ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពេល​សម្ពាធ​ឈាម​ចុះ​ខ្សោយ អាច​មាន​អារម្មណ៍​ដឹង​មុន​ដែរ​ទេ?
16, Mar 2023 , 6:59 am        
រូបភាព
​បេះដូង​ប្រៀបដូចជា​ម៉ាស៊ីន​សប់​ឈាម​ដ៏​ខ្លាំង​មួយ​អញ្ចឹង ដែល​វា​អាច​ច្របាច់​ឈាម​ចេញ​ទៅ​គ្រប់កន្លែង​ទាំងអស់​នៃ​រាងកាយ​តាមរយៈ​សរសៃឈាម​។ សម្ពាធ​ឈាម​អាច​វាស់​ដឹង​តាមរយៈ ការ​វាស់​លើ​កម្លាំង​ឈាម​ដែល​បាញ់​ចេញ​ពី​បេះ​ដូង​ខ្ទុប​ទៅនឹង​ជញ្ជាំង​សរសៃឈាម​។ ចំពោះ​សម្ពាធ​ឈាម​ធម្មតា​គឺ​ពី​ចន្លោះ ៩០/៦០ ទៅ ១៤០/៩០ mmHg​។ កាលណា​សម្ពាធ​ឈាម​ចុះ​ទាប​ជាង ៩០/៦០ mmHg មានន័យ​ថា សម្ពាធ​ឈាម​ខ្សោយ​ហើយ​។

 
តើ​មាន​អារម្មណ៍​ដូច​ម្តេចទៅ​ដែល​អាច​បញ្ជាក់​ថា​វា​ជាការ​ខ្សោយ​សម្ពាធ​ឈាម​?
 
​នៅពេល​សម្ពាធ​ឈាម​ចុះខ្សោយ ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅគ្រប់​សរីរាង្គ​នឹង​ថយចុះ​។ ការ​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​អាច​បណ្តាលឲ្យ​មាន​អាការៈ ឈឺក្បាល ឬ​វិលមុខ​។ បើសិនជា​ករណី​ធ្ងន់ធ្ងរ វា​អាច​បណ្តាល​ឲ្យ​សន្លាប់​បាន​ទៀតផង​។ កាលណា​ករណី​នេះ​ចេះ​តែ​បណ្តោយ​យូរ​ទៅៗ នឹង​ធ្វើ​ឲ្យ​ងាប់​កោសិកា​ខួរក្បាល​មិនខានឡើយ​។
 
​នៅពេល​សម្ពាធ​ឈាម​ខ្សោយ ការផ្គត់ផ្គង់​ឈាម​ទៅ​ចិញ្ចឹម​សាច់​បេះដូង​ក៏​ថយចុះ​ដែរ ដែល​នាំឲ្យ​កើត​ជា​បញ្ហា​ឈឺទ្រូង ឬ​ពិបាក​ដកដង្ហើម​។ នៅពេល​សម្ពាធ​ឈាម​ខ្សោយ ចង្វាក់បេះដូង​នឹង​កើត​ឡើង​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ដែល​ភាពខ្វះ​នៃ​សម្ពាធ​ឈាម ដូច្នេះ​អ្នកជំងឺ​អាច​នឹង​មាន​អាកា​រៈញ័រដើមទ្រូង​ថែម​ទៀត​។
 
​នៅពេល​សម្ពាធ​ឈាម​ចុះខ្សោយ ស្បែក​នឹង​ទៅ​ជា​ស្លេកស្លាំង និង​ត្រជាក់​ខ្លាំង​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​សរសៃឈាម​នៅ​ស្បែក​រួម​តូច ដើម្បី​ជំរុញ​ដល់​ការផ្គត់ផ្គង់​ឈាម​ទៅ​សរីរាង្គ​ក្នុង​ខ្លួន​ដូចជា ខួរក្បាល និង​បេះដូង ឲ្យ​គ្រប់​សិន​។
 
​មាន​ជំងឺ​ច្រើនណាស់​ដែល​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ចុះខ្សោយ ហើយ​រោគសញ្ញា​របស់​វា​ក៏​មាន​ផ្សំ​នូវ​កត្តា​មូលហេតុ​របស់​វា​មក​ជាមួយ​ដែរ​។
 
​នៅពេល​សម្ពាធ​ឈាម​ចុះខ្សោយ​ដោយសារតែ​ចំណុះ​ឈាម​ថយចុះ អ្នកជំងឺ​អាច​នឹង​មាន​អារម្មណ៍​វិលមុខ ឬ​ងងឹតមុខ​ខណៈពេល​កំពុង​តែ​ឈរ ឬ​ងើប​ពី​អង្គុយ​។
​បើសិន​ជា​មូលហេតុ​នៃ​សម្ពាធ​ឈាម​ថយចុះ​ទាក់ទង​នឹង​ការ​ក្រិន​រឹង​របស់​សរសៃឈាម​អា​អ​ក អ្នកជំងឺ​អាច​នឹង​សន្លប់ ឬ​ងងឹតមុខ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ណាមួយ​ខ្លាំងក្លា​។
 
​ទាំង​ជំងឺ​កង្វះ និង​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​សុទ្ធតែអាច​បណ្តាលឲ្យស​ម្ពា​ធ​ឈាម​ថយចុះ​ទាំងអស់ ហើយ​អ្នក​ក៏​អាច​ធ្លាប់មាន​អា​ការៈពាក់ព័ន្ធ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com