កីឡាជាតិ
ជាតិ
អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ជិត៣ពាន់លានរៀល
13, Mar 2023 , 8:59 pm        
រូបភាព
អត្តពលិកអាស៊ានប៉ារ៉ាហ្គេម ទទួលប្រាក់រង្វាន់ នៅទីស្តីការក្រសួងការពារជាតិ។ រូបពី អ៊ូ គង់
អត្តពលិកអាស៊ានប៉ារ៉ាហ្គេម ទទួលប្រាក់រង្វាន់ នៅទីស្តីការក្រសួងការពារជាតិ។ រូបពី អ៊ូ គង់
ដោយ:
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បាននាំយកប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ២៧០៨,៦០០,០០០រៀល ប្រគល់ជូន កីឡាករ-កីឡាការិនី និងគ្រូបង្វឹក ជនមានពិការភាពដែលទទួលបានជ័យលាភីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។

ការប្រគល់ជូនប្រាក់រង្វាន់លើកទឹកចិត្ត ដែលរៀបចំឡើង នៅថ្ងៃទី១៣ ខែមីនា នាទីស្តីការក្រសួងការពារជាតិ ធ្វើឡើងបន្ទាប់ពីអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា បញ្ចប់ភារកិច្ចពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដោយទទួលបានមេដាយសរុប២៨ ក្នុងនោះមានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ លើ១៤ប្រភេទកីឡា។
 
ប្រាក់លើកទឹកចិត្តដ៏ច្រើនពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីតមស្នងការខិតខំប្រឹងប្រែងរបស់អត្តពលិកប៉ារ៉ាហ្គេម ក៏ដូចជាគ្រូបង្វឹក និងគ្រូជំនួយ និងដើម្បីជំរុញ និងលើកទឹកចិត្តពួកគេ ត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ។
  
ពិធីប្រគល់ប្រាក់រង្វាន់ជូនដល់គ្រូបង្វឹក-គ្រូជំនួយ កីឡាករ-កីឡាការិនីជនមានពិការភាព។ រូបពី សម្តេច ទៀ បាញ់

ក្នុងពេលជាមួយគ្នានោះដែរសម្តេចទៀ បាញ់ ក៏បានផ្តល់សារលើកទឹកដល់ជនពិការភាពទាំងអស់ តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ចំពោះកីឡាជនមានពិការ ដោយមានការគាំទ្រយ៉ាងផុសផុលរបស់ប្រជាជនកម្ពុជាក្នុងសកម្មភាពព្រឹត្តិការណ៍ប្រកួតនានា។
 
គួរំលឹកដែរថា កម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីមានចំនួន ១៥៤នាក់ ប្រកួតលើ១១វិញ្ញាសា និងទទួលបានមេដាយ​មាស​៧ ​ប្រាក់​១០ និង​​សំរឹទ្ធ​១១៕
 
 
 
 
 
 
 

Tag:
 ប៉ារ៉ាហ្គេម២០២៣
 CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com