ជាតិ
ក្រសួងអប់រំ ជំរុញឱ្យសិស្សអានសៀវភៅ ដើម្បីលើកកម្ពស់ការសិក្សាវប្បធម៌ និងអរិយធម៌ខ្មែរ
16, Mar 2023 , 4:29 pm        
រូបភាព
សិស្សយកសៀវភៅមកអាន នៅក្នុងបណ្ណាល៏យនៃវិទ្យាល័យបរកែវ។ រូបភាព៖ ហេង ស្រីលីន
សិស្សយកសៀវភៅមកអាន នៅក្នុងបណ្ណាល៏យនៃវិទ្យាល័យបរកែវ។ រូបភាព៖ ហេង ស្រីលីន
ភ្នំពេញ៖​ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យសិស្សអាន​សៀវភៅ ដើម្បីលើកកម្ពស់ការសិក្សាវប្បធម៌ និងអរិយធម៌ ។ ក្នុងន័យនេះ លោកគ្រូ អ្នកគ្រូគ្រប់គ្រឹះស្ថានអប់រំ ត្រូវរៀបចំ និងស្វែងរកឯកសារពាក់ព័​ន្ធ ដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្សអាន​ និងខ្ចីយកទៅស្រាវជ្រាវជាដើម។



ក្រសួង តម្រូវឱ្យតាមគ្រឹះស្ថានអប់រំទាំងអស់ រៀបចំយន្តការឱ្យសិស្សចូលអាន និងសិក្សាស្រាវជ្រាវសៀវភៅក្នុងបណ្ណាល័យ ដោយចែកវេន ឬរៀបកាលវិភាគឱ្យបានច្បាស់លាស់។ ទន្ទឹមនឹងនោះ គ្រូបន្ទុកថ្នាក់ ឬគ្រូឯកទេសតាមមុខវិជ្ជា ត្រូវយកចិត្តទុកដាក់លើការចូលអានរបស់សិស្ស និងចែករំលែកចំណេះដឹងដល់សិស្ស។ លើសពីការអានសៀវភៅ សិស្សក៏អាចខ្ចី និងបំផុសឱ្យមានការជាវសៀវភៅ យកទៅអាននៅផ្ទះបាន។ ចំណែក គូ្រ ក៏អាចដាក់ចំណោទបញ្ហា ដូចជាសំណួរ ឬលំហាត់ សម្រាប់ត្រួតពិនិត្យ កែលម្អនាពេលបន្ទាប់ផងដែរ។
 
ជាមួយគ្នានេះ អង្គភាពពាក់ព័ន្ធក្នុងវិស័យអប់រំ ត្រូវជំរុញ និងវាយតម្លៃ លើការសិក្សាខ្លឹមសារវប្បធម៌ អរិយធម៌ខ្មែរ ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ដូចជា ការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រឡងឆមាស និងប្រឡងថ្នាក់ជាតិ ក្នុងមុខវិជ្ជាភាសាខ្មែរនិង អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គមជាដើម។ នេះបើតាមក្រសួងអប់រំ។
 
បន្ថែមពីនេះ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ត្រូវរៀបចំគម្រោងថវិកា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់គ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ដែល គ្មានលទ្ធភាពដើម្បីបម្រើឱ្យការសិក្សាទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាពិសេសត្រូវសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ដោយកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ និងបម្រើឱ្យការសិក្សាវប្បធម៌ អរិយធម៌ខ្មែរឱ្យមានគុណភាព និង និរន្តរភាព៕
 

Tag:
 ThmeyThmey
 ​ ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com