អន្តរជាតិ
ប៉ូឡូញ ជាសមាជិកអង្គការណាតូដំបូងគេដែលប្រកាសបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន យន្តហោះ MiG 29។ រូបភាព AFP
× ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅថ្ងៃទី១៦ ខែមីនា បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាសូវីនឹងបញ្ជូនយន្តហោះចម្បាំងប្រភេទ MiG-29 ចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន។ ការបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែននេះ ជាការបញ្ជូនយន្ថហោះចម្បាំងលើកដំបូងដោយប្រទេសសមាជិកអង្គការណាតូ។
ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងនៅខែកុម្ភៈឆ្នាំ២០២២មក រដ្ឋាភិបាលអ៊ុយក្រែនបានស្នើម្តងហើយម្តងទៀត ដល់សម្ព័ន្ធមិត្តលោកខាងលិច ឱ្យបញ្ជូនយន្តហោះចម្បាំងទៅឱ្យខ្លួនទប់នឹងរុស្ស៊ី ជាពិសេសយន្តហោះចម្បាំងទំនើប F-16 របស់អាម៉េរិក។ យ៉ាងណាមិញ កន្លងមកគ្មានប្រទេសលោកខាងលិចណាមួយបានប្រកាសផ្តល់យន្តហោះចម្បាំងដល់ទីក្រុងកៀវឡើយ។
ជាសមាជិកអង្គការណាតូដែលប្រកាសបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនដំបូងគេបង្អស់ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅថ្ងៃទី១៦ ខែមីនា បានប្រាប់អ្នកកាសែតថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំងអភិវឌ្ឍដោយសហភាពសូវៀត ដែលដំណើរការពេញលេញចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន។
យន្តហោះចម្បាំងដែលប៉ូឡូញគ្រោងនឹងបញ្ជូនទៅគឺជាយន្តហោះប្រភេទ MiG-29។ បើទោះបីជាយន្តហោះចម្បាំងប្រភេទនេះស្ថិតនៅក្នុងប្រតិបត្តិការរយៈពេលចុងក្រោយក្តី ប៉ុន្តែលោក Duda បានបញ្ជាក់ថាវានៅដំណើរការពេញលេញនៅឡើយ។ ម្យ៉ាងកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបើកយន្តហោះប្រភេទនេះផងដែរ។
«យន្តហោះ MiG ទាំងនេះនៅតែដំណើរការនៅក្នុងកងកម្លាំងទ័ពអាកាសប៉ូឡូញ។ យន្តហោះទាំងនេះស្ថិតនៅក្នុងប្រតិបត្តិការរយៈពេលចុងក្រោយ ប៉ុន្តែនៅតែមានសមត្ថភាពបំពេញការងារពេញលេញ»។ លោក Duda បានលើកឡើងបែបនេះ មុនបន្ថែមថា យន្តហោះទាំងនេះ អាចឱ្យអាកាសយានិកអ៊ុយក្រែនធ្វើប្រតិបត្តិការភ្លាមៗដោយមិនចាំបាច់មានការហ្វឹកហ្វឺនបន្ថែម។
ការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន បានគូសបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍដ៏សំខាន់មួយនៅក្នុងជម្លោះរវាងអ៊ុយក្រែននឹងរុស្ស៊ី ហើយនឹងជំរុញការការពាររបស់ទីក្រុងកៀវប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ី និងការវាយប្រហារដោយយន្តហោះដ្រូន។ លើសពីនេះ ប៉ូឡូញបានកំពុងខិតខំបញ្ជូនឧបករណ៍បន្ថែមទៀតទៅកាន់អ៊ុយក្រែន និងបញ្ចុះបញ្ចូលប្រទេសលោកខាងលិចផ្សេងទៀត ឱ្យធ្វើតាមខ្លួនដែរ។
ក្រោយការប្រកាសបញ្ជូនយន្តហោះនេះ អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់បាននិយាយថា អ៊ុយក្រែនអរគុណដល់សម្ព័ន្ធមិត្តខ្លួន។ លើសពីនេះ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuriy Ignat បានលើកឡើងថា យន្តហោះMiG នឹងមិនបំពេញភារកិច្ចបានទាំងស្រុងឡើយ ដោយអះអាងថា អ៊ុយក្រែនត្រូវការ យន្តហោះ F-16។ យ៉ាងណាមិញ លោកក៏បានគូសបញ្ជាក់ថា យន្តហោះMiG នឹងជួយពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសអ៊ុយក្រែនបន្ថែម៕
Tag:
ប៉ូឡូញ
ណាតូ
អ៊ុយក្រែន
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com