាយាម ដកខ្លួនចេញឆ្ងាយពីក្រុមមនុស្សប្រភេទនោះ។ 
 
ធ្វើជាជំនួយការថតផង និងធ្វើការងារផ្សេងពាក់ព័ន្ធនឹងការផលិតកុនផង នៅឆ្នាំ២០១៨ កញ្ញាបានបញ្ចេញស្នាដៃរបស់ខ្លួន ក្រោមចំណងជើងថា «១លានឆ្នាំ» ឬ «One million years» ដែលជាខ្សែភាពយន្តបែប Art House។ ខ្សែភាពយន្តខ្លីដំបូងនេះ ទទួលបានពានរង្វាន់ ភាពយន្តខ្លីល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ពីមហោស្រពភាពយន្ត Singapore International Film Festival (SGIFF) លើកទី ២៩ កាលពីចុងឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ ខ្មែរភាពយន្តខ្លីនេះ បានចាំងបញ្ចាំងនៅប្រទេសជាង២០ផងដែរ។ 
 
ក្រៅពីស្នាដៃនេះ កញ្ញាក៏បានបញ្ចេញស្នាដៃភាពយន្តខ្លីជាបន្តបន្ទាប់។ ក្រៅពីជាសមិទ្ធករភាពយន្តខ្លី បច្ចុប្បន្នកញ្ញាក៏កំពុងបម្រើការងារនៅស្ថាប័នភាពយន្តមួយផងដែរ ក្នុងតំណែងជាអ្នកសម្របសម្រួលផ្នែកផលិតកម្ម៕  

Tag:
 ThmeyThmey
  សាន ដាណិច
  សមិទ្ធករភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com