កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ Man United បន្តទៅវគ្គបន្ទាប់ ចំណែក Arsenal ចាញ់ Sporting របូតពានបន្ថែមទៀត
17, Mar 2023 , 10:29 am        
រូបភាព
Manchester United បន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Europa League បន្ទាប់ពីខ្សែប្រយុទ្ធ Marcus Rashford រកបាន ១គ្រាប់នៅទឹកដីអេស្ប៉ាញឈ្នះដោយលទ្ធផល ១-០ នៃជំនួបជើងទីពីរ។ ចំណែក Arsenal របូតពានបន្ថែមទៀតក្រោយប្រកួតចាញ់ Sporting CP ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣ ។



បិសាចក្រហមជាក្រុមមកពីអង់គ្លេសតែមួយគត់ ដែលនៅបន្តដំណើរក្នុងការប្រកួតប្រជែងពានរង្វាន់ Europa League បន្ទាប់ពីបានទម្លាក់ក្រុមអេស្ប៉ាញ Real Betis សរុបលទ្ធផលពីរជើង ៥-១។ កាលនៅទឹកដី Old Trafford Man United យកឈ្នះដោយលទ្ធផល ៤-១។ មកដល់ពេលនេះ Man United ជាក្រុមស្ថិតនៅកំពូលតារាង Premier League តែមួយគត់ដែលកំពុងតែមានប្រៀបប្រជែងពានរង្វាន់លើសក្រុមផ្សេងនៅលីគអង់គ្លេសជាមួយគ្នា ដែលមានពានរង្វាន់ ៣ត្រូវដណ្តើម បន្ទាប់ពីខ្លួនបានឈ្នះពាន EFL Cup កាលពីខែកុម្ភៈរួចមក។
  


ចំណែក Arsenal ត្រូវខកចិត្តធ្លាក់ចេញពីការប្រជែងពានរង្វាន់មួយបន្ថែមទៀត ក្រោយចាញ់ការប្រកួតក្រុម Sporting CP របស់ព័រទុយហ្កាល់ ដោយលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៥-៣ បន្ទាប់ពីលទ្ធផលប្រកួតទាំង ពីរជើងស្មើ ៣-៣។
 
Europa League ជាពានរង្វាន់បន្ទាប់ពី Premier League ដែល Arsenal កំពុងតែប្រជែងក្រោយពីបរាជ័យក្នុងពានរង្វាន់នានា ក្នុងប្រទេសអង់គ្លេសរួចមករួមមាន FA Cup និង EFL Cup។ ក្រោយបន្តរបូតពានរង្វាន់ ១បន្ថែមទៀតនេះ ធ្វើឱ្យ Arsenal នៅសល់តែការប្រជែងពាន ​Premier League ដែលពួកគេខកខានឈ្នះជិត ២០ឆ្នាំមួយតែប៉ុណ្ណោះ។​
  


ចំណែកការប្រកួតក្រុមដទៃផ្សេងទៀត Juventus ឈ្នះកៅអីវគ្គបន្ទាប់ ក្រោយបំបាក់ Freiburg លទ្ធផលសរុបទាំងពីរជើង ៣-០។ Union Berlin ធ្លាក់ចេញពីការប្រកួតដូចគ្នា ដែលជាក្រុមមកពីអាល្លឺម៉ង់ទីពីរ ក្រោមថ្វីជើងក្រុម Union St.Gilloise លទ្ធផល ៣-០ និងសរុបទាំងពីរជើង ៦-៣។
 
Sevilla បន្តដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ បើទោះរងបរាជ័យលទ្ធផល ១-០ នៅទឹកដីតួកគី ប៉ុន្តែកាលជើងទីមួយក្រុមមកពីអេស្ប៉ាញបានយកឈ្នះលទ្ធផល ២-០ ជាផលចំណេញប្រៀបជាង Fenebahce។
 
Feyenoord លុត Shakhtar Donetsk ៧-១ នៅទឹកដីហូឡង់ និងសរុបលទ្ធផលពីរជើង ៨-២។
Bayer Leverkusen ឈ្នះ Ferencvaros លទ្ធផល ២-០ និងសរុបទាំងពីជើង ៤-០។
AS Roma របស់លោក Jose Mourinho បន្តដំណើរបន្តដូចគ្នាក្រោយបានយកឈ្នះលើ Real Sociedad សរុបទាំង ២ជើង ២-០។ ការប្រកួតជើងទីពីរស្មើ ០-០៕
 

Tag:
 Manchester United
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com