អន្តរជាតិ
កូរ៉េខាងជើងថា ការបាញ់មីស៊ីលអន្តរទ្វីបជាការឆ្លើយតបនឹងសមយុទ្ធរបស់កូរ៉េខាងត្បូង-អាម៉េរិក
17, Mar 2023 , 3:18 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែមីនា បានអះអាងថា ការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ជាការបំភ័យសត្រូវ ស្របពេលកូរ៉េខាងត្បូង និងអាម៉េរិក កំពុងធ្វើសមយុទ្ធយោធាដ៏ធំជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។

 
កូរ៉េខាងជើង នៅថ្ងៃទី១៦ ខែមីនា បានបាញ់មីស៊ីល Hwasong-17 ទៅសមុទ្រខាងកើត។ មីស៊ីលប្រភេទនេះ បានហោះបានកម្ពស់ ៦០៧៥គីឡូម៉ែត្រ និងហោះបានចម្ងាយ ១ពាន់គីឡូម៉ែត្រ។ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏បានត្រួតពិនិត្យលើការបាញ់មីស៊ីលអន្តរទ្វីប ដែលត្រូវបានហាមឃាត់ដោយសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះផង។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA ការបាញ់មីស៊ីលខាងលើ មិនបានប៉ះពាល់សន្តិសុខដល់ប្រទេសជិតខាងឡើយ។ យ៉ាងណាមិញ លោកគីម បានចាត់ទុកសកម្មភាពយោធានោះ ជាការបំភ័យសត្រូវ។ 
 
«ការបាញ់អាវុធយុទ្ធសាស្រ្តនេះ បង្ហាញពីការព្រមានដល់សត្រូវ ដែលចង់ធ្វើឱ្យមានការរីកសាយនៃភាពតានតឹងលើឧបទ្វីបកូរ៉េ»។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង បានបញ្ជាក់បែបនេះ ដោយបន្តថា សត្រូវរបស់ខ្លួន នៅតែបន្តឆ្លើយតបដោយគ្មានការទទួលខុសត្រូវ និងការគំរាមកំហែងយោធា។ 
 
ការអះអាងបែបនេះ ធ្វើឡើងស្របពេលអាម៉េរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាដ៏ធំក្នុងរយៈពេល ៥ឆ្នាំ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ សមយុទ្ធ Freedom Shield 23 នឹងធ្វើឡើងរយៈពេល ១១ថ្ងៃ។
 
សូមបញ្ជាក់ថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ជាមីស៊ីលដ៏ធំមួយរបស់កូរ៉េខាងជើង ដែលត្រូវបានជឿថា អាចវាយប្រហារបានគ្រប់កន្លែងនៅក្នុងដីអាម៉េរិក៕ 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com