ជាតិ
ប្រធាន គ.ជ.ប ទៅទស្សនកិច្ចមើលប្រព័ន្ធបោះឆ្នោតបារាំង ដើម្បីយកបទពិសោធន៍អនុវត្តនៅកម្ពុជា
13, Mar 2023 , 10:00 pm        
រូបភាព
លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)
លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)
ដោយ:
លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងនាំធាតុចូលជាវិជ្ជមាន មកបំពេញនូវទម្រង់ខ្វះខាតនៃការបោះឆ្នោតនៅកម្ពុជា។



លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា  បានបន្តថា គ.ជ.ប មានគម្រោងដកពិសោធន៍ និងតាមមើលអ្វីដែលជាទិដ្ឋភាពបោះឆ្នោតនៅប្រទេសបារាំង ហើយនឹងនាំមកវិញនូវបទពិសោធន៍ល្អៗ និងចំណុចវិជ្ជមាន ដើម្បីយកមកអនុវត្តនៅកម្ពុជា។
 
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី ១៣ ខែមីនាថា ៖«ក្រៅពីការសង្កេតមើលប្រព័ន្ធលើវិស័យបោះឆ្នោតបារាំង គ.ជ.ប នឹងយកចំណុចវិជ្ជមានសម្រាប់អនុវត្តបោះឆ្នោតនៅកម្ពុជា។ គ.ជ.ប នឹងពិភាក្សាជាមួយក្រុមសមាជិក គ.ជ.ប ទាំង ៩រូប ថាតើចំណុចទាំងនោះ នឹងមានអត្ថប្រយោជន៍ លើកកម្ពស់នៃការបោះឆ្នោតនៅកម្ពុជាបែបណាខ្លះ ហើយវាស្របជាមួយច្បាប់កម្ពុជាដែរទេ ទើបគណៈកម្មការ អនុម័តតាមតម្រូវការ នៃការបោះឆ្នោតនៅកម្ពុជា»។


លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)

លោក សម គន្ធាមី នាយកស្ដីទីអង្គការនិកហ្វិច បាននិយាយថា គ.ជ.ប ទៅមើលប្រព័ន្ធបោះឆ្នោតរបស់បារាំង គឺជាសញ្ញាវិជ្ជមានមួយ ដើម្បីសិក្សារៀនសូត្រនៃដំណើរការបោះឆ្នោត និងយកមកអនុវត្តនៅកម្ពុជាប្រកបដោយរលូន។
 
លោក សម គន្ធាមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាគាត់ទៅយកបទពិសោធន៍ ដើម្បីរៀនសូត្រពីស្រុកគេ យកមកកែតម្រូវរាល់ចំណុចខ្វះខាតនៅកម្ពុជា គឺល្អ ព្រោះស្របពេលកម្ពុជាជិតដល់ថ្ងៃបោះឆ្នោតដែរ»។ 
 
នៅថ្ងៃបោះឆ្នោតខាងមុខនេះ នាយកស្ដីទីអង្គការនិកហ្វិច នឹងដាក់អ្នកអង្កេតការតាមការិល័យបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែលោកមិនអាចបញ្ជាក់បាននោះទេ ថាត្រូវបញ្ជូនទៅប៉ុន្មាន ដោយសារអង្គការខ្វះខាតថវិកា។ លោក គន្ធាមី លើកឡើងបែបនេះ ហើយបញ្ជាក់ថា ៖«ការដាក់ចំនួនកម្លាំងសង្កេតការបោះឆ្នោតនេះ អាស្រ័យទៅលើការថវិកា»។
 
លោក សម គន្ធាមី បានបន្ថែមថា ការបោះឆ្នោតនៅថ្ងៃខែកក្កដាខាងមុខ នឹងដំណើរការបានយ៉ាងរលូន គឺអធ្យាស្រ័យទៅលើជំហបរិយាកាសនយោបាយ និងសិទ្ធប្រជាពលរដ្ឋ។ លោក គន្ធាមី សង្ឃឹមថា ស្ថានភាពបរិយាកាសនយោបាយ នឹងមានភាពទូលំទូលាយ។
 
សូមជម្រាបថា លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំប្រតិភូកម្ពុជា ទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង ចាប់ពីថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី ១៩ខែមីនា៕ 

Tag:
 (គជប
  បោះឆ្នោតនៅបារាំង)
© រក្សាសិទ្ធិដោយ thmeythmey.com