ជាតិ
ខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០
13, Mar 2023 , 6:59 pm        
រូបភាព
រូបភាពពីអាជ្ញាធរមីន
រូបភាពពីអាជ្ញាធរមីន
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរមីនប្រកាសជាខេត្តអស់មីនទី១០ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥។ ដោយឡែក ការបោសសម្អាតគ្រាប់មីននេះ បានធ្វើឱ្យខេត្តកណ្តាល ក្លាយជាខេត្តគ្មានគ្រាប់មីន។ ខេត្តគ្មានគ្រាប់មីននេះ គឺសំដៅដល់ការជោគជ័យរបស់ CMAC ក្នុងការរំដោះខេត្តកណ្តាល ចេញពីការគំរាមកំហែង ពីគ្រាប់មីនប្រឆាំងមនុស្ស។

ថ្ងៃទី១៣ មីនា អាជ្ញាធរមីន និងរដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរប្រកាសខេត្តកណ្តាលអស់មីន ដែលមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លើសពីនេះ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាកេរដំណែលបន្សល់ទុកពីសង្រ្គាមក្នុងតំបន់ និងជម្លោះផ្ទៃក្នុង បានបន្សល់ទុកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់នៅគ្រប់ទិសទី។


រូបភាពបានពីCMAC

ជាមួយគ្នានេះ ខេត្តកណ្តាល បានបោសសម្អាត ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៧៣គ្រាប់, មីនប្រឆាំងរថក្រោះ ៤៩គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៩៤ ២៨៩គ្រាប់។
 
ទោះបីខេត្តនេះ ប្រកាសអស់ការគំរាមកំហែងគ្រាប់មីនប្រឆាំងមនុស្សក៏ពិតមែន ប៉ុន្តែខេត្តណ្តាលនៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ១៦គីឡូម៉ែត្រក្រឡា ស្មើនឹង ១៤៣ ចម្ការគ្រាប់ទៀត ស្ថិតនៅពាសពេញខេត្ត។
 
សូមបញ្ជាក់ថា គ្រាប់មីនដែលបានរកឃើញ និងកម្ទេចចោល ដោយអង្គភាពស៊ីម៉ាក់ ក្នុងទំហំផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា ក្នុងខេត្តកណ្តាល។ ជា​មួយ​គ្នានេះ គ្រាប់មីន​ទាំងនេះ បានបង្កឱ្យមានជនរងគ្រោះចំនួន ៦៤០នាក់ ក្នុងនោះស្លាប់ ២៨២នាក់ផងដែរ៕
 

Tag:
 ខេត្តកណ្តាល
 អស់មីន
© រក្សាសិទ្ធិដោយ thmeythmey.com