អន្តរជាតិ
អាម៉េរិក ចោទយន្តហោះចម្បាំងរុស្ស៊ីធ្វើឱ្យធ្លាក់ដ្រូនខ្លួនទៅក្នុងសមុទ្រខ្មៅ
15, Mar 2023 , 11:49 am        
រូបភាព
យោធាអាម៉េរិក នៅថ្ងៃទី១៤ ខែមីនា បានចោទរុស្ស៊ីធ្វើឱ្យធ្លាក់ដ្រូនចូលទៅក្នុងសមុទ្រខ្មៅ។ យ៉ាងណាមិញ ហេតុការណ៍នេះ ត្រូវបានរុស្ស៊ីច្រានចោល និងអះអាងថា យន្តហោះចម្បាំងខ្លួន មិនបានប៉ះពាល់ដ្រូនអាម៉េរិកដោយផ្ទាល់ ឬបាញ់អាវុធណាមួយដាក់ដ្រូនអាម៉េរិកឡើយ។

 
តាមការបញ្ជាក់របស់បញ្ជាការដ្ឋានអាម៉េរិកនៅអឺរ៉ុប យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿង បានហោះសំដៅទៅរកដ្រូន MQ-9 របស់ខ្លួនដែលកំពុងហោះនៅក្នុងដែនអាកាសអន្តរជាតិ នៅព្រឹកថ្ងៃទី១៤ ខែមីនា។ ប៉ុន្តែក្រោយមក យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានវាយប្រហារកង្ហាររបស់ដ្រូន ដែលធ្វើឱ្យធ្លាក់ទៅក្នុងសមុទ្រខ្មៅ។ 
 
«ជាច្រើនលើកមុនពេលធ្លាក់ យន្តហោះ Su-27 បានចាក់ប្រេងលើ និងហោះពីមុខដ្រូន MQ-9 ដោយព្រហើន និងក្នុងលក្ខខណៈមិនមានជំនាញត្រឹមត្រូវ»។ នាយឧត្តមសេនីយ៍ James B. Hecker មេបញ្ជាការកងទ័ពអាកាសអាម៉េរិកប្រចាំនៅអឺរ៉ុប បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
ក្រោយហេតុការណ៍នេះ ក្រសួងការបរទេសអាម៉េរិក បានកោះហៅអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីតវ៉ា។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានប្រាប់អ្នកសារព័ត៌មានថា អាម៉េរិកកំពុងរក្សាការទាក់ទងដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីបង្ហាញពីការជំទាស់លើសកម្មភាពបង្អាក់ដ្រូនខាងលើ ដែលបង្កឱ្យមានការធ្លាក់ដ្រូនទៅក្នុងសមុទ្រខ្មៅ។ 
 
យ៉ាងណាមិញ រុស្ស៊ីបានបដិសេធការទទួលខុសត្រូវជុំវិញការបង្កឱ្យដ្រូនអាម៉េរិកធ្លាក់។ ក្រោយការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោន ក្រសួងការពារជាតិរុស្ស៊ី បានចេញមុខនិយាយការពារថា ដោយសារបញ្ហាបច្ចេកទេស ដ្រូនMQ-9 របស់អាម៉េរិក បានបាត់បង់ការគ្រប់គ្រងលើការហោះហើរ និងធ្លាក់ទៅក្នុងសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីដដែល យន្តហោះចម្បាំងរុស្ស៊ី មិនបានប៉ះពាល់ជាមួយដ្រូនអាម៉េរិកឡើយ ហើយក៏មិនបានប្រើប្រាស់អាវុធអី្វដែរ និងបានវិលមកមូលដ្ឋានយោធាដោយសុវត្ថិភាព។ 
 
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក John Kirby បានបញ្ជាក់ថា ប្រតិបត្តិការដ្រូនអាម៉េរិក គឺស្ថិតនៅក្នុងដែនអាកាសអន្តរជាតិលើដែនទឹកអន្តរជាតិ និងមិនបានបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។
 
សូមបញ្ជាក់ថា ដ្រូន MQ-9 មានមុខងារពីរ គឺឃ្លាំមើល និងស៊ើបអង្កេត។ ដ្រូនរបស់អាម៉េរិកប្រភេទនេះ បានធ្វើប្រតិបត្តិការលើសមុទ្រខ្មៅជាយូរមកហើយ  ដើម្បីតាមដានសកម្មភាពកងទ័ពជើងទឹករុស្ស៊ី៕ 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com