អន្តរជាតិ
សិង្ហបុរី នឹងធ្វើការជាមួយឥណ្ឌូណេស៊ី អាស៊ាន និងUN ដើម្បីជំរុញផែនការសន្តិភាពនៅមីយ៉ាន់ម៉ា
16, Mar 2023 , 7:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជជែកជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (ខាងស្តាំ)។ រូបភាពយកពី Twitter Joko Widodo
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជជែកជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (ខាងស្តាំ)។ រូបភាពយកពី Twitter Joko Widodo
សិង្ហបុរី នឹងធ្វើការជាមួយឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន, បណ្តាប្រទេសអាស៊ាន និងដៃគូផ្សេងទៀត ដូចជាអង្គការសហប្រជាជាតិ ដើម្បីជំរុញផែនការសន្តិភាពនៅមីយ៉ាន់ម៉ា។ លោក លី​ សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែមីនា។

 
វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែបន្តជាប់គាំង ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងស្ថានភាពអាសន្ន។ ការបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បានធ្វើឱ្យការបោះឆ្នោត ដែលយោធាបានសន្យារៀបចំនៅក្នុងឆ្នាំនេះ មានភាពស្រពេចស្រពិល។ ដោយជម្លោះនៅតែបន្តកើតមាន លោក លី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានលើកឡើងជាថ្មីនូវវិបត្តិមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចទៅឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន ក្នុងឆ្នាំ២០២៣។ 
 
«សិង្ហបុរី នឹងបន្តធ្វើការជាមួយឥណ្ឌូណេស៊ី, សមាជិកអាស៊ាន រួមទាំងដៃគូអាស៊ានដូចជាអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការអនុវត្តការឯកភាព៥ចំណុច»។ លោក លី បានសង្កត់ធ្ងន់បែបនេះ បន្ទាប់ពីជំនួបជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែមីនា។ 
 
ក្នុងដំណើរទស្សនកិច្ចទៅឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តីសិង្ហបុរីក៏បានបង្ហាញការសោកស្តាយផងដែរ ចំពោះការអនុវត្តមានភាពយឺតយ៉ាវលើការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាននៅខែមេសា ឆ្នាំ២០២១។ 
 
កន្លងមក មេដឹកនាំបណ្តាប្រទេសអាស៊ានផ្សេង ក៏ធ្លាប់បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា ដែលបន្តជាប់គាំងជាងពីរឆ្នាំមកនេះដែរ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីននៅដើមខែមីនា បានជំរុញឱ្យអាស៊ានដាក់ចេញវិធានការម៉ឹងម៉ាត់ជាងមុន ក៏ដូចជាពិចារណាឡើងវិញលើចំណាត់ការចំពោះមីយ៉ាន់ម៉ា។ 
 
ក្រៅពីបញ្ហាមីយ៉ាន់ម៉ា លោក លី និងវីដូដូ ក៏បានឯកភាពធ្វើការជាមួយគ្នាលើការអភិវឌ្ឍថាមពលកកើតឡើងវិញ រួមទាំងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមក (MOU) ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាលផង។
 
សូមបញ្ជាក់ថា សិង្ហបុរី ជាដៃគូវិនិយោគដ៏ធំមួយរបស់ឥណ្ឌូណេស៊ី បើគិតចាប់តាំងពីឆ្នាំ២០១៤ មក។ នៅក្នុងឆ្នាំ២០២២ ទំហំវិនិយោគសរុបរបស់សិង្ហបុរី នៅឥណ្ឌូណេស៊ី បានកើនដល់ ១៣ពាន់លានដុល្លារ៕ 
 

Tag:
 សិង្ហបុរី
  ឥណ្ឌូណេស៊ី
  អាស៊ាន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com