ជាតិ
កូនទន្សោងញីមួយក្បាល ត្រូវបានឆ្កែខាំក្នុងចម្ការអំពៅក្នុងខេត្តកំពង់ស្ពឺ
16, Mar 2023 , 7:59 am        
រូបភាព
កូនទន្សោងញីមួយក្បាលត្រូវឆ្កែខាំក្នុងចម្ការអំពៅក្នុងខេត្តកំពង់ស្ពឺត្រូវបានជួយសង្គ្រោះ
កូនទន្សោងញីមួយក្បាលត្រូវឆ្កែខាំក្នុងចម្ការអំពៅក្នុងខេត្តកំពង់ស្ពឺត្រូវបានជួយសង្គ្រោះ
ដោយ:
ភ្នំពេញ៖ កូនទន្សោងញីអាយុ ប្រហែល៣ខែ ត្រូវបានជួយសង្គ្រោះចេញពីចម្ការអំពៅនៅជាប់ព្រៃសហគមន៍ការពារព្រៃឈើប្រាំបីមុម។ បច្ចុប្បន្ន កូនទន្សោងមួយក្បាលនោះ បានទៅដល់មជ្ឃមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងត្រូវបានគ្រូពេទ្យជំនាញជួយសង្គ្រោះ។

 
នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ គណៈកម្មការសហគមន៍ការពារព្រៃឈើប្រាំបីមុម បានសង្គ្រោះកូនសត្វទន្សោងញីមួយក្បាលពីក្នុងចម្ការអំពៅ ជាប់ព្រៃសហគមន៍។ ស្ថានភាពរបស់កូនទន្សោយនោះ របួសដោយសារឆ្កែខាំជើង ត្រូវជើងខាងឆ្វេង ផ្នែកខាងក្រោយ ។ នេះជាការបញ្ជាក់របស់លោក តឹប គែង ប្រជាសហគមន៍ប្រាំបីមុម។


កូនទន្សោងញី ដែលរងរបួសដោយសារឆ្កែខាំ និងត្រូវបានជួយសង្គ្រោះ។ រូបភាព៖  តឹប គែង ប្រជាសហគមន៍ប្រាំបីមុម
 
បច្ចុប្បន្ន កូនទន្សោងនោះ បានទៅដល់ មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងកំពុងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ។ «ពេលនេះ ក្រុមយើងមិនទាន់អាចផ្ដល់ព័ត៌មានអ្វីបន្ថែមបានទេ ដោយសារត្រូវមើល កូនទន្សោងជាមុនសិន! ស្ថានភាពដូចជាមិនស្រូលទេ»។ នេះជាការលើកឡើងរបស់ លោក ទ្រី ស៊ីថេង ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
 
សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍នេះ អាចជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃ ប្រភេទផ្សេងៗដូចជា ទន្សោង ខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀត៕

Tag:
 ទន្សោង
  ព្រៃសហគមន៍ការពារព្រៃឈើប្រាំបីមុម
© រក្សាសិទ្ធិដោយ thmeythmey.com