កីឡាជាតិ
ជាតិ
លោក ប្រាក់ វុទ្ធី៖ U20នារីកម្ពុជា មានសក្ដានុពល តែនៅខ្វះពិសោធន៍ប្រកួតអន្ដរជាតិ
13, Mar 2023 , 3:03 pm        
រូបភាព
ការប្រកួតក្រុមបាល់ទាត់នារីអាយុក្រោម២០ឆ្នាំកម្ពុជា និងម៉ាឡេស៊ី រូបពី FFC
ការប្រកួតក្រុមបាល់ទាត់នារីអាយុក្រោម២០ឆ្នាំកម្ពុជា និងម៉ាឡេស៊ី រូបពី FFC
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម២០ឆ្នាំ យល់ឃើញថាកូនក្រុមលោកមានសក្ដានុពល ប៉ុន្ដែទាន់មិនមានទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងនៅពេលប្រកួត។ ក្រុមកម្ពុជា បានធ្លាក់ក្នុងវគ្គសន្សំពិន្ទុពូល G ពីព្រឹត្តិការណ៍ AFC U20 Woman’s Asian Cup 2024 ដោយមានត្រឹម ៣ពិន្ទុ ឈ្នះ ១ប្រកួត និងចាញ់១។ បើទោះជាបរាជ័យពិតមែន ក្រុមនារីកម្ពុជា អាយុក្រោម២០ឆ្នាំ បានបង្ហាញសក្ដានុពលរបស់ខ្លួន ដោយយកឈ្នះម៉ាឡេស៊ី លទ្ធផល១-០ និងធ្វើឲ្យអ្នកគាំទ្រជាច្រើន ពេញចិត្តចំពោះការសហការជាក្រុមរបស់ពួកគេ។



លោក ប្រាប់ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតក្នុងព្រឹត្តិការណ៍ AFC U20 Woman's Asian Cup 2024 ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ បានបង្ហាញពីសក្ដានុពលរប​ស់ខ្លួនដោយការលេងជាក្រុម និងបច្ចេកទេសក្នុងការបណ្ដើរ បញ្ជូន និងស៊ុតបាល់បានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ការយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល១-០ កាលពីថ្ងៃទី១០ ខែមីនា​ នៅកីឡដ្ឋាន Smart RSN បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ ជាខ្លាំង ចំពោះការលេងដោយមានទំនុកចិត្ត។ ហើយ ជ័យជម្នះដំបូង លើក្រុមម៉ាឡេស៊ីនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍កាន់តែខ្លាំង ដល់សកម្មភាពបាល់ទាត់នារីរបស់កម្ពុជា។


ក្រុមបាល់ទាត់នារីអាយុក្រោម២០ឆ្នាំកម្ពុជា អប់អគ្រាប់បាល់ស៊ុតបញ្ចូលទីម៉ាឡេស៊ី  រូបពី FFC
 
គ្រូជម្រើសជាតិកម្ពុជារូបនេះ បានប្រាប់ដូច្នេះថា៖«សម្រាប់ U-20 យើង បាត់បង់ឱកាសហើយព្រោះគេយកតែមួយក្រុមឡើងទៅទេ។ បើទោះជាបាត់ឱកាសក៏ពិតមែន ប៉ុន្ដែផលវិជ្ជមានរបស់យើង គឺកីឡាការិនីទាំងអស់ទទួលបានបទពិសោធន៍ ក្នុងការប្រកួត។ កីឡាការិនីមួយចំនួន ជាកីឡាការិនីទើបជ្រើសរើសថ្មី ហើយមិនដែលបានជួបប្រទះប្រកួតអន្ដរជាតិ។ យើង ក៏បានសម្លឹងឃើញទិន្នផល សមត្ថភាពធនធានកីឡាការិនី U-20 ក្នុងការចូលរួមផងដែរ។ អ៊ីចឹង ធនធាន ដែលយើងបានសម្រឹតសម្រាំង យើងអាចនិយាយបានថា មួយចំនួនមានសក្ដានុពលល្អ ហើយមួយចំនួនទៀត នៅមានកម្រិតទាប ដែលយើង ត្រូវជួយពង្រឹងគាត់។»។
 
ជារឿងគួរឲ្យសោកស្ដាយ ក្រុមកម្ពុជា ធ្វើមិនបានល្អទេ ព្រោះការប្រកួតដំបូងរបស់ពួកគេ បានចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល២-០ កាលពីថ្ងៃទី៨ ខែមីនា នៅកីឡដ្ឋាន Smart RSN។ ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា កីឡាការិនីមួយចំនួន ធ្វើមិនបានល្អទេ ដោយពួកគេ ដូចជាមិនមានជំនឿ និងទំនុកចិត្តលើខ្លួនឯង។ នោះ មានន័យថាកីឡាការិនីមួយចំនួន មានសមត្ថភាពល្អ ប៉ុន្ដែពួកគេខ្វះបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ ដែលធ្វើឲ្យបាត់ជំនឿចិត្ត មិនអាចបញ្ចេញសក្ដានុពល និងបច្ចេកទេសរបស់ពួកគេបានល្អ។
 
ចំពោះចំណុចអវិជ្ជមាននេះ លោក ប្រាក់ វុទ្ធី បានប្រាប់ដូច្នេះថា៖«មានតែការហ្វឹកហាត់មួយមុខ មិនគ្រប់គ្រាន់ទេ ប៉ុន្ដែត្រូវ មានការប្រកួតច្រើនទាំងក្នុងស្រុក និងអន្ដរជាតិ។»។
គួរបញ្ជាក់ថា ក្នុងពូល G ក្រុមមីយ៉ាន់ម៉ា ឡើងទៅវគ្គបន្ទាប់ ដោយឈ្នះទាំង២ប្រកួត ដោយឈ្នះលើកម្ពុជា ២-០ និងលើ ម៉ាឡេស៊ី លទ្ធផល៣-១។ ចំណែកកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ និងឈ្នះ ម៉ាឡេស៊ី ១-០៕
 

Tag:
 បាល់ទាត់
  AFC U20 Woman\'s Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com