FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អនុម័តទម្រង់ការប្រកួតថ្មី World Cup 2026 ដោយការប្រកួតកើនដល់ ១០៤ប្រកួត
15, Mar 2023 , 2:52 pm        
រូបភាព
ការប្រកួត World Cup 2026 នឹងមានការប្រកួតកើនឡើងដល់ទៅ ១០៤ប្រកួតលើកដំបូងខុសពីទម្រង់ការប្រកួតចាស់ ដែលមានត្រឹម ៦៤ប្រកួត ស្របតាមការកើនឡើងដល់ ៤៨ក្រុម សម្រាប់ការប្រកួតនេះ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ថ្ងៃទី១៤ ខែមីនា ក្នុងកិច្ចប្រជុំនាទីក្រុង Kigali ប្រទេសរវ៉ាន់ដា។



កំណែទម្រង់ថ្មីសម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៦ ដែលមានសហម្ចាស់ផ្ទះ អាម៉េរិក, កាណាដា និងម៉ិកស៊ិក នឹងក្លាយជាការប្រកួតដំបូងក្នុងប្រវត្តិសាស្ត្រដែលមានក្រុមចូលរួមកើនឡើងដល់ ៤៨ក្រុម។ 
  


ទម្រង់ប្រកួតថ្មីនេះក៏នឹងចាប់ពូលក្រុមនីមួយៗ ដូចទៅការប្រកួតពីមុនៗមកដែរ ដោយ ១ពូល មានចំនួន ៤ក្រុមបញ្ចូលគ្នា ចែកចេញជា​ ១២ពូល។ គម្រោងដំបូងរបស់ FIFA គឺបែងចែក ១៦ពូលមាន ៣ក្រុម ប៉ុន្តែស្ថាប័នបាល់ទាត់ពិភពលោក មានការព្រួយបារម្ភអំពីការគប់គិតខុសច្បាប់ ទើបសម្រេចលុបចោលទម្រង់លេងក្នុងពូលថ្មីនេះ។ 
 
គម្រោងដើមមួយទៀតសម្រាប់ឆ្នាំ ២០២៦ នឹងត្រូវមានត្រឹម ៨០ប្រកួតតែប៉ុណ្ណោះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយបានបង្កើនចំនួនប្រកួតទៅដល់​ ១០៤ប្រកួត ត្រូវបានអនុម័តដោយក្រុមប្រឹក្សា FIFA នាថ្ងៃទី១៤ មីនា​ ខុសពីគ្រោងការចាស់។
 
ការប្រកួតកន្លងមក ក្រុមកំពូលលេខ ១ និងលេខ ២ ពីពូលនីមួយៗឈ្នះកៅអីឡើងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ។ តែក្នុងឆ្នាំ ២០២៦ ក្រុមលេខ ១​ និងលេខ២ ពីពូលនីមួយៗនឹងឈ្នះកៅអីឡើងវគ្គបន្តដដែល ដោយក្នុងនោះ នឹងមានការជ្រើសរើសក្រុមលេខ ៣ល្អចំនួន ៨ក្រុម ដើម្បីបន្ថែមឱ្យគ្រប់ចំនួន ក្រុមចូលទៅកាន់ការប្រកួតវគ្គជម្រុះ ៣២ក្រុម។
  


«ក្រុមប្រឹក្សា FIFA ជាឯកច្ឆ័ន្ធសម្រេចអនុម័តលើការកែប្រែទម្រង់ការប្រកួត FIFA World Cup 2026។ ទម្រង់ដែលបានកែសម្រួលនេះ បានកាត់បន្ថយហានិភ័យនៃការឃុបឃិតគ្នា និងធានាបានថាក្រុមទាំងអស់យ៉ាងហោចណាស់លេងបាន ៣ប្រកួតដូចការប្រកួតកន្លងមក និងទទួលបានពេលវេលាសម្រាកគ្រប់គ្រាន់ដោយតុល្យរវាងក្រុមប្រកួតប្រជែង។»។ នេះបើតាមសេចក្តីប្រកាសរបស់ ​FIFA ក្នុងកិច្ចប្រជុំថ្ងៃទី១៤ មីនា។
 
កំណែទម្រង់ World Cup ដែលមានក្រុមចំនួន ៣២ក្រុម​ បានកែប្រែដំបូងតាំងពីឆ្នាំ ១៩៩៨ ដែលកាលនោះបារាំងជាម្ចាស់ផ្ទះ​ ដោយបែងចែកជា ៨ពូលមាន ក្នុងមួយពូល មាន៤ក្រុម ។ ចំណែកក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ត្រូវលេង៧ប្រកួត ។ ប៉ុន្តែក្នុងឆ្នាំ ២០២៦ ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រនឹងមានចំនួនប្រកួតសរុប ៨ប្រកួត។ 
 
World Cup 2022 ក្នុងប្រទេសកាតា ការប្រកួតប្រើប្រាស់ទម្រង់ចាស់ដែលមាន ៣២ក្រុម និងការប្រកួតសរុបចំនួន ៦៤លើក ក្នុងរយៈពេល ២៩ថ្ងៃ។​ 
 
គួរបញ្ជាក់ថា World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ដោយប្រទេសកាណាដា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈដែលអាម៉េរិកជាលើកទីពីរចាប់ពីឆ្នាំ ១៩៩៤ និងម៉ិកស៊ិកក៏ជាលើកទីពីរចាប់តាំងពីឆ្នាំ ១៩៨៦ ប៉ុន្តែកាលនោះការប្រកួតមានត្រឹមតែ ២៤ក្រុមតែប៉ុណ្ណោះ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com