ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សម្តេច ហ៊ុន សែន៖ ក្នុងសម័យសាកលភាវូបនីយកម្ម អត្តសញ្ញាណជាតិនឹងបាត់បង់ បើយើងខ្ជីខ្ជា
16, Mar 2023 , 11:12 am        
រូបភាព
អង្គរសង្ក្រាន្តនៅខេត្តសៀមរាប កាលពីឆ្នាំ២០១៧
អង្គរសង្ក្រាន្តនៅខេត្តសៀមរាប កាលពីឆ្នាំ២០១៧
ដោយ: រួបរួម
បន្ថែមលើសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការតម្រង់ទិសតាមក្បួនខ្នាតលើការលេងល្បែងប្រជាប្រិយ និងរបាំនានាទាំងនៅតាមបណ្តាសាលារៀន វត្តអារាម និងកន្លែងផ្សេងៗ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខ។

 
«នៅក្នុងដំណាក់កាលនៃសាកលភារូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់ណាស់ ប្រសិនបើយើងខ្ជីខ្ជា។ មិនមែនជាបញ្ហាលេងសើចទេ»។ ប្រមុខរដ្ឋាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី១៦ ខែមីនា។
 
បើតាមសម្តេច ពិធីបុណ្យចូលឆ្នាំថ្មីជាឱកាសដ៏ល្អក្នុងការពង្រឹងនូវវប្បធម៌របស់ខ្លួនឡើងវិញ តាមរយៈការបង្ហាត់បង្ហាញអំពីក្បួនខ្នាតនៃការលេងល្បែងប្រជាប្រិយ ក៏ដូចជារបាំផ្សេងៗរបស់ខ្មែរ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលឱ្យគ្រឹះស្ថានអប់រំ នាំកុមារ និងសិស្សានុសិស្ស លេងល្បែង និងរបាំប្រជាប្រិយខ្មែរ គឺជាអនុវត្តតាមមតិយោបល់របស់លោក សំបូរ មាណ្ណារ៉ា ទីប្រឹក្សាមួយរូបរបស់សម្តេច។
 
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា សាលារៀនគួរតែមានការបង្ហាត់បង្ហាញអំពីក្បួនខ្នាតផ្សេងៗ តែជាទូទៅមិនមានការប្រារព្ធពិធីបុណ្យចូលឆ្នាំនៅសាលានោះឡើយ ដូច្នេះអ្វីដែលសំខាន់នោះ ទីវត្តអារ៉ាម និងកន្លែងនានា គួរតែមានការតម្រង់ទិស ហើយវិទ្យុ ទូរទស្សន៍ ក៏អាចជាចំណែកមួយផងដែរ។
 
សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែមីនា គឺក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ជំនឿ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ តាមរយៈការលេងល្បែង និងរបាំខ្មែរ នាពិធីអបអរបុណ្យចូលឆ្នាំថ្មី។ ក្រសួងណែនាំគ្រូបង្រៀនតាមគ្រឹះស្ថានអប់រំទាំងអស់ដឹកនាំកុមារ សិស្សានុសិស្ស យុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរមុន និងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ល្បែង និងរបាំទាំងនោះមានដូចជា របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិជាដើម។ ចំពោះល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ រួមទាំងល្បែងប្រជាប្រិយផ្សេងទៀត។
 
ជាមួយគ្នានេះ ក្រសួង ក៏បានលើកឡើងពី ការហាមឃាត់ ដោយទប់ស្កាត់រាល់ការល្បែង ឬរបាំណាដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ការដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាប ម្សៅ ជាដើម។ បន្ថែមពីនេះ អាណាព្យាបាលសិស្ស សហគមន៍ និងអាជ្ញាធរ ត្រូវផ្តល់ព័ត៌មានអំពីការលេងល្បែងអសុវត្ថិភាពទាំងឡាយ ទាំងក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com