អន្តរជាតិ
ជប៉ុនសម្រេចលើកចោលការរឹតត្បិតការនាំចេញធាតុកម្រ ៣ប្រភេទទៅកូរ៉េខាងត្បូង
16, Mar 2023 , 5:59 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ជប៉ុន នៅថ្ងៃទី១៦ ខែមីនា បានប្រកាសលើកចោលការរឹតត្បិតការនាំចេញធាតុកម្រ ៣ប្រភេទទៅកូរ៉េខាងត្បូង ដែលជាប្រភេទធាតុកម្រសម្រាប់ផលិតផ្ទាំង Display និង សឺមីកុងឌុចទ័រ (Semiconductor)។ ចំណែកកូរ៉េខាងត្បូង បានសម្រេចដកពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) វិញដែរ។

 
ទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន កាន់តែល្អប្រសើរឡើង ស្របពេលមានការគំរាមកំហែងក្នុងតំបន់ និងបញ្ហាកង្វះបន្ទះឈីបលើពិភពលោក។ ការកែលម្អទំនាក់ទំនងបែបនេះ បានធ្វើឱ្យជប៉ុនសម្រេចលើកចោលការរឹតត្បិតការនាំចេញធាតុកម្រ ៣ប្រភេទទៅកូរ៉េខាងត្បូងទុកសម្រាប់ផលិតផ្ទាំង Display និង សឺមីកុងឌុចទ័រ (Semiconductor)។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានអះអាងថា ការរឹតត្បិតនេះ នឹងលើកចោលក្រោយជំនួបរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
 
ជប៉ុន នៅក្នុងឆ្នាំ២០១៩ បានសម្រេចរឹតត្បិតធាតុកម្រទាំង ៣នេះ ក្រោយប្រទេសទាំងពីរមានភាពតានតឹង ពាក់ព័ន្ធនឹងការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យសង្រ្គាម។ ធាតុកម្រទាំងបីនេះ មានដូចជា សារធាតុ fluorinated polyimide, resist និង hydrogen fluoride។ 
 
ជាការពិត ការដកចោលការរឹតត្បិតធាតុកម្រទាំងបី នឹងជួយកូរ៉េខាងត្បូងផលិតបន្ទះឈីបបន្ថែម ខណៈពិភពលោកកំពុងមានតម្រូវការខ្លាំង។ មុនការបញ្ជាក់របស់ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង លោកប្រធានាធិបតី យូន សុកយ៉ល នៅថ្ងៃទី១៥ ខែមីនា បានប្រកាសពីការកសាងរោងចក្របន្ទះឈីបដ៏ធំជាងគេបំផុត ដែលមានការវិនិយោគប្រមាណ​ ២៣០ពាន់លានដុល្លារពីក្រុមហ៊ុន Samsung Electronics។ 
 
ក្រោយការប្រកាសខាងលើ រដ្ឋាភិបាលក្រុងសេអ៊ូល បានសម្រេចប្រកាសដកពាក្យបណ្តឹងពីអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញធាតុកម្រទាំងបីប្រភេទដែរ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប្រទេសទាំងពីរ គ្រោងចរចាលើការដាក់ប្រទេសជិតខាងទាំងពីរក្នុងបញ្ជីភាពជាដៃគូពាណិជ្ជកម្មដ៏ទុកចិត្តឡើងវិញផង។ 
 
សូមបញ្ជាក់ថា ការប្រកាសនេះ ធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់លោក យូន នៅក្នុងក្រុងតូក្យូ ដើម្បីជជែកជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ជុំវិញការកែលម្អទំនាក់ទំនងឡើងវិញ បញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត៕ 
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com