សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារធំៗចំនួន២នៅអាម៉េរិកប្រកាសបិទទ្វារព្រោះក្ស័យធន
13, Mar 2023 , 8:29 pm        
រូបភាព
រូបភាពពី The Wall Street Journal ។
រូបភាពពី The Wall Street Journal ។
Signature Bank គឺជាធនាគារដែលពិភពលោកស្គាល់តាមរយៈរូបិយប័ណ្ណគ្រីបតូ ត្រូវបានអាជ្ញាធរញូវយ៉កប្រកាសបិទទ្វារកាលពីថ្ងៃទី ១២ ខែមីនា។ ការបិទទ្វារនេះកើតឡើងពីរថ្ងៃបន្ទាប់ពីធនាគារ Silicon Valley បានដួលរលំដោយសារក្ស័យធន។

​បើ​តាម​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​ញូវយ៉ក សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាម៉េរិក (FDIC) បានកាន់កាប់ទ្រព្យសម្បត្តិរបស់ Signature ដោយមានទ្រព្យសកម្មចំនួន ១១០ពាន់លានដុល្លារ និងប្រាក់បញ្ញើចំនួន ៨៨.៦ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ២០២២។ ភាគហ៊ុនរបស់ធនាគារនេះ កាលពីថ្ងៃទី១០ ខែមីនាបានធ្លាក់ចុះ ២៣ភាគរយដែលជាតួលេខដ៏អាក្រក់បំផុតចាប់តាំងពីការចុះបញ្ជីក្នុងឆ្នាំ ២០០៤ បន្ទាប់ពីលេចឡើងព័ត៌មានអំពីធនាគារ Silicon Valley ប្រកាសក្ស័យធន។ 
 
Signature Bank ជាករណីនៃការដួលរលំដ៏ធំបំផុតទីបីនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យធនាគារអាម៉េរិក បន្ទាប់ពី Washington Mutual ក្នុងឆ្នាំ ២០០៨ និងធនាគារ Silicon Valley នៅថ្ងៃទី១០ ខែមីនាថ្មីៗនេះ។ ដើមទុនដែលផ្ញើរនៅធនាគារអាម៉េរិកត្រូវបានអ្នកវិនិយោគដកហូតមកវិញអស់ជាង ១០០ពាន់លានដុល្លារកាលពីសប្តាហ៍មុន បន្ទាប់ពីលេចឮព័ត៌មានអំពីធនាគារ Silicon Valley  ដែលជំរុញឱ្យអាជ្ញាធរប្រកាសជាបន្ទាន់នូវវិធានការណ៍ដើម្បីការពារការដកដើមទុនពីធនាគារ និងស្ដារទំនុកចិត្តលើប្រព័ន្ធធនាគារឡើងវិញ។
 
បន្ទាប់មានការដួលរលំនៃធនាគារចំនួន២នៅអាម៉េរិក គេសង្កេតឃើញសន្ទុះនៃការជួយដូរប្រាក់ដុល្លារមានការធ្លាក់ចុះជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃទី១៣ ខែមីនា សន្ទស្សន៍ជួញដូរប្រាក់អឺរ៉ូបានកើនឡើង០,៤៤ភាគរយដែលស្មើ ១,០៦៩អឺរ៉ូក្នុង១ ដុល្លារ ខណៈដែលប្រាក់ផោនកំពុងជួញដូរនៅ ១,២០៨៥ផោនក្នុង១ដុល្លារកើនឡើង ០,៤៧ភាគរយ។ ចំណែកឯប្រាក់ដុល្លារអូស្រ្តាលីបានកើនឡើង ០,៧៩ភាគរយ ពី ០,៦៦៣ដុល្លារអូស្រ្តាលីក្នុង ១ដុល្លារអាម៉េរិក។ 
 
ជាមួយការការដួលរលំនៃធនាគារនេះ ធនាគារកណ្តាលអាម៉េរិក(Fed ) ត្រូវរំពឹងថា នឹងមានភាពទន់ភ្លន់ក្នុងការបង្កើនអត្រាការប្រាក់ជាមួយនឹងការកើនឡើងត្រឹម ០,៥ភាគរយប៉ុណ្ណោះនៅក្នុងខែនេះ រួមជាមួយនឹងទិន្នន័យអតិផរណាត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅថ្ងៃទី១៤ខែមីនា។
ជុំវិញការបិទទ្វារនេះដែរ មន្ត្រីជាន់ខ្ពស់អាម៉េរិកបានបញ្ជាក់ថា រាល់ការដាក់ប្រាក់នៅធនាគារ Signature Bank និង Silicon Valley Bank នឹងត្រូវបានធានា រួមទាំងអ្នកដែលមិនមានការធានារ៉ាប់រងក្រោមបទប្បញ្ញត្តិរបស់ FDIC ដែលមានចំនួនទឹកប្រាក់ច្រើនជាង ២៥០ពាន់ដុល្លារ។ មន្រ្តីរូបនោះបន្តថា ទាំងនេះគ្រាន់តែជាវិធានការដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើ ធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាព ហើយរដ្ឋាភិបាលមិនមានគម្រោងជួយសង្គ្រោះធនាគារនោះទេ៕
 
 
 
 

Tag:
 អាម៉េរិក
  ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com