កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola ៖ សម័យកាលដឹកនាំ Man City នឹងត្រូវវិនិច្ឆ័យថា ខ្ញុំអាចឈ្នះ UCL ឬអត់
14, Mar 2023 , 11:09 am        
រូបភាព
Pep Guardiola បានឈ្នះពានរង្វាន់ចំនួន ៩ ជាមួយ Manchester City ក្នុងនាមជាអ្នកចាត់ការ ។ ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញ ​បាននិយាយថា សម័យកាលនៃការដឹកនាំក្លិបនៅ Premier League មួយនេះ នឹងត្រូវកំណត់លោក ថាតើនឹងលើកពាន Champions League ជាលើកដំបូងឬក៏អត់?



សម្រាប់ការដឹកនាំក្រុម Man City លោក Guardiola លើកពានរង្វាន់ Premier League ចំនួន ៤លើក, FA Cup ១លើក, League Cup ៤លើក ប៉ុន្តែក្រុមខ្លាំងប្រចាំអង់គ្លេសនាពេលបច្ចុប្បន្នមួយនេះ មិនជោគជ័យក្នុងការប្រជែងពានអឺរ៉ុបឡើយ ខណៈដែលមានអ្នកចាត់ការធ្លាប់ដឹកនាំ Barcelona ឈ្នះ Champions league នេះដល់ទៅ ២លើក។ កាលពីឆ្នាំ ២០២១ Man City បានត្រឹមជាក្រុមជើងឯករង ក្រោយចាញ់ Chelsea ១-០ វគ្គផ្តាច់ព្រ័ត្រ។
 
នៅពេលអ្នកកាសែតសាកសួរថា ប្រសិនបើឈ្នះពានរង្វាន់ជាមួយ Man City អាចក្លាយជាការបង្ហាញភាពជោគជ័យរបស់លោក ក្នុងក្រសែភ្នែកសាធារណៈជនឬយ៉ាងណា? លោក Guardiola ឆ្លើយប្រាប់អ្នកកាសែតដូច្នេះថា៖«បាទពិត! នោះក៏មិនមានន័យថាខ្ញុំយល់ស្របទាំងស្រុងលើរឿងនេះទេ ប៉ុន្តែជាដាច់ខាត យើងនឹងត្រូវបានវិនិច្ឆ័យសម្រាប់ការប្រកួតប្រជែងនោះ។»។
 
អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានរំលឹកអំពីការមកដឹកនាំក្រុមដំបូងរបស់លោកនៅ Man City ដែលកាលនោះ ត្រូវបានអ្នកកាសែតសួរសំណួរស្រដៀងគ្នានេះ ទាក់ទងនឹងការប្រជែង Champions League។
 
«ការប្រកួត Champions League ដំបូងរបស់ខ្ញុំនៅទីនេះ (ក្នុងឆ្នាំ ២០១៦) ពួកគេបានសួរថា តើអ្នកមកទីនេះដើម្បីឈ្នះ Champions League? ប្រសិនបើខ្ញុំជាអ្នកចាត់ការសម្រាប់ Real Madrid ខ្ញុំអាចយល់បានពីរឿងនេះ ។ ប៉ុន្តែនេះមិនមែនខ្ញុំទទួលយកវា តាមអ្វីដែលយើងអាចឈានទៅបាន វាមិននឹងប្រែប្រួលអ្វីនោះទេ។»។​ នេះជាការលើកឡើងពីសំណាក់លោក Guardiola នាសន្និសីទមុនការប្រកួតជើងទីពីរទល់ក្រុម RB Leipzig ជំនួប Champions League វគ្គ១៦ក្រុម។
 
ក្រុមរហ័សនាមមេឃខៀវនឹងបើកទ្វារកីឡដ្ឋាន Etihad ប្រទេសអង់គ្លេសស្វាគមន៍ក្រុមភ្ញៀវ RB Leipzig សម្រាប់ជំនួបជើងទីពីរវគ្គ ១៦ក្រុមចុងក្រោយ នារាត្រីថ្ងៃទី១​៤ ខែមីនា បន្ទាប់ពីការប្រកួតជើងទីមួយ បញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១៕
 
 

Tag:
 Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com