ជាតិ
អាជ្ញាធរ ផ្អាកចរាចរណ៍ផ្លូវទឹកគ្រប់ប្រភេទ នៅស្ពានព្រែកព្នៅ២ថ្ងៃ ដើម្បីដាក់បំពង់ទឹកស្អាត
14, Mar 2023 , 9:59 pm        
រូបភាព
ស្ពានព្រែកព្នៅ ចំណុចដែលក្រុមការងាររដ្ឋាករទឹកនឹងចុះតភ្ជាប់បំពង់ទឹក។ រូបពី រដ្ឋាករទឹក
ស្ពានព្រែកព្នៅ ចំណុចដែលក្រុមការងាររដ្ឋាករទឹកនឹងចុះតភ្ជាប់បំពង់ទឹក។ រូបពី រដ្ឋាករទឹក
ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នឹងផ្អាកចរាចរណ៍ ឆ្លងកាត់ចំណុចស្ពានព្រែកព្នៅរយៈពេល២ថ្ងៃ ដើម្បីតភ្ជាប់បំពង់ទឹកស្អាតនៅបាទទន្លេសាប។

 
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានស្នើទៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សុំតភ្ជាប់និងអនុវត្តការងារដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាប ដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច។ ការតភ្ជាប់នេះ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្តីត្រូវការបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅឱ្យទាន់តាមកម្មវិធីផែនការដែលបានកំណត់។ 
 
សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានប្រាប់ទៅសាធារណជន ពិសេសម្ចាស់នាវា ឬមធ្យោបាយតាមផ្លូវទឹកគ្រប់ប្រភេទថា ការដាក់បំពង់មេនាំទឹកស្អាតនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៥ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦ល្ងាចថ្ងៃទី១៦មីនា។ 
 
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានបញ្ជាក់ថា៖ «ដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សូមបិទការធ្វើនាវាចរណ៍ជាបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកទន្លេសាប ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើ»។ 
 
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សង្ឃឹមថាម្ចាស់នាវា និងមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក នឹងយោគយល់ ហើយសហការ អនុវត្តតាមការជូនដំណឹង៕ 
 
 

Tag:
 ចរាចរណ៍ផ្លូវទឹក
  ព្រែកព្នៅ
© រក្សាសិទ្ធិដោយ thmeythmey.com