ជាតិ
សង្គមជាតិ
ចិន៣នាក់ និងខ្មែរ១នាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធក្នុងក្លិបនៅព្រះសីហនុ
14, Mar 2023 , 2:09 pm        
រូបភាព
បុរស៤នាក់ ដោយក្នុងនោះ មានចិន៣នាក់ និងខ្មែរ១នាក់ ត្រូវកម្លាំងសមត្ថកិច្ច ស្រាវជ្រាវរហូតដល់ចាប់បាន ក្រោមការសង្ស័យថា ពួកគេ ជាប់ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធក្នុងក្លិបកម្សាន្ត១កន្លែងនៅខេត្តព្រះសីហ៊ុន។ ទំព័រហ្វេសប៊ុក «ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ» ផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២៩ឲ០២៣នេះ ថា កម្លាំងសមត្ថកិច្ច បានចាប់ពួកគេក្នុងកាស៊ីណូ១កន្លែង នៅខេត្តព្រះសីហនុ ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 
យោងតាមប្រភពដដែល កម្លាំងសមត្ថកិច្ច បានរឹបអូសកាំខ្លី១ដើម ដែលមាន១៤គ្រាប់ និងរថយន្ត២គ្រឿង។ នគរបាល បញ្ជាក់តាមរយៈអត្ថបទព័ត៌មានដែលផ្សាយលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធី និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន»។ 
 
នគរបាល អះអាងថា ករណីផ្ទុះអាវុធក្នុងក្លិប កាលពីថ្ងៃទី១២មីនា គឺបង្កឡើងដោយមនុស្ស៥នាក់ ហើយបន្ទាប់ពីបង្កហេតុនេះរួច ពួកគេ ក៏នាំគ្នារត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចេញបញ្ជាឲ្យកងកម្លាំង ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនល្មើស៕ 

Tag:
 ផ្ទុះអាវុធនៅព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com