កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ៖ Pogba ត្រូវសម្រាក៣សប្តាហ៍ ក្រោយរងរបួសភ្លៅពេលហ្វឹកហាត់
14, Mar 2023 , 8:29 pm        
រូបភាព
Paul Pogba ខ្សែបម្រើក្រុម Juventus នឹងត្រូវសម្រាកប្រមាណជាង ៣សប្តាហ៍ បន្ទាប់ពីរងរបួសភ្លៅអំឡុងពេលទាត់បាល់ពិន័យ Free-kick ក្នុងពេលហ្វឹកហាត់ត្រៀមសម្រាប់ជំនួបទល់ក្រុម Freiburg ជើងទីពីរពានរង្វាន់ Europa League។



ខ្សែបម្រើវ័យ ២៩ឆ្នាំ នឹងត្រូវអវត្តមានសម្រាប់ក្រុមសេះបង្កង់ Juventus សារជាថ្មីម្តងទៀត ។ រូបគេក៏នឹងខកខានការប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំងនៃការប្រកួតជម្រុះ ​Euro 2024។ អំឡុងការប្រកួតក្នុងពានរង្វាន់​ Europa League កាលពីសប្តាហ៍មុនទល់ក្រុម Freiburg ខ្សែបម្រើ Pogba ត្រូវបាន Juventus ដកឈ្មោះចេញពីការប្រកួតដោយលើកហេតុផលបញ្ហាផ្ទាល់ខ្លួនរបស់កីឡាករ និងមិនមានការបញ្ជាក់ច្បាស់លាស់ឡើយ។
 
សម្រាប់ជំនួបរបស់ Juventus យកឈ្នះលើក្រុម Sampdoria ៤-២ កាលពីថ្ងៃទី១២ មីនា Pogba គ្មានវត្តមានលេងជាមួយក្រុមឡើយ។ បន្ទាប់ពីក្រុមបានយកឈ្នះលើគូប្រកួតនៃជំនួបក្របខណ្ឌ Serie A អ្នកចាត់ការក្រុមលោក ​Massimiliano Allegri បានអះអាងពីបញ្ហារបួសរបស់ Pogba។
 
«នាព្រឹកនេះ Pogba បានហ្វឹកហាត់ទាត់បាល់ ​Free-kick ហើយរូបគេក៏មានអារម្មណ៍ថាភ្លៅរបស់គេឈឺដោយចលនាអ្វីមួយ។ នៅខាងភ្លៅស្តាំរបស់គេមានការដាច់រហែកកម្រិតទាបមួយ ហើយពេលនេះគេបានចាប់ផ្តើមរួចហើយជាមួយនឹងការព្យាបាលស្តារកាយសម្បទាឡើងវិញ ដើម្បីបំណងបន្តសកម្មភាពប្រកួតប្រជែង។»។ លោក Allegri បាននិយាយបែបនេះ។
 
Juventus នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ប្រកួតទល់ក្រុម Freiburg ជើងទីពីរ Europa League នៅថ្ងៃទី១៥ មីនា ហើយ Pogba ក៏នឹងគ្មានវត្តមានជួយក្រុមដដែល។ ចាប់តាំងពីវិលមកចូលរួមជាមួយ Juventus អតីតខ្សែបម្រើក្រុម Manchester United និងជម្រើសជាតិបារាំងទើបតែបង្ហាញខ្លួនលេងឱ្យក្រុមសេះបង្កងបាន ២ប្រកួតប៉ុណ្ណោះ។
 
កីឡាករជួយឱ្យបារាំងឈ្នះជើងឯក World Cup 2018 បានញាំញីដោយការរងរបួសជង្គង់បន្តទៀត អំឡុងការប្រកួតត្រៀមបើករដូវកាលថ្មី ។  បញ្ហារបួសនេះ កាន់តែធ្វើឱ្យរូបគេបាត់មុខពីការប្រកួតជាបន្តបន្ទាប់ សូម្បីតែការប្រកួត World Cup 2022 ឆ្នាំមុន គេក៏មិនមានឈ្មោះលេងឱ្យក្រុមបារាំងដូចគ្នា។
 
បន្ទាប់ពីវិលមកកាន់ Juventus សម្រាប់រដូវកាល ២០២២-២៣ Pogba ទទួលបានការព្យាបាលរបួសដំបៅក្នុងសរសៃពួរ ហើយក៏បានលេងឱ្យក្រុមវិញកាលពីខែមករា ដើមឆ្នាំ២០២៣។ ប៉ុន្តែមកដល់ពេលនេះ រូបគេមានបញ្ហារបួសភ្លៅបន្ថែម ទៀតដែលរារាំងការវិលត្រលប់ទៅកាន់សកម្មភាពបាល់ទាត់របស់គេ៕
 

Tag:
 Paul Pogba
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com