ជាតិ
ឃុំកោះស្ដេច ត្រូវបានប្រកាសជាឃុំអស់មីន 
រូបភាពពីអាជ្ញាធរមីន
×![]()
ភ្នំពេញ៖ ឃុំកោះស្ដេច ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រកាសជាឃុំអស់មីន កាលពីថ្ងៃទី១០ មីនា។ បើតាមលោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន កងកម្លាំងរក្សាសន្តិភាព បានបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១.១៣៩.៦៣៦ម៉ែត្រក្រឡា ស្មើនឹង៨ចម្ការមីន នៅឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ការបោសសម្អាតមីននៅឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង មានការគាំទ្រថវិកាពីសមាគម TAFTAC។ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) លើផ្ទៃដី១.១៣៩.៦៣៦ ម៉ែត្រក្រឡា។
លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន លើកឡើងថា ក្នុងឆ្នាំ២០២៣នេះ ក្រុង-ស្រុកចំនួន ០៦ ក្នុងខេត្តកោះកុង នឹងបញ្ចប់ការងារបោសសម្អាតមីន ដែលមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិគ្មានមីនឆ្នាំ២០២៥ ប្រទេសជប៉ុន និងសមាជិក TAFTAC។ ក្រុង-ស្រុកដែលនឹងបញ្ចប់ការងារបោសសម្អាតមីន រួមមានក្រុងខេមរភូមិន្ទ, ស្រុកបុទុមសាគរ, ស្រុកគិរីសាគរ, ស្រុកស្រែអំបិល, ស្រុកកោះកុង និងស្រុកថ្មបាំង។
រូបភាពពីអាជ្ញាធរមីន
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរមីនប្រកាសជាខេត្តអស់មីនទី៧ បន្ទាប់ពីខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាផ្លូវការ ក្នុងឆ្នាំ២០២២ កន្លងទៅ៕
រូបភាពពីអាជ្ញាធរមីន
Tag:
កោះកុង
កោះស្ដេច
មីន
© រក្សាសិទ្ធិដោយ thmeythmey.com