ជាតិ
សត្វស្លាបនៅទួលព័ន្ធតាឡី ងាប់តិចក្នុងរដូវប្រាំងឆ្នាំនេះ
17, Mar 2023 , 7:00 pm        
រូបភាព
រូបភាព៖ លោក នួន សារ៉េត
រូបភាព៖ លោក នួន សារ៉េត
ដោយ:
ភ្នំពេញ៖ រដូវប្រាំងឆ្នាំនេះសត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ងាប់តិចតួចប៉ុណ្ណោះ បើធៀបទៅឆ្នាំមុនៗ។ មូលហេតុដែលសត្វនៅទីនេះ ងាប់តិច ព្រោះកត្តាអាកាសធាតុអំណាយផល
និងគ្មានការចម្លងដោយជំងឺ។



សត្វស្លាប តែងងាប់ច្រើន ក្នុងអំឡុងរដូវប្រាំង។ ជាក់ស្ដែងតំបន់ការពារសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍នៅរដូវប្រាំងតែងមានសត្វស្លាបងាប់ជាប្រចាំ ឆ្នាំខ្លះងាប់រហូតដល់ការប្រកាសអាសន្នក៏មានដែរ។ 
 
លោក នួន សារ៉េតអនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍បានប្រាប់សារព័ត៌មានThmeyThmey25ថា នៅរដូវប្រាំងឆ្នាំនេះសត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ ងាប់តិចតួចមិនមានចោទជាបញ្ហាឡើយ។  
 
លោក នួន សារ៉េត  បានបន្ថែមថា ក្រុមការងាររបស់អង្គការWCS តែងចុះយកសំណាកជាប្រចាំ ដើម្បីយកលាមកទៅពិនិត្យ  ដែលលទ្ធផលបានបង្ហាញថា គ្មានបញ្ហាអ្វីឡើយ ដោយ ឆ្នាំនេះសត្វងាប់ទៅតាមធម្មជាតិរបស់សត្វប៉ុណ្ណោះ។
  

សត្វនៅក្នុងតំបន់ការពារសត្វស្លាបទួលព័ន្ធតាឡី បឹងស្នេហ៍។_ រូបភាព៖ លោក នួន សារ៉េត

លោកពន្យល់ដូច្នេះ៖ « ឆ្នាំនេះសត្វងាប់តិចណាស់។ ក្នុងរដូវប្រាំងនេះមួយថ្ងៃមានមួយ ឬពីរក្បាលប៉ុណ្ណោះ ភាគច្រើនជាសត្វចាស់ៗ យើងសប្បាយចិត្ត នេះសញ្ញាល្អ។ យើងចង់បានបែបនេះរាល់ឆ្នាំ»។
 
បើតាម លោក នួន សារ៉េត បច្ចុប្បន្នសត្វស្លាបរស់នៅសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ កើនកាន់តែច្រើន ដែលនេះអាចបញ្ជាក់ថា តំបន់នេះ មានសុវត្ថិភាពសម្រាប់សត្វស្លាប ។
ជាមួយគ្នានេះ លោក នួន សារ៉េត នឹងប្រឹងប្រែងផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យពលរដ្ឋកាន់តែយល់ដឹងពីការការពារសត្វស្លាប។
  

សត្វនៅក្នុងតំបន់ការពារសត្វស្លាបទួលព័ន្ធតាឡី បឹងស្នេហ៍។_ រូបភាព៖ លោក នួន សារ៉េត

អនុប្រធានសហគមន៍ លោក នួន សារ៉េត អះអាងថា៖ «កាលពីមុនកសិករខ្លះនៅជាប់តំបន់នេះប្រើថ្នាំគីមីតែពេលនេះកាត់បន្ថយខ្លះហើយ។ យើងនៅតែបារម្ភនៅពេលសត្វទៅរកស៊ីកន្លែងឆ្ងាយវាអាចគ្មានសុវត្ថិភាព។ អ្វីដែលយើងអាចធ្វើបានគឺ មានតែការផ្សព្វផ្សាយបន្ថែមដើម្បីឱ្យពលរដ្ឋបានយល់កាន់តែច្រើនជាងនេះ»។
 
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ដោយសារជំងឺផ្ដាសាយបក្សីបង្កពីវិរុស A/H1N5 ចាប់ពីថ្ងៃទី១៧ មីនា ដល់ថ្ងៃទី៥ មេសា មានករណីសត្វស្លាបងាប់ ចំនួន ១ ៧៩០ក្បាល ក្នុងនោះភាគច្រើនជាសត្វចង្កៀលខ្យង។ ចំណែកឯ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៩ ដល់៣០ ខែមីនា សត្វស្លាបចំនួន ៦១៧ក្បាល បានងាប់៕

Tag:
 ខេត្តព្រៃវែង
 សត្វស្លាប
  ទួលព័ន្ធតាឡី
© រក្សាសិទ្ធិដោយ thmeythmey.com