អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលី ធ្វើដំណើរនៅហ្វីជីដើម្បីផ្ដល់ការធានាទាក់ទងនាវាមុជទឹកនុយក្លេអ៊ែរ
16, Mar 2023 , 10:31 am        
រូបភាព
លោក អាន់តូនី អាល់បានីស ជួបជាមួយនាយករដ្ឋមន្ត្រីហ្វីជី Sitiveni Rabuka។ រូបថត AFP
លោក អាន់តូនី អាល់បានីស ជួបជាមួយនាយករដ្ឋមន្ត្រីហ្វីជី Sitiveni Rabuka។ រូបថត AFP
ចេញពីអាម៉េរិក នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស បានទៅហ្វីជីថ្ងៃទី១៥ខែមីនាដើម្បីផ្ដល់ការធានាជុំវិញកម្មវិធីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលមានតម្លៃ២៤៥ពាន់លាន​ដុល្លារ​ដែ​លនឹងមិនបំពានលើការសន្យាមិនរីកសាយភាយនុយក្លេអ៊ែរឡើយ។

 
អូស្ត្រាលី ជាភាគីមួយនៃសន្ធិសញ្ញាគ្មាននុយក្លេអ៊ែរជាមួយប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងចំនួន​១២ផ្សេងទៀតរួមទាំងហ្វីជីដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យផ្នែកនុយក្លេអ៊ែរ ដោយសារ​ឥទ្ធិពល​នៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរដោយអាមេរិក និងបារាំងនាពេលកន្លងមក។ បច្ចុប្បន្ន តំបន់នេះក៏ត្រូវមើលឃើញថា ជាទីតាំងប្រទាញប្រទង់រវាងអាមេរិក និងចិនជុំវិញមហិច្ឆតារបស់​ក្រុង​ប៉េកាំង​ក្នុង​ការ​បង្កើនវត្តមានសន្តិសុខ។
 
ក្នុងទស្សនកិច្ចនៅទីក្រុងស៊ូវ៉ា លោក អាន់តូនី អាល់បានីស ជួបជាមួយនាយករដ្ឋមន្ត្រីហ្វីជី Sitiveni Rabuka ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខក្នុងតំបន់ បន្ទាប់ពីអូស្ត្រាលីទើបទទួលបានផែនការនាវាមុជទឹកដើដោយថាមពលនុយក្លេអ៊ែរជាមួយជាមួយអាមេរិក និងចក្រភពអង់គ្លេស។
 
លោក Rabuka បានកោតសរសើលោក អាល់បានីស ចំពោះការជួយជ្រោមជ្រែងហ្វីជីលើការឆ្លើយតបជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការផ្នែកយោធានិងសន្តិសុខ សេដ្ឋកិច្ច គំនិតផ្ដួចផ្ដើមសកម្មភាព​អាកាសធាតុ ការការពារមហាសមុទ្រ និងបរិស្ថានជាដើម។ នេះបើតាមសេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាលហ្វីជី។ 
 
បើតាមមន្ត្រីការពារជាតិរបស់អូស្ត្រាលី អូស្ត្រាលីពិតជាត្រូវកងនាវាមុជទឹកនុយក្លេអ៊ែរជាចាំបាច់ ដើម្បី​ទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ ប្រេសិតពិសេសចិន​ប្រចាំ​តំប​ន់​កោះ​ប៉ាស៊ីហ្វិកលោក Qian Bo ក្នុងខែនេះស្វែងរកការគាំទ្រពីប្រទេសនានាក្នុងតំបន់មានហ្វីជី វ៉ានូទូ ប៉ាពូអាស៊ីនូវែលហ្គីណេ និងកោះសូឡូម៉ុនសម្រាប់ការហ្វឹកហាត់​ផ្នែក​សន្ដិសុខ៕
 
 
 

Tag:
 អូស្ត្រាលី
  ហ្វីជី
© រក្សាសិទ្ធិដោយ thmeythmey.com