ជាតិ
គ.ជ.ប នឹងរៀបចំបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សា នៅក្នុងក្រុងស្រុក ដែលទើបបង្កើតថ្មី
13, Mar 2023 , 8:00 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប)។ រូបភាព៖ គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប)។ រូបភាព៖ គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) នឹងរៀបចំបោះឆ្នោតជាលក្ខណៈអសកល ជ្រើសរើសក្រុមប្រឹក្សា នៅក្នុងក្រុងស្រុក ដែលទើបបំបែក និងបង្កើតថ្មី នៅថ្ងៃទី៩ មេសាខាងមុខ។

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានលើកឡើងថា នៅក្នុងស្រុកក្រុងនីមួយៗ ត្រូវមានប្រធានគ្រប់គ្រងរដ្ឋបាល និងក្រុមប្រឹក្សា ប៉ុន្តែនៅក្នុងស្រុកក្រុងដែលបំបែក និងបង្កើតថ្មីនេះ ពុំទាន់មានក្រុមប្រឹក្សានោះទេ។ ដូច្នេះហើយទើប គ.ជ.ប ត្រូវរៀបចំបោះឆ្នោតឡើងវិញ ជាលក្ខណៈអសកល។
 
មុនពេលបោះឆ្នោតនេះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត(គខប) បានទុកពេលប្ដឹងតវ៉ា ឬជំទាស់លើបញ្ជីឈ្មោះបោះឆ្នោតក្រុងស្រុកដែលបំបែក និងបង្កើតថ្មី ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ខែមីនា ។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៣ ខែមីនានេះ គ.ខ.ប ពុំទាន់ទទួលបានបណ្ដឹងនោះទេ ។
 
លោក ពុទ្ធា បានពន្យល់បែបនេះថា ការប្ដឹងតវ៉ាលើបញ្ជីបោះឆ្នោត សំដៅលើបញ្ជីឈ្មោះ អ្នកដែលត្រូវបោះឆ្នោត នៅតាមការិល័យនីមួយៗ។ ត្រង់ចំណុនេះ ប្រសិនបើក្នុងបញ្ជីនោះមានខុសអក្សរ ឬខុសឈ្មោះ ទីលំនៅ ពួកគេអាចទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យគេកែតម្រូវឡើងវិញ។
 
ការបោះឆ្នោតនេះ មានគណបក្សចំនួន ៣ ដែលបានចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិច។
 
លោក ពុទ្ធា បានបន្ថែមថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុកបំបែក និងបង្កើតថ្មីនេះ នឹងទទួលបានលទ្ធផលល្អ ដោយសារអង្គបោះឆ្នោតសុទ្ធតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងតំណែង។
 
គណៈកម្មការខេត្តរៀបចំការបោះឆ្នោត(គខប) នឹងរៀបចំការបោះឆ្នោតលើកទី១(ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល , ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលបានបំបែក និងបង្កើតថ្មី ។ នេះបើតាមលោក ហង្ស ពុទ្ធា។
 
សូមជម្រាបថា សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល មានសមាជិកក្រុមប្រឹក្សាចំនួន ១៩នាក់ និង ក្រុងសំពៅពូន មានសមាជិកក្រុមប្រឹក្សាចំនួន ១៩នាក់។ ខេត្តកំពង់ស្ពឺ គឺក្រុងឧដុង្គម៉ែជ័យ ដែលមានសមាជិកក្រុមប្រឹក្សា ១៧នាក់ និងស្រុកសាមគ្គីមុនីជ័យ មានសមាជិកក្រុមប្រឹក្សា ១៩នាក់។ ចំណែកខេត្តក្រចេះ មានស្រុកអូរគ្រៀងសែនជ័យ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន ១៥នាក់៕

Tag:
 (ជាតិ
  បោះឆ្នោត គខប)
© រក្សាសិទ្ធិដោយ thmeythmey.com