ជាតិ
កម្ពុជា ត្រូវការសេដ្ឋីក្នុងស្រុកចូលរួមវិនិយោគលើវិស័យកែច្នៃចន្ទី
14, Mar 2023 , 8:59 pm        
រូបភាព
ចម្ការស្វាយចន្ទីមួយ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា។ រូបថត៖ សែម វណ្ណា
ចម្ការស្វាយចន្ទីមួយ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា។ រូបថត៖ សែម វណ្ណា
ភ្នំពេញ៖ កម្ពុជា មានសក្ដានុពលលើវិស័យកសិកម្ម ប៉ុន្តែការកែច្នៃកសិផល នៅមានកម្រិតទាបនៅឡើយ។ អ្នកជំនាញស្វាយចន្ទី ជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក បោះទុនលើវិស័យកសិកម្មច្រើនជាងបច្ចុប្បន្ន។

 
មួយរយៈចុងក្រោយនេះ​ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យមានការវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា ដើម្បីនាំចេញទៅកាន់បរទេស។ សម្ដេចមានចក្ខុវិស័យចង់ឱ្យកម្ពុជា ក្លាយជាអធិរាជចន្ទី លើពិភពលោក។ 
 
 

សម្ដេច ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី១៤ ខែមីនា នេះ ដូច្នេះ៖ «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី។ ឥឡុវ ស្វាយចន្ទី បានផលិតច្រើនជាងគេទាំងអស់។ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។»
 
សម្ដេច បន្ថែមថា វិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។ ជាក់ស្ដែង ស្វាយចន្ទី ដែលជាដំណាំសក្ដានុពល ទទួលបានការវិនិយោគតិចតួចប៉ុណ្ណោះ ស្របពេល កម្ពុជា ជាអ្នកផលិត និងចែកចាយគ្រាប់ស្វាយចន្ទីធំមួយ នៅទីផ្សារអន្តរជាតិ។ គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជា មានស្រាប់។
 
«ខ្ញុំបានមើលពិព័រណ៌នៅខេត្តកំពង់ធំថ្ងៃមុន។ ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។ នេះមិនទាន់គិត ចន្ទីកំពុងលូតលាស់ឡើង​ដែលមានប្រមាណ៧០ម៉ឺនហិកតា។ អ៊ីចឹង ថ្ងៃក្រោយទៅ ប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង ចន្ទី អាចចែកតាមទីផ្សារនៅលើពិភពលោកតែម្តង។ ប្រទេសណាក៏ត្រូវការ ជាពិសេសក្នុងវិស័យទេសចរណ៍ហ្នឹង ត្រូវការគ្រាប់ស្វាយចន្ទី»។ លោកនាយករដ្ឋមន្រ្តី ថ្លែងទាំងទឹកមុខរីករាយនៅក្នុងពិធី ពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១។ 
 
ក្រោយមានការចាប់អារម្មណ៍ខ្ពស់លើចន្ទីកម្ពុជា លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក)​ សប្បាយចិត្តយ៉ាងខ្លាំង និងសង្ឃឹមថា វិស័យស្វាយចន្ទីកម្ពុជា មានភាពរីកចម្រើនទាំងការដាំដុះ និងការកែច្នៃ។ ប្រធានសសករូបនេះ គាំទ្រប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយស្វាយចន្ទីកម្ពុជា។ 

របាយការណ៍នាំចេញគ្រាប់ស្វាយចន្ទីរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២។ រូបថត៖ សសក

«កម្ពុជា ត្រូវការរោងចក្រមិនតិចជាង៣០បន្ថែមទៀត ទើបអាចស្រូបទាញការទិញគ្រាប់ឆៅដែលខ្លួនផលិតបាន»។ លោក អួន ស៊ីឡុង ប្រាប់ ThmeyThmey25 តាមតេឡេក្រាមដូច្នេះ។ 
 
ស្វាយចន្ទីកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះថា គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពល្អ គ្រាប់ធំ និងមិនមានជំងឺ ដូចគ្រាប់ស្វាយចន្ទី ដែលនាំចូលពីអាហ្រ្វិក។ ប្រទេស ដែលសម្លឹងឃើញការវិនិយោគដំណាំស្វាយចន្ទីនៅកម្ពុជា មានចិន ឥណ្ឌា និងជប៉ុន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា សង្ឃឹមថា រដ្ឋាភិបាល នឹងផ្ដល់កម្ចីការប្រាក់ពិសេសនិងការលើកលែងពន្ធពិសេសសម្រាប់ម្ចាស់សហគ្រាសស្វាយចន្ទី និងកសិករ។ 

ប្រធានសមាគមស្វាយចន្ទីរូបនេះ ថ្លែងដូច្នេះ៖ «ប្រសិនបើយើងចង់ឱ្យវិស័យស្វាយចន្ទីដើរលឿន យើងលើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុក ជៀសជាងអ្នកវិនិយោគបរទេស។ យើងលើកទឹកចិត្តឱ្យ សេដ្ឋីៗ និងលោកឧកញ៉ាក្នុងស្រុក វិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងការនាំចេញ»។ 
 
លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាល បង្កើតជាឧទ្យានកសិឧហ្សាកម្មពិសេស ដើម្បីផ្ដល់អាទិភាពបន្ថែម ដល់ការកែច្នៃស្វាយចន្ទីកម្ពុជា។ ឧទ្យានកសិឧហ្សាកម្ម គឺជាបណ្ដុំរោងចក្រកែច្នៃ ផលិតផលកសិកម្មនៅក្នុងស្រុក។ ឬកែប្រែកសិករ ឱ្យក្លាយជាអ្នកកែច្នៃគ្រាប់ស្វាយចន្ទី លក់ឱ្យរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ យកទៅកែច្នៃតម្រូវស្ដង់ដារនាំចេញ»។ 
 
ជាមួយគ្នានេះ ក្នុងនាមជាប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ស្នើសុំឱ្យមានសេវាកម្មប្រឹក្សាបច្ចេកទេសដាំដុះ ដល់កសិករក្នុងមូលដ្ឋាន ដើម្បីឲ្យកសិករចំណាយតិច និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកចង់ឱ្យកសិករអាចកាត់បន្ថយថ្លៃដើមផលិត ដូចជាទឹក អគ្គសនី ភស្តុភាកម្ម។ ជាមួយគ្នានេះ លោក ស៊ីឡុត សង្ឃឹមថា មានការបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជា ឃ្លាំងសហគមន៍ពហុបំណង  (Logistics Center) នៅគ្រប់គោលដៅសក្តានុពល៕
 

Tag:
 ចន្ទី
  ស្វាយចន្ទី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com