ជាតិ
អភិបាលខេត្តមណ្ឌលគិរី ឱ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ការចេញលិខិតទិញលក់ដីនៅតំបន់ប៊ូស្រា
15, Mar 2023 , 4:29 pm        
រូបភាព
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។ រូបពី ហ្វេសប៊ុករបស់លោក សាវុន
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។ រូបពី ហ្វេសប៊ុករបស់លោក សាវុន
ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ប្រាប់ទៅអភិបាលស្រុក រួមទាំងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ឱ្យចាត់វិធានការទប់ស្កាត់រាល់សកម្មភាព ទន្ទ្រានដីខុសច្បាប់នៅតំបន់ប៊ូស្រា។ លើសពីនេះ ត្រូវបញ្ឈប់ការចេញលិខិត ទិញលក់ដីនៅតំបន់នោះ។

 
អភិបាលខេត្តមណ្ឌលគិរី បានចេញលិខិតទៅប្រធានក្រុមប្រឹក្សាឃុំប៊ូស្រា អភិបាលស្រុកពេជ្រាដា រួមទាំងប្រធានមន្ទីរ អង្គភាពក្នុងខេត្តទាំងអស់ថា ដីនៅតំបន់ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ត្រូវបានរដ្ឋាភិបាលចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចព្នង​។ ដូច្នេះ  លោក ថង សាវុន ណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់។ 
 
«បញ្ឈប់ជាបណ្ដោះអាសន្ននូវការបញ្ជប់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា»។ អភិបាលខេត្តសង្កត់ធ្ងន់បែបនេះ ទៅកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងខេ្តតខ្លួន ពិសេសអភិបាលឃុំស្រុក តាមរយៈលិខិតខាងលើដែលចេញថ្ងៃទី១៤មីនា។ 
 
ដីនៅតំបន់ប៊ូស្រនោះ កាលពីខែឧសភា ឆ្នាំ២០១១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងក្រសួងមហាផ្ទៃ បានលិខិតមួយស្ដីពីការចាត់វិធានការពារបណ្ដោះអាសន្នដី ដែលជាសហគមន៍ជនជាតិដើមភាគតិច ដែលបានស្នើសុំចុះបញ្ជី។ លុះដល់ខែកញ្ញា ឆ្នាំ២០២០ ដីតំបន់ប៊ូស្រា ក៏ត្រូវបានចុះបញ្ជីជាដីសហគមន៍ជនជាតិដើមភាគតិចព្នង៕ 
 
 

Tag:
 ដីធ្លី
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com