សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះបន្ទាប់ពីការដួលរលំនៃធនាគារអាម៉េរិក​២
15, Mar 2023 , 9:29 am        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ទីផ្សារភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅក្នុងក្នុងបន្ទាត់ពណ៌ក្រហម នៅក្នុងសន្ទស្សន៍នៃការជួញដូរនាថ្ងៃទី១៤ ខែមីនា ស្របពេលដែលអ្នកវិនិយោគជាច្រើនបានលក់ភាគហ៊ុនរបស់ខ្លួន បន្ទាប់ពីមានការដួលរលំធនាគារធំៗចំនួនពីរនៅអាម៉េរិកគឺ Silicon Valley Bank និង Signature Bank ។

 
សន្ទស្សន៍នៃទីផ្សារភាគហ៊ុនតូក្យូ (ជប៉ុន) ភាគហ៊ុនស៊ីដនី (អូស្ត្រាលី) និងភាគហ៊ុនសេអ៊ូល (កូរ៉េខាងត្បូង) លាក់ចុះជិត២ភាគរយ ខណៈដែលទីផ្សារភាគហ៊ុនហុងកុង និងសៀងហៃ (ចិន) សិង្ហបុរី និងតៃប៉ិបានឃើញទិដ្ឋភាពនៃការលក់ភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ទាប់។
 
ក្នុងចំណោមធនាគារក្នុងតំបន់ ភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) និង Sumitomo Mitsui Financial Group ទាំងពីរនេះបានធ្លាក់ចុះជាង ៧ភាគរយ ខណៈដែលភាគហ៊ុនរបស់ HSBC ដែលបានចុះបញ្ជីក្នុងទីក្រុងហុងកុងបានធ្លាក់ចុះជាង៣ភាគរយ។ ធនាគារជាតិអូស្រ្តាលីបានធ្លាក់ចុះជាង ២ភាគរយ ខណៈ KB Financial Group របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ៣ភាគរយ ។
 
បើតាម Bloomberg ភាគហ៊ុនដែលមានតម្លៃប្រមាណ ៤៦៥ពាន់លានដុល្លារត្រូវបានដកហូតចេញពីទីផ្សារភាគហ៊ុនហិរញ្ញវត្ថុពិភពលោក ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ បើទោះបីជាមានការធានាដល់អ្នកវិនិយោគពីអាជ្ញាធរអាម៉េរិកដែលរួមមានធនាគារកណ្តាល (FED) រតនាគារជាតិអាម៉េរិក និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាម៉េរិក  (FDIC)ក៏ដោយ។
 
ជុំវិញការដួលរលំនៃធនាគារខាងលើនេះ អាជ្ញាធរអាម៉េរិកបានសន្យាការពារអ្នកដាក់ប្រាក់បញ្ញើ និងគាំទ្រធនាគារទាំងអស់ដែលត្រូវការសាច់ប្រាក់ ដោយបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការផ្តល់ប្រាក់កម្ចីរយៈពេលខ្លី។ 
 
អ្នកជំនាញជាច្រើនបានបង្ហាញពីមូលហេតុនៃការដួលរលំរបស់ SVB និង Signature Bank ដោយសារតែ FED បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទប់ស្កាត់អតិផរណាដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារភាគហ៊ុន។ ដូច្នោះហើយ អ្នកជំនាញរំពឹងថា FED ប្រហែលជាត្រូវផ្អាកគោលនយោបាយបច្ចុប្បន្ន ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ៕
 

Tag:
 ទីផ្សារភាគហ៊ុន
  អាស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com