ជាតិ
សង្គមជាតិ
ស្ថាប័នប៉ូលិស ប្តេជ្ញាលុបបំបាត់វប្បធម៌សុំកាហ្វេនិងបារីពីប្រជាជន ដែលចូលទៅដាក់បណ្តឹង​
13, Mar 2023 , 4:05 pm        
រូបភាព
បុរសម្នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ កាន់ញត្តិយកទៅដាក់នៅក្រសួងមហាផ្ទៃនាពេលកន្លងមក។ រូបពីវីដេអូលើបណ្តាញសង្គម
បុរសម្នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ កាន់ញត្តិយកទៅដាក់នៅក្រសួងមហាផ្ទៃនាពេលកន្លងមក។ រូបពីវីដេអូលើបណ្តាញសង្គម
លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជម្រាបទៅលោកនាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិថា កន្លងមក ពិតជាមានករណីកងកម្លាំងដែលយាមនៅតាមច្រកចេញ-ចូល សុំកាហ្វេ និងបារីពីប្រជាជន ដែលចូលទៅដាក់បណ្តឹង ឬរកដំណោះស្រាយអ្វីមួយ។ ប៉ុន្តែលោក សំ ស៊ីយ៉ាន អះអាងថា អង្គភាព បានណែនាំ និងដាក់ពិន័យដល់កងកម្លាំងដែលប្រព្រឹត្តខុសទាំងនោះរួចហើយ។


 
តាមរយៈលិខិត នៅថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៣ លោក សំ ស៊ីយ៉ាន បង្ហាញការប្តេជ្ញាទៅកាន់លោក នេត សាវឿន ជាថ្នាក់លើ យ៉ាងដូច្នេះថា៖«ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ នឹងខិតខំអប់រំណែនាំដល់មន្រ្តីក្រោមឱវាទ ដែលយាមប្រចាំការច្រកចេញ-ចូលក្រសួងមហាផ្ទៃ និងកន្លែងផ្សេងទៀត និងលុបបំបាត់ឲ្យបានការសុំកាហ្វេ ឬបារី និងសុំទទួលយកដោយរីករាយនូវការរិះគន់កែលម្អដោយស្ថាបនា»។ 
 
លោក សំ ស៊ីយ៉ាន សរសេលិខិតជម្រាបជូនលោក នេត សាវឿន បន្ទាប់ពីឃើញសារ១លើគណនីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ មានប្រជាពលរដ្ឋម្នាក់ បានសរសេរសារទៅកាន់លោក ខៀវ កាញារីទ្ធ តាមហ្វេសប៊ុក ដោយរៀបរាប់ពីទម្លាប់របស់សមត្ថកិច្ចជាអ្នកយាមតាមច្រកចេញ-ចូលស្ថាប័នរដ្ឋមួយចំនួន ដែលតែងតែសុំកាហ្វេ និងបារីពីប្រជាជន មុនអនុញ្ញាតឲ្យប្រជាជន ចូលទៅដាក់បណ្តឹង។ ម្ចាស់សារនោះ អះអាងថា ទើបនឹងបានជួបករណីបែបនេះដោយខ្លួនឯងផ្ទាល់នៅក្រសួងមហាផ្ទៃ។ 
 
ជនដដែលនោះ បន្តថា រូបគេ មិនស្តាយប្រាក់ត្រឹម១ម៉ឺនរៀល ឬ២ម៉ឺនរៀល ដែលត្រូវចំណាយទៅលើសមត្ថកិច្ចជាអ្នកយាមនោះទេ តែមិនព្រមចំណាយ ព្រោះមិនចង់ឲ្យមានទម្លាប់មិនល្អ។ អ្នករាយការណ៍នោះ សង្ឃឹមថា លោក ខៀវ កាញារីទ្ធ នឹងលើកឡើងក្នុងកិច្ចប្រជុំធំៗតាមក្រសួងនានា ដើម្បីលុបបំបាត់បញ្ហានេះ។ លោករដ្ឋមន្រ្តីព័ត៌មាន បានយកសារនេះ ទៅបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣៕ 
 

Tag:
 (ប៉ូលិស)
© រក្សាសិទ្ធិដោយ thmeythmey.com