អន្តរជាតិ
ហ្វីលីពីន និងអាមេរិកចាប់ផ្ដើមសមយុទ្ធយោធារួមគ្នា ខណៈចិនរិះគន់
14, Mar 2023 , 11:39 am        
រូបភាព
ហ្វីលីពីន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាររួមគ្នានាថ្ងៃទី១៣ ខែមីនា ដោយផ្តោតលើ​ការ​ពង្រឹង​សមត្ថភាពរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងការការពារខ្លួន​ និងការពារទឹកដីរបស់ខ្លួន​ពីការគំរាម​ពីខាងក្រៅ។

 
ទាហានហ្វីលីពីន និងអាមេរិកជាង៣,០០០នាក់ចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំរយៈពេល៣សប្តាហ៍​ដែលមានឈ្មោះថា Salaknib ដែលពាក់ព័ន្ធនឹងសមយុទ្ធបាញ់គ្រាប់ពិត អាវុធធុនតូច កាំភ្លើងធំ ឬ​កាំភ្លើងត្បាល់ និងគម្រោងសាងសង់ផ្សេងៗ។
 
«សេណារីយ៉ូ (នៃសមយុទ្ធ) នឹងពាក់ព័ន្ធនឹងការការពារប្រជុំកោះហ្វីលីពីនពីអ្នក​ឈ្លានពានបរទេស»។ មេបញ្ជាការកងទ័ពហ្វីលីពីនឧត្តមសេនីយ៍ឯក Romeo Brawner បានប្រាប់អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធីបើកសមយុទ្ធ រួចបន្តថា ដោយសារនេះជាសមយុទ្ធរវាងកងទ័ពនិងកងទ័ព លំហាត់នេះនឹង​ផ្តោត​លើ​ប្រតិបត្តិការការពារ ដូចជាការការពារដែនអាកាស និងការការពារពីច្រាំងសមុទ្រផងដែរ។
 
សមយុទ្ធភាគច្រើននឹងធ្វើទៅនៅមូលដ្ឋាន​ ​​​Fort Magsaysay ដែលជាជំរំយោធាដ៏ធំបំផុតរបស់​ហ្វីលីពីន និងជាទីតាំងមួយក្នុងចំណោមទីតាំងទាំងប្រាំដែលអាមេរិក មានសិទ្ធិចូលប្រើប្រា​ស់​ក្រោម​កិច្ច​ព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយ​ទីក្រុងម៉ានីល។ 
 
នៅក្រោមកិច្ចព្រមព្រៀងនេះ អាមេរិកអាចប្រើប្រាស់មូលដ្ឋានសម្រាប់ការហ្វឹកហ្វឺនរួមគ្នា ការកំណត់​ទីតាំងជាមុននៃសម្ភារៈចាំបាច់ និងការកសាងគ្រឿងបរិក្ខារដូចជាផ្លូវហោះហើរ កន្លែងផ្ទុក​ប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា ប៉ុន្តែមិនមែនដើម្បីរក្សាវត្តមានអចិន្ត្រៃយ៍នោះទេ។
 
ជាការឆ្លើយតប ចិនបានរិះគន់កិច្ចព្រមព្រៀងដែលបានពង្រីកវត្តមានអាមេរិកនេះថាជាផ្នែកនៃ កិច្ចខិតខំរបស់ក្រុងវ៉ាស៊ីនតោនក្នុងការឡោមព័ទ្ធនិងទប់ស្កាត់ចិនតាមរយៈសម្ព័ន្ធភាពយោធាជាមួយក្រុងមានីល។
 
«តាមរយៈការធ្វើសកម្មភាពទាំងនេះ អាមេរិកមិនត្រឹមតែបង្កើនភាពតានតឹង និងជំរុញឱ្យ​មាន​ជម្លោះ​រវាង ចិននិងហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំខាន និងធ្វើឱ្យខកចិត្តដល់កិច្ចខិតខំរួមគ្នារបស់ ប្រទេសនៅក្នុងតំបន់នេះដើម្បីការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង»។ អ្នក​នាំ​ពាក្យ​ស្ថានទូតចិនប្រចាំក្រុងមានីលបានលើកឡើងបែបនេះ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី១២ ខែមីនា។
 
ហ្វីលីពីនមិនទាន់បានបង្ហាញពីមូលដ្ឋានបន្ថែមដែលអាមេរិកនឹងអាចចូលប្រើប្រាស់បាននោះទេ ប៉ុន្តែ​អតីតមេយោធាហ្វីលីពីននិយាយថា មូលដ្ឋានទាំងនោះរួមមានមូលដ្ឋាននៅលើកោះ Luzon ដែល​បែរ​មុខទៅខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ និងនៅលើកោះ Palawan ដែល​ស្ថិត​នៅ​ភាគនិរតីក្បែរជម្លោះកោះ Spratly នៅសមុទ្រចិនខាងត្បូង៕
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com