កីឡាជាតិ
ជាតិ
Tik Tok នឹងជួយផ្សព្វផ្សាយស៊ីហ្គេមនៅកម្ពុជាទៅកាន់ពិភពលោក
13, Mar 2023 , 4:40 pm        
រូបភាព
ការចុះកិច្ចព្រមព្រៀងដៃគូចលនូបត្ថម្ភរវាង CAMSOC និង Tik Tok នៅ NOCC។ រូបភាព Cambodia 2023
ការចុះកិច្ចព្រមព្រៀងដៃគូចលនូបត្ថម្ភរវាង CAMSOC និង Tik Tok នៅ NOCC។ រូបភាព Cambodia 2023
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងក្រុមហ៊ុន Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចុះកិច្ចព្រមព្រៀងក្លាយជាដៃគូចលនូបត្ថម្ភ ដើម្បីជួយជំរុញការផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទៅកាន់ពិភពលោក។


ពិធីចុះហត្ថលេខា ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី១៣ ខែមីនា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC លើកឡើថា ដោយសារ TikTok ជាបណ្តាញសង្គមមួយមានប្រជាប្រិយភាពខ្លាំងទាំងក្នុង និងក្រៅស្រុកមួយចំនួន ទើបសម្រេចសហការជាមួយក្រុមហ៊ុនយក្សនេះ ក្នុងគោលបំណង ផ្សព្វផ្សាយស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា។
 
«TikTok ជាបណ្ដាញសង្គម ដែលមានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅ ក្នុងការប្រើប្រាស់ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយផ្សេងៗ។ ដោយសារសំខាន់នេះហើយ ទើប CAMSOC សម្រេចចាប់ដៃគូជាមួយ TikTok ដើម្បីបង្កើនការផ្សព្វផ្សាយស៊ីហ្គេមកាន់តែទូលាយ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
 
លោក Nicholas Pham តំណាងក្រុមហ៊ុន Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បង្ហាញក្តីរីករាយដែលបានក្លាយជាដៃគូចលនូបត្ថម្ភ និងក្លាយជាផ្នែកមួយនៃការជ្រោមជ្រែងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាលើកដំបូង ។
 
ជាដៃគូចលនូបត្ថម្ភ ជាមួយ CAMSOC នេះ ក្រុមហ៊ុន Tik Tok នឹងជួយទៅលើការផលិតមាតិកាសំខាន់ៗ និងគាំទ្រដល់ការផ្សាយព្រឹត្តិការណ៍ប្រកួត ក៏ដូចជាទិដ្ឋភាពពីក្រោយឆាក ការសម្ភាសន៍អត្តពលិក និងការផ្សាយឡើងវិញនៃការប្រកួតជាដើម។
 
លើសពីនេះទៅទៀត លោក Pham តំណាងក្រុមហ៊ុន Tik Tok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ សង្កត់ធ្ងន់ថា ការក្លាយជាដៃគូចលនូបត្ថម្ភនេះ មិនមែនត្រឹមតែការផលិតមាតិកាតែមួយមុខនោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយពីតម្លៃរបស់ស៊ីហ្គេម ដែលរួមមាន ការរួបរួម, ការគោរពគ្នាទៅវិញទៅមក និងគោលការណ៍យុត្តិធម៌ក្នុងការប្រកួតផងដែរ។
 
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិរៀបចំលើកដំបូងក្រោយរង់ចាំ៦៤ឆ្នាំ នឹងចាប់ផ្តើមប្រកួតប្រជែងផ្លូវការពីថ្ងៃទី៥ដល់១៧ ខែឧសភា។ ដោយឡែក ប៉ារ៉ាហ្គេមលើកទី១២ នឹងធ្វើឡើងក្រោយបញ្ចប់ស៊ីហ្គេមរយៈពេល១ខែ៕

Tag:
 (ស៊ីហ្គេម២០២៣
  Tik Tok)
© រក្សាសិទ្ធិដោយ thmeythmey.com