ជាតិ
សម្ដេច ហ៊ុន សែន ៖ ការតាំងពិព័រណ៌សិល្បៈវប្បធម៌វិលជុំ ជានិន្នាការថ្មី ទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់
17, Mar 2023 , 3:40 pm        
រូបភាព
ការតាំងពិព័រណ៌វត្ថុ និងសិល្បៈវប្បធម៌វិលជុំ គឺជានិន្នាការថ្មីមួយ ក្នុងការទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់។ សម្ដេច មើលឃើញពីភាពវិជ្ជមានបែបនេះ នៅក្នុងពិធីទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ នារសៀលថ្ងៃទី១៧ មីនា នៅវិមានសន្តិភាព។



សម្ដេច ហ៊ុន សែន បានបន្ថែមថា ការតាំងពិព័រណ៍នេះ ក៏ជាយន្តការមួយដែលបានផ្សព្វផ្សាយវប្បធម៌នៃប្រទេសសាមីផង និងជាការឱកាសសម្រាប់ប្រជាជននៃបណ្តាប្រទេសដែលនៅឆ្ងាយៗពីគ្នា អាចបានទស្សនានូវស្នាដៃសិល្បៈ ,បញ្ញាញាណច្នៃប្រឌិតរបស់បុព្វជននៃសម័យបុព្វកាល ជាពិសេសជំរុញនូវចំណង់ចិត្ត ពួកគេឱ្យមកទស្សនាដោយផ្ទាល់នៅក្នុងប្រទេសដែលជាប្រភពដើមតែម្តង។
 
ប្រមុខរដ្ឋាភិបាល បានថ្លែងដូច្នេះថា «ជាការពិតការផ្លាស់ប្តូរអ្នកជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិពរណ៌វត្ថុ សិល្បៈ វប្បធម៌វិលជុំជាផ្លូវការតាមបណ្តាប្រទេសនានា ការខ្ចីដាក់តាំងវត្ថុសិល្បៈរយៈពេលវែងរវាងសារមន្ទីរ និងសារមន្ទីរ មិនត្រឹមតែជាយន្តការនិងនិន្នាការថ្មីមួយដែលអាចជួយទប់ស្កាត់នូវការជួញដូរខុសច្បាប់វត្ថុបុរាណនៃបណ្តាប្រទេសដែលរងគ្រោះនៅលើទីផ្សារអន្តរជាតិ» ។
 
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើម មកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល។
 
សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំរបស់ក្រុមការងារក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សក្កុណា ដែលបានប្រឹងប្រែងធ្វើការងារនេះអស់ជាច្រើនឆ្នាំ ប្រកបដោយការព្យាយាមអត់ធ្មត់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៍ខ្មែរ ដែលបានបាត់បង់កន្លងមក​ ឱ្យវិលមកកាន់ប្រទេសកំណើតវិញ ។ ក្នុងនោះរួមមានការចរចារ និងយោគយល់គ្នា រវាងក្រុមគ្រួសាររបស់លោក Douglas Lacthford សារមន្ទីអន្តរជាតិ និងអ្នកកាន់កាប់សមុច្ច័យឯកជនមួយចំនួនទៀតផង។
 
កាលពីថ្ងៃទី១៧ កុម្ភៈ គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា ដោយក្រុមការងារកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក ៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com