កីឡាអន្តរជាតិ
អន្តរជាតិ
៥០០ថ្ងៃ នៃអូឡាំពិកទីក្រុងប៉ារីស ៖ ​អ្នករៀបចំកម្មវិធីធ្វើការងារខ្លាំង តែព្រួយបារម្ភពីសុវត្ថិភាពជាចម្បង
13, Mar 2023 , 9:30 pm        
រូបភាព
គម្រោងនៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅសល់៥០០ថ្ងៃទៀតប៉ុណ្ណោះ។ អ្នករៀបចំកម្មវិធីប្រកួតសន្យាថានឹងធ្វើឱ្យមានភាពអស្ចារ្យខ្លាំងបំផុត ជាពិសេសកត្តាផ្នែកសន្តិសុខសុវត្ថិភាពល្អ ។



ចក្ខុវិស័យនៃកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដូចដែលលោក Emmanuel Macron ប្រធានាធិបតីបារាំង ធ្លាប់បានប្រកាសនោះគឺ ការរៀបចំយកកម្មវិធីចាកចេញពីទីតាំងដើមដែលជាទម្លាប់ធ្វើក្នុងកីឡដ្ឋានធំៗ​ មកធ្វើនៅទីតាំងខាងក្រៅកណ្តាលទីក្រុងវិញម្តង។ 
 
កម្មវិធីបើកការប្រកួត Paris 2024 នឹងធ្វើឡើងនៅតាមបណ្តោយមាត់ទន្លេ Seine ជាមួយការប្រើប្រាស់ទូកសម្រាប់ដឹកក្រុមអត្តពលិក ដែលចូលរួមប្រកួតសម្រាប់កម្មវិធីដ៏ប្លែកមួយនេះ។ កម្មវិធីបើកលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិកនេះ ត្រូវបានគេរំពឹងថា ថ្ងៃកម្មវិធីបើកនឹងអាចទាក់ទាញអ្នកទស្សនាអបអរសាទររហូតដល់ទៅប្រមាណជាង ៦សែននាក់ក្នុងទីក្រុងវប្បធម៍ដ៏ល្បីល្បាញមួយនេះ។
 
អ្នករៀបចំកម្មវិធីបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ខ្លួនកំពុងមមារញឹកខ្លាំង លើគម្រោងនេះ។
 
«គ្រប់គ្នាកំពុងតែធ្វើការងារខ្លាំង និងធ្វើការងារក្នុងបរិមាណដ៏ច្រើន។ កម្មវិធីដូចនេះ មិនធ្លាប់ត្រូវបានធ្វើឡើងពីមុនមកឡើយ ប៉ុន្តែយើងស្ថិតក្នុងគ្រោងការធ្វើវា យើងនឹងត្រៀមឱ្យរួចរាល់។»។ នេះបើតាមមន្រ្តីជាន់ខ្ពស់បារាំងម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងដំណើរការនេះ។
 
ខណៈការរៀបចំបានលេចចេញរូបរាងបណ្តើរមក ចំនួនទូកសម្រាប់កម្មវិធីក៏កើនឡើង សម្រាប់ទស្សនិកជន ។ ប៉ុន្តែការគ្រប់គ្រង់ហ្វូងមនុស្ស​ ព្រមទាំងការប្រឆាំងទៅនឹងអំពើភេរវកម្ម ឬក៏គ្រោះថ្នាក់ផ្សេង នៅតែជាបញ្ហាចម្បងក្នុងការជជែកពិភាក្សារកដំណោះស្រាយ។
 
លើកត្តាទាំងនេះមន្រ្តីប៉ូលិសបារាំង បាននិយាយប្រាប់ AFP ដូច្នេះ៖«យើងមិនដែលធ្វើការលើសេណារីយ៉ូដូចនេះឡើយ។ នៅដែលវាជារឿងដដែលៗ យើងអាចយល់បាន និងការកែលម្អរ យើងនឹងស្វែងយល់អំពីដំណើរការនេះ ហើយនឹងធ្វើវាឱ្យចំគោលដៅតែមួយតែម្តង។»។
 
សម្រាប់ថ្ងៃកម្មវិធីបើក តម្រូវឱ្យអ្នកទស្សនា ស្ថិតនៅតម្រង់ជួរតាមបណ្តាយមាត់ទន្លេចម្ងាយជាង ៦គីឡូម៉ែត្រ។ គេរំពឹងថា នឹងមានអ្នកទស្សនាពីចន្លោះ ៤សែន ទៅ ៦សែននាក់។
 
សម្រាប់តម្លៃសំបុត្រវិញ Paris 2024 បានរៀបចំទីតាំងអង្គុយជាពីរផ្នែក ដោយមានផ្នែកខាងក្រោមនឹងខាងលើ ដោយនៅតាមបណ្តោយមាត់ទន្លេ នឹងមានរៀបចំទីតាំងអង្គុយដូចកៅអីក្នុងកីឡដ្ឋានប្រកួតកីឡាផ្សេងៗ។ សំបុត្រផ្នែកកៅអីខាងក្រោម មានតម្លៃប្រហែងចាប់ពី ៩៦អឺរ៉ូ ខណៈដែលកៅអីខាងលើ ដែលងាយស្រួលទស្សនានោះ មានតម្លៃថ្លៃប្រមាណជាង ២៧០០អឺរ៉ូ។
 
អ្នករៀបចំបាននិយាយថា សំបុត្រមានតម្លៃថ្លៃដោយសារតែកម្មវិធីមានភាពប្លែកខុសពីលើកមុនមក នឹងងាយស្រួលដល់អ្នកទស្សនាមើលឃើញទាំងទេសភាពទីក្រុងរួមបញ្ចូលគ្នា៕

Tag:
 (Olympic
  Paris 2024)
© រក្សាសិទ្ធិដោយ thmeythmey.com