ជាតិ
AMD គាំទ្រយុទ្ធសាស្រ្តបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុកម្ពុជា
15, Mar 2023 , 7:59 pm        
រូបភាព
ដោយ:
គម្រោងស្ដីពីតំបន់ដីសណ្ដអាស៊ី(AMD) ធ្វើឡើងក្នុងបំណងផ្ដួចផ្ដើមស្រាវជ្រាវលើអាហារូបត្ថម្ភ សុខភាព និងសន្តិសុខស្បៀង ជាពិសេសការកាត់បន្ថយភាពក្រីក្រ និងជួយបន្សាំនឹងអាកាសធាតុ ព្រមទាំងជីវចម្រុះតំបន់ដីសណ្ដតាមបណ្ដោយទន្លេ​មេគង្គ។

លោក អូឡេ សានឌ័រ អ្នកដឹកនាំគម្រោងស្ដីពីតំបន់ដីសណ្ដអាស៊ី និងជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ(IRRI) បានលើកឡើងថា គម្រោងនេះ កំពុងគាំទ្រយុទ្ធសាស្រ្តបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុកម្ពុជា ដែលមានខេត្តគោលដៅរួមមាន ខេត្តតាកែវ កណ្ដាល ព្រៃវែង និងស្វាយរៀង។

   លោក អូឡេ សានឌ័រ អ្នកដឹកនាំគម្រោងស្ដីពី តំបន់ដីសណ្ដអាស៊ី និងជាអ្នកវិទសាស្ត្រជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ(IRRI)
 
លោក សានឌ័រ បានបន្ថែមថា អ្វីដែល IRRI បានធ្វើនេះ គឺស្រាវជ្រាវ និងអនុវត្តជាក់ស្ដែង ដើម្បីយកជាភស្តុតាង ដាក់បង្ហាញដល់ដៃគូអភិវឌ្ឍ និងស្ថាប័នអនុវត្តផ្សេងៗ ដូចជា ធនាគារ ADB, ធនាគារពិភពលោក និងកម្មវិធីជាតិផ្សេងៗទៀត។
 
លោក សានឌ័រ បានប្រាប់សារព័ត៌មានថ្មីៗ នៅក្នុងសិក្ខាសាលា លើគម្រោងស្ដីពីតំបន់ដីសណ្ដអាស៊ី នៅសណ្ឋាគា ខេមបូឌីយ៉ាណា ថ្ងៃទី១៤ ខែមីនាថា៖ «ពេលដែលដាក់ចេញនៅផែនការអភិវឌ្ឍផ្សេងៗ គឺត្រូវមានព័ត៌មានជាក់លាក់ និងមានព័ត៌មានបែបស្រាវជ្រាវយកទៅប្រើប្រាស់ និងប្រាប់ដៃគូអភិវឌ្ឍ»។
 
នៅឆ្នាំ២០២២ គម្រោងស្ដីពីតំបន់ដីសណ្ដអាស៊ី មិនត្រឹមតែបង្កើតបាននូវចំណេះដឹងថ្មីៗនោះទេ ថែមទាំងផ្ដល់ធាតុចូលដល់ការផ្លាស់ប្ដូរផ្នែកគោលនយោបាយ នៅក្នុងប្រទេសដែលអនុវត្តគម្រោងនេះទៀតផង។ លោក អូឡេ សានឌ័រ បានបន្ថែមថា គម្រោងនេះ បានផ្ដល់ផលវិជ្ជមានដល់កសិករចំនួន ១៦០០០០នាក់ និងបានបណ្ដុះបណ្ដាលក្នុងសកម្មភាពអភិវឌ្ឍន៍សមត្ថភាពចំនួន ៧០០០នាក់។
 
AMD បានចាប់ផ្ដើមធ្វើឡើងនៅអំឡុងឆ្នាំ២០២២ ដែលដំបូងឡើយធ្វើនៅប្រទេសវៀតណាម បន្ទាប់មកធ្វើនៅបង់ក្លាដេស និងបានធ្វើនៅកម្ពុជា។ សម្រាប់គម្រោងនេះ មានរយៈពេល ៩ឆ្នាំ ដែលបែងចែកជា ៣ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមាន ៣ខែ ។ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ និងនៅឆ្នាំ២០៣០ ជាឆ្នាំត្រូវបញ្ចប់គម្រោងនេះ។ នេះបើតាមលោក អូឡេ សានឌ័រ។
 
លោកស្រី ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ បានលើកឡើងថា គម្រោងស្រាវជ្រាវតំបន់ដីសណ្ដ មានអត្ថប្រយោជន៍ច្រើននៅកម្ពុជា ដោយសារកន្លងមក កម្ពុជា មានបញ្ហានៃការបម្រែបម្រួលអាកាសធាតុជារៀងរាល់ឆ្នាំ។ គម្រោងនេះ នឹងបានជួយដល់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម នៅតាមតំបន់ដីសណ្ដ។
  
លោកស្រី ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ។ រូបភាព៖ IRRI
   
លោកស្រី ចាន់ ផលលឿន បានលើកឡើងថា៖«នៅថ្ងៃនេះ ប្រទេសកម្ពុជា បង់ក្លាដេស និងវៀតណាម បានពិភាក្សាគ្នាជុំវិញតំបន់ដីសណ្ដទន្លេមេគង្គ ដើម្បីរកដំណោះស្រាយ។ បង់ក្លាដេស មិនមានដីសណ្ដ ជាប់ជាមួយយើងទេ តែនៅតំបន់គាត់មានទឹកលិចច្រើន ស្ថានភាពអាចប្រហាក់ប្រហែលគ្នា»។
 
ប្រភេទដីសណ្ដមាន ២ប្រភេទ គឺប្រភេទដីសណ្ដទន្លេសាប និងដីសណ្ដទន្លេមេគង្គ។ ប៉ុន្តែនៅថ្ងៃសិក្ខាសាលានេះ គឺជជែកជុំវិញតែដីសណ្ដទន្លេមេគង្គប៉ុណ្ណោះ។ លោកស្រី ចាន់ ផលលឿន បានបន្ថែមថា គម្រោងស្ដីពីតំបន់ដីសណ្ដនេះ គឺIRRI ជាអ្នកស្វែងរកដៃគូពីខាងក្រៅ ដើម្បីអនុវត្តលើកកម្រោង។
 
លោកស្រី ក៏បានគាំទ្រការចាប់ផ្ដើមដំណើរការគម្រោងស្ដីពីតំបន់ដីសណ្ដអាស៊ីនេះ ក៏ដូចជាសិក្ខាសាលាបង្កើតបណ្ដាញអ្នកពាក់ព័ន្ធចម្រុះ នៅក្នុងខេត្តតាកែវ និងខេត្តព្រៃវែង និងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីផែនទីឆ្លាតវៃ អាកាសធាតុ និងផែនការបន្សាំ សម្រាប់ខេត្តតំបន់ដីសណ្ដ។ ចំណែកAMD ក៏ត្រូវឆ្លើយតបនឹងតម្រូវការរបស់កសិករខ្នាតតូច និងតម្រូវការផ្សេងៗទៀតផងដែរ៕
 
 
 

Tag:
 ដីសណ្ដ
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com